លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន៖ «រាល់ការលះបង់របស់វីរសិល្បករ-សិល្បការិនីក្នុងអតីតកាល មិនត្រូវបានបំភ្លេចឡើយ ប៉ុន្តែត្រូវបានលើកតម្កើងជាគំរូសម្រាប់កូនចៅជំនាន់ក្រោយ»
10-04-2026 11:22
(ភ្នំពេញ)៖ មជ្ឈដ្ឋានសិល្បៈខ្មែរបានជួបជុំគ្នាក្នុងបរិយាកាសដ៏មហានក្ខត្តឫក្ស និងពោរពេញដោយក្តីរំភើប កាលពីល្ងាចថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦នេះ នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រោមការផ្តួចផ្តើមរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ ក្នុងកម្មវិធីមួយមានឈ្មោះថា «ពិធីរំលឹកគុណសិល្បកររៀមច្បង និងពិសារអាហារសាមគ្គី» ត្រូវបានរៀបចំឡើងយ៉ាងអធិកអធម ដើម្បីតបស្នងសងគុណដល់មាតា បិតា និងវីរសិល្បករ ដែលជាអ្នកបន្តដង្ហើមព្រលឹងជាតិ។ នេះគឺជាវេទិកានៃកតញ្ញូតាធម៌ ដែលលោកជំទាវអ្នកឧកញ៉ាប្រធាន បានផ្តល់តម្លៃខ្ពស់បំផុតដល់សិល្បកររៀមច្បង។ រាល់ការលះបង់របស់ពួកគាត់ក្នុងអតីតកាល មិនត្រូវបានបំភ្លេចឡើយ ប៉ុន្តែត្រូវបានលើកតម្កើងជាគំរូសម្រាប់កូនចៅជំនាន់ក្រោយ។ ជាពិសេសសិល្បៈមានឫសកែវពីអតីតកាល រីកសាយភាយនៅបច្ចុប្បន្ន និងរឹងមាំសម្រាប់អនាគត។
ម្យ៉ាងទៀត រូបភាពនៃការពិសារអាហារសាមគ្គី បានបង្ហាញពីភាពស្និទ្ធស្នាល គ្មានការប្រកាន់មជ្ឈដ្ឋាន ឬជំនាន់។ ដ្បិតការរៀបចំបានត្រឹមតែមួយផ្នែកនៃចំនួនសិល្បករ ដោយអាស្រ័យលើលទ្ធភាពជាក់ស្ដែង តែវាក៏ជាការចងក្រងកម្លាំងសាមគ្គី ដើម្បីរួមគ្នាការពារ និងអភិវឌ្ឍវិស័យសិល្បៈវប្បធម៌ខ្មែរឱ្យកាន់តែរុងរឿងផងដែរ។ ស្នាមញញឹម និងទឹកភ្នែកនៃក្តីរំភើបរបស់សិល្បករជើងចាស់ បានសបញ្ជាក់ថា សមាគមសិល្បករខ្មែរ គឺជា «បង្អែកដ៏រឹងមាំ» និងជា «ជម្រកដ៏ត្រជាក់» សម្រាប់អ្នកសិល្បៈគ្រប់រូប។ សកម្មភាពដ៏ថ្លៃថ្លានេះ មិនត្រឹមតែជាការរំលឹកគុណប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបណ្តុះស្មារតីយុវជនបន្តវេន ឱ្យស្គាល់ពីតម្លៃនៃឫសគល់វប្បធម៌ និងការចេះជួយគ្នាទៅវិញទៅមកក្នុងនាមជាគ្រួសារខ្មែរតែមួយ។
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ នៅក្នុងឱកាសនៃការជួយជុំដ៏ប្រសើរនោះ បានសម្ដែងការគោរពកោតសរសើរ និងដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះវីរសិល្បករទាំងអស់ចំពោះពលិកម្មក្នុងបុព្វហេតុថែរក្សា ការពារ និងលើកតម្កើងកិត្យានុភាព នៃវិស័យសិល្បៈវប្បធម៌ជាតិ។ ជាកិច្ចតបស្នង លោកជំទាវអ្នកឧកញ៉ាប្រធាន ក៏បានជម្រាបជូនបន្ថែមទៀត នូវកិច្ចការងារសំខាន់ៗដែលសមាគមកំពុងធ្វើ និងការគាំពាររបស់សមាគមសិល្បករខ្មែរ ចំពោះបងប្អូនសិល្បករទាំងអស់ ជាពិសេសការធានារ៉ាប់រងលើសុខភាព ឬអាយុជីវិតជាដើម។
បើតាមលោកជំទាវប្រធាន ការគិតគូរពីសុខទុក្ខសិល្បកររៀមច្បង គឺជាការងារអទិភាពមួយ ក្នុងចំណោមការងារអាទិភាពចម្បងៗជាច្រើនផ្សេងទៀត របស់សមាគមសិល្បករខ្មែរ នៅក្នុងអាណត្តិទី៦នេះ ព្រោះសមាគមបានដឹងយ៉ាងប្រាកដថា ការកសាងគ្រឹះសិល្បៈ វប្បធម៌ ឬអត្តសញ្ញាណជាតិមួយមានភាពរឹងមាំ គង់វង្សទៅបាន គឺផ្តើមចេញពីមរតកដ៏ថ្លៃថ្លារបស់លោកគ្រូ អ្នកគ្រូ សិល្បកររៀមច្បងនេះហើយ។
ថ្វីត្បិតថានៅពេលនេះ យើងមិនទាន់មានលទ្ធភាពអាចជួយបានច្រើន ទៅតាមបំណងដែលចង់បាន ប៉ុន្តែយ៉ាងណាយើងទាំងអស់គ្នា នឹងព្យាយាមត្រួសត្រាយបន្ថែមទៀតនៅពេលខាងមុខ។
ផ្តើមចេញពីការនឹកគិតដល់គុណូបការៈនេះហើយ ទើបជាក់ស្តែងនៅថ្ងៃនេះ ពួកយើងទាំងអស់គ្នារៀបចំកម្មវិធី រំឭកគុណគ្រូ សិល្បកររៀមច្បង នេះឡើង ដោយបានរៀបចំនូវថវិកាមួយចំនួន មកគោរពជូនអ្នកមានគុណូបការៈទាំងអស់គ្នា ដើម្បីបង្ហាញពីទឹកចិត្ត សេចក្តីគោរព និងការដឹងគុណ។
ទោះបីជាអំណោយទាំងនេះ មិនអាចប្រៀបធៀបនឹងការលះបង់ដ៏ធំធេងរបស់ពុកម៉ែបានក្តី ប៉ុន្តែវាជាសញ្ញាបញ្ជាក់ពីការយកចិត្តទុកដាក់ និងការចងចាំជានិច្ចពីអ្នកជំនាន់ក្រោយ។ ពិសេស ចង់ពញ្ញាក់អារម្មណ៍បងប្អូនប្រជាជាតិកម្ពុជាទាំងអស់ថា ការយកចិត្តទុកដាក់ចំពោះបុព្វបុរស សិល្បកររៀមច្បងនេះ មិនមែនជាកាតព្វកិច្ចដាច់ដោយឡែករបស់ថ្នាក់ដឹកនាំ ឬស្ថាប័នកំពូលរបស់ជាតិទេ តែនេះ គឺជាកាតព្វកិច្ចរួម ដោយផ្តើមចេញពីយើងម្នាក់ៗ។ លោកជំទាវអ្នកឧកញ៉ាប្រធាន ក៏សូមគោរពជូនពរដល់លោកគ្រូ អ្នកគ្រូ និងសិល្បកររៀមច្បងទាំងអស់ មានសុខភាពល្អបរិបូរណ៍ និងជាម្លប់ដល់កូនចៅជានិរន្តរ៍៕












































