អភិបាលខេត្តពោធិ៍សាត់ ចុះពង្រឹងស្មារតី និងចែកអំណោយជូនកងកម្លាំងការពារព្រំដែន ក្នុងឱកាសចូលឆ្នាំថ្មី

10-04-2026 12:49

(ពោធិ៍សាត់)៖ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ម្សិលមិញ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំប្រតិភូអញ្ជើញចុះសួរសុខទុក្ខ និងនាំយកស្បៀងឧបភោគ បរិភោគ ព្រមទាំងថវិកា ជូនដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងការពារព្រំដែន ក្នុងភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង។

លោក ខូយ រីដា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះវីរភាពរបស់នាយ-ពលទាហាន និងនាយ-ពលនគរបាលទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត និងអាយុជីវិត ក្នុងការការពារបូរណភាពទឹកដី និងរក្សាសុខសន្តិភាពជូនជាតិមាតុភូមិ។

លោកបានគូសបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធ គឺជាបង្អែកដ៏រឹងមាំក្នុងការការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលកំពុងបន្តជំរុញយុទ្ធសាស្ត្របញ្ចកោណ ដើម្បីកំណើន និងចីរភាពជាតិ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានលើកឡើងពីវប្បធម៌ចែករំលែកតាមទិសស្លោក «សមរភូមិក្រោយ ជួយសមរភូមិមុខ» ដើម្បីធានាដល់សុខុមាលភាព និងជីវភាពរបស់បងប្អូនកងទ័ពឱ្យកាន់តែប្រសើរឡើង។

ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯក ថោង ថាវរិន្ទ អគ្គមេបញ្ជាការរងកងទ័ពជើងគោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋបាលខេត្ត ដែលតែងតែគិតគូរដល់កងទ័ពជួរមុខដូចភ្លៀងរលឹម។ លោកបានប្តេជ្ញាថា ទោះបីសភាពការណ៍ព្រំដែនមានភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងទាំងអស់នៅតែបន្តល្បាត និងត្រៀមលក្ខណៈការពារអធិបតេយ្យភាពជាតិ ២៤ម៉ោង លើ ២៤ម៉ោង។

អំណោយដែលបានឧបត្ថម្ភជូនដល់អង្គភាពជួរមុខ រួមមាន៖
*អង្ករ៖ ជាង១២តោន
*គ្រឿងឧបភោគ៖ មី៧៥០កេស, ត្រីខ២០កេស, ទឹកត្រី-ទឹកស៊ីអ៊ីវ២០០យួរ, ប្រេងឆា និងបន្លែបង្ការជាច្រើនមុខ។
*ភេសជ្ជៈ៖ ទឹកបរិសុទ្ធ៦០០កេស, ភេសជ្ជៈចម្រុះ៣៥០កេស និងស្រាបៀរ១៥០កេស។
*សាច់ និងអាហារបំប៉ន៖ សាច់ជ្រូក៩០០គីឡូក្រាម និងនំអន្សម២,០០០នំ។
*ថវិកា៖ សរុបចំនួន៣២លានរៀល។

សកម្មភាពនេះមិនត្រឹមតែជាការផ្តល់អំណោយប៉ុណ្ណោះទេ ប៉ុន្តែជាការផ្តល់កម្លាំងចិត្តយ៉ាងធំធេង ដល់កងកម្លាំងដែលកំពុងបំពេញភារកិច្ចនៅតាមបន្ទាត់ព្រំដែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះផងដែរ៕