មន្ត្រីជាន់ខ្ពស់សុខាភិបាល ណែនាំអ្នកប្រកបវិជ្ជាជីវៈត្រូវផ្ទៀងផ្ទាត់សកម្មភាពការងារ និងក្រមសីលធម៌ ដើម្បីពង្រឹងគុណភាពសេវាជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ
10-04-2026 14:06
(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈគ្រូពេទ្យកម្ពុជា បានណែនាំអ្នកប្រកបវិជ្ជាជីវៈទាំងអស់ត្រូវរំលឹក ឬពិចារណាឡើងវិញនូវអ្វីដែលបានធ្វើកន្លងមក ព្រមទាំងការងារបច្ចេកទេសផ្ទៀងផ្ទាត់ជាមួយនិងច្បាប់ទម្លាប់ និងក្រមសីលធម៌ ដើម្បីពង្រឹងចំណុចខ្វះខាតដែលធ្លាប់កើតមានឡើងទាំងនោះឱ្យបានកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ។
ការណែនាំរបស់លោកសាស្រ្តចារ្យ បានធ្វើឡើងនៅក្នុងពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីការគ្រប់គ្រង់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ក្រមសីលធម៌វិជ្ជាជីវៈ និងភាពជាអ្នកមានវិជ្ជាជីវៈវេជ្ជសាស្រ្ត នៅមជ្ឈមណ្ឌលជាតិគាំពារមាតា
និងទារក នាថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២៦។
លោកសាស្ត្រាចារ្យ ឡឹម តារា បានថ្លែងថា ការអប់រំ និងការផ្សព្វផ្សាយអំពីក្រមសីលធម៌ ត្រូវតែធ្វើឡើងជាប្រចាំដើម្បីរំលឹកស្មារតីបុគ្គលិកសុខាភិបាលគ្រប់ជាន់ថ្នាក់។ ការធ្វើការតាមទម្លាប់យូរទៅ អាចធ្វើឱ្យយើងភ្លេចខ្លួន ឬមានការខ្វះខាត ដូច្នេះការផ្ទៀងផ្ទាត់សកម្មភាពការងារជាមួយច្បាប់ទម្លាប់ និងក្រមសីលធម៌ គឺជាចាំបាច់ដើម្បីពង្រឹងគុណភាពសេវាឱ្យកាន់តែល្អប្រសើរ។
លោកសាស្ត្រាចារ្យបន្តថា «យើងត្រូវធ្វើការផ្ទៀងផ្ទាត់ ឬក៏រំលឹកឡើងវិញ ឬក៏ពិចារណាឡើងវិញនូវអ្វីដែលយើងបានធ្វើកន្លងមក ការងារបច្ចេកទេសផ្ទៀងផ្ទាត់ជាមួយនិងច្បាប់ទម្លាប់ គោលការណ៍ក្រមសីលធម៌ ដើម្បីពង្រឹងចំណុចខ្វះខាតដែលធ្លាប់កើតមានកន្លងមកនោះឱ្យបានកាន់តែល្អប្រសើរជាងមុនបន្ថែមទៀត។ មួយវិញទៀតការអនុវត្តការងារដោយផ្អែកលើក្រមសីលធម៌ជាគោល មិនត្រឹមតែនាំមកនូវប្រសិទ្ធភាពព្យាបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកសាងនូវមោទនភាព និងជំនឿចិត្តពីសាធារណជនមកលើវិស័យសុខាភិបាលទាំងមូលផងដែរ»។
លោករដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈគ្រូពេទ្យកម្ពុជា បានបន្តថាកេរ្តិ៍ឈ្មោះរបស់មន្ទីរពេទ្យ ឬអង្គភាពសុខាភិបាល មិនមែនកើតឡើងតាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្មលើបណ្ដាញសង្គមនោះទេ ប៉ុន្តែវាអាស្រ័យលើលទ្ធផលព្យាបាលជាក់ស្ដែងដែលអ្នកជំងឺទទួលបាន ដូចជាការជាសះស្បើយ និងគុណភាពជីវិតប្រសើរឡើង, ការផ្ដល់ទំនុកចិត្ត និងការមិនធ្វើឱ្យអ្នកជំងឺឈឺចិត្ត ឬអន់ចិត្តតាមរយៈពាក្យសម្ដី និងឥរិយាបថ (ចាប់តាំងពីគ្រូពេទ្យ រហូតដល់បុគ្គលិកអនាម័យ និងសន្តិសុខ)។
លោកសាស្ត្រាចារ្យបានបន្ថែមទៀតថា វិជ្ជាជីវៈពេទ្យមិនមែនជាអាជីវកម្មសុទ្ធសាធដូចការលក់ដូរទំនិញឡើយ ព្រោះវាជាប់ពាក់ព័ន្ធនឹងអាយុជីវិតមនុស្ស។ ដូច្នេះមន្ត្រី និងអ្នកជំនាញក្នុងវិស័យសុខាភិបាលទាំងអស់ រួមមានគ្រូពេទ្យ ទន្តពេទ្យ ឆ្មប និងឱសថការី (ដែលស្ថិតក្រោមគណៈវិជ្ជាជីវៈទាំង ៥) ត្រូវតែយល់ដឹង និងអនុវត្តតាមច្បាប់គ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានានូវគុណភាពនៃការថែទាំ និងព្យាបាលអ្នកជំងឺ។
នៅក្នុងឱកាសនេះលោកសាស្រ្តចារ្យ ឡឹម តារា ក៏បានជំរុញឱ្យគ្រូពេទ្យទាំងអស់មកចុះបញ្ជីការឱ្យបានគ្រប់ៗគ្នា ដើម្បីលើកកម្ពស់តម្លៃវិជ្ជាជីវៈ និងការពារខ្លួនពីហានិភ័យផ្នែកច្បាប់ ប្រសិនបើមានបាតុភាព ឬការប្ដឹងផ្ដល់កើតឡើង ហើយគ្រូពេទ្យគ្មានអាជ្ញាប័ណ្ណ នោះនឹងត្រូវប្រឈមមុខជាមួយប្រព័ន្ធតុលាការដោយផ្ទាល់ ដែលលើសពីកម្រិតវិន័យរដ្ឋបាល ឬវិជ្ជាជីវៈ៕

















