ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ចូលរួមកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនាលើកទី៩ និងទិវាព្រះពុទ្ធសាសនាអន្តរជាតិ ឆ្នាំ២០២៦ នៅប្រទេសជប៉ុន
10-04-2026 12:36
(ជប៉ុន)៖ លោក ជុំ សុន្ទរី ឯកអគ្គរាជទូតតែងតាំង នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានចូលរួមពិធីបើកកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនាលើកទី៩ និងការប្រារព្ធទិវាព្រះពុទ្ធសាសនាអន្តរជាតិ ឆ្នាំ២០២៦ ដែលបានរៀបចំឡើងនៅទីក្រុងកូបេ ខេត្តហ្សូហ្គោ ប្រទេសជប៉ុន នៅថ្ងៃទី៧ និងទី៨ ខែមេសា ឆ្នាំ២០២៦ តាមការអញ្ជើញរបស់វត្ត Nenbutsushu Sampozan Muryojuji។
ក្នុងឱកាសពិធីបើកកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនាលើកទី៩ ដែលបានប្រារព្ធឡើងក្នុង «សាលសន្និសិទ ព្រះពុទ្ធសាសនាអន្តរជាតិជាព្រះកិត្តិយស់ដល់ព្រះករុណាព្រះមហាក្សត្រ នរោត្តម សីហនុ របស់កម្ពុជា» លោកអគ្គរាជទូត មានកិត្តិយសបានជួបពិភាក្សាជាមួយ ព្រះគ្រូ បណ្ឌិត Kori Shinkai ប្រធានកិច្ចប្រជុំ កំពូលព្រះពុទ្ធសាសនា និងជាចៅអធិការនៃវត្ត Nenbutsushu។
ក្នុងឱកាសនោះ លោកអគ្គរាជទូត បានជំរាបពីការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូន ចំពោះកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនាលើកទី៩ និងទិវាព្រះពុទ្ធសាសនាអន្តរជាតិ ឆ្នាំ២០២៦។
លោកអគ្គរាជទូត បានសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់ចំពោះភាពដឹកនាំផ្នែកសាសនារបស់ព្រះគ្រូ បណ្ឌិត Kori Shinkai និងបានសរសើរដល់តួនាទីសំខាន់របស់ព្រះតេជគុណក្នុងការលើកកម្ពស់សាមគ្គី ភាពរវាងប្រពៃណីព្រះពុទ្ធសាសនានានា និងការលើកកម្ពស់កិច្ចសន្ទនាដើម្បីសន្តិភាព និងភាពសុខដុម រមនារវាងបណ្តាប្រទេសនានា។ លោកបានបញ្ជាក់ថា កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា គឺជាវេទិកា សំខាន់មួយដែលប្រមូលផ្តុំប្រាជ្ញា មេត្តាករុណា និងតម្លៃរួម ដើម្បីជាប្រយោជន៍ដល់មនុស្សជាតិទាំងមូល។
ក្នុងនាមជាប្រទេសមួយដែលព្រះពុទ្ធសាសនាបានចាក់ឫសគល់ជ្រៅទៅក្នុងវប្បធម៌ និងអត្តសញ្ញាណ ជាតិ កម្ពុជា វាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមបែបនេះ ដែលជួយពង្រឹងសាមគ្គីភាពក្នុងសហគមន៍ព្រះ ពុទ្ធសាសនាពិភពលោក។ លោកបានបញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការពង្រឹងកិច្ច សហប្រតិបត្តិការជាមួយកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា ដើម្បីលើកកម្ពស់សន្តិភាព ការយល់ដឹងរួម និង ភាពសុខដុមរមនា។
នៅក្រៅកម្មវិធី លោក ជុំ សុន្ទរី បានផ្តល់សម្ភាសន៍ជូនគណៈកម្មការរៀបចំ ដោយចែករំលែកទស្សនៈ លើប្រធានបទសំខាន់បី៖
១៖ អំពីកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនាលើកទី៩
លោកបានពិពណ៌នាថា កិច្ចប្រជុំនេះជាការប្រមូលផ្តុំដ៏មានអត្ថន័យ ដែលបង្ហាញពីសាមគ្គីភាពរវាង ប្រពៃណីព្រះពុទ្ធសាសនានានា ដោយផ្តោតលើការប្តេជ្ញាចិត្តរួមចំពោះសន្តិភាព មេត្តាករុណា និងការ យល់ដឹងគ្នាទៅវិញទៅមក។ លោកបានបញ្ជាក់ថា ព្រះពុទ្ធសាសនា នៅតែមានតួនាទីសំខាន់ក្នុងការ លើកកម្ពស់ភាពសុខដុមរមនា និងភាពអត់ធ្មត់ ជាពិសេសនៅកម្ពុជា ហើយបានបង្ហាញការជឿជាក់ថា កិច្ចប្រជុំនេះនឹងមានការចូលរួមវិជ្ជមានចំពោះសន្តិភាពពិភពលោក និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
២៖ អំពីសុន្ទរកថាគន្លឹះ
លោកអគ្គរាជទូត បានលើកឡើងថា សុន្ទរកថាគន្លឹះដែលបានថ្លែងក្នុងពិធីបើក ដោយព្រះគ្រូបណ្ឌិត Kyuse Enshinjoh ប្រធានស្ថាបនិកកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា ដែលមានលក្ខណៈទូលំទូលាយ និងបំផុសគំនិត ដោយគ្របដណ្តប់លើជីវិត និងការបង្រៀនរបស់ព្រះពុទ្ធ ក៏ដូចជាបញ្ហាប្រឈមជាសកល ក្នុងសម័យបច្ចុប្បន្ន។ លោកបានបញ្ជាក់ពីសារៈសំខាន់នៃមេត្តាករុណា និងការទទួលខុសត្រូវផ្នែកសីល ធម៌ ក្នុងការដឹកនាំ និងទំនាក់ទំនងអន្តរជាតិ ដែលតម្លៃទាំងនេះស្របគ្នាជាមួយកិច្ចខិតខំរបស់កម្ពុជា ក្នុង ការលើកកម្ពស់សន្តិភាព ការសម្របសម្រួល និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
៣៖ អំពីទិវាព្រះពុទ្ធសាសនាអន្តរជាតិ ឆ្នាំ២០២៦
លោកបានសម្តែងការកោតសរសើរខ្ពស់ចំពោះការរៀបចំទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅទីក្រុងកូបេ ដោយពរណ៍នាអំពីព្រឹត្តការណ៍នោះថា ជាការបង្ហាញពីសាមគ្គីភាពរវាងអ្នកមានវប្បធម៌ និងជាតិសាសន៍ ផ្សេងៗគ្នា។ ឯកឧត្តមបានបញ្ជាក់ពីសារៈសំខាន់នៃឱកាសនេះ ក្នុងការពង្រឹងបេតិកភណ្ឌផ្នែកផ្លូវចិត្ត និង ការលើកកម្ពស់មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេស។
លោកឯកអគ្គរាជទូតមានប្រសាសន៍ថា សម្រាប់កម្ពុជា ដែលព្រះពុទ្ធសាសនាមានតួនាទីស្នូលសំខាន់ ក្នុងសង្គម ឱកាសនេះពិតជាពិសេស និងមានសារៈសំខាន់ណាស់។ វាបញ្ជាក់ឲ្យយើងចងចាំពី បេតិកភណ្ឌផ្លូវចិត្ត និងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសរបស់យើង។ កម្ពុជា នឹងបន្តប្តេជ្ញាចិត្តយ៉ាងរឹងមាំក្នុងការគាំទ្រគំនិតផ្តួចផ្តើមដែលលើកកម្ពស់តម្លៃរួមទាំងនេះ និងរួមចំណែក កសាងសហគមន៍ពិភពលោកដែលមានសន្តិភាព សុខដុមរមនា និងបរិយាប័ន្ន។
ការចូលរួមរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនាលើកទី៩ និងទិវាព្រះពុទ្ធ សាសនាអន្តរជាតិ ឆ្នាំ២០២៦ បានអះអាងជាថ្មី នូវការប្តេជ្ញាចិត្តយូរអង្វែង ក្នុងការលើកកម្ពស់តម្លៃស្នូល នៃព្រះពុទ្ធសាសនា គឺសន្តិភាព មេត្តាករុណា និងភាពសុខដុមរមនា ទាំងក្នុងតំបន់ និងពិភពលោក៕











