ទូតកម្ពុជានៅឥណ្ឌូណេស៉ី រៀបចំពិធី «កាហ្វេពេលព្រឹក» ស្វាគមន៍ភរិយា/ស្វាមី ឯកអគ្គរាជ/រដ្ឋទូត និងប្រធានស្ថាប័នបេសកកម្ម អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
10-04-2026 14:27
(ភ្នំពេញ)៖ លោក ទាន សំណាង ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ី និងលោកស្រី ស៊ឹម សុភាពនីឡា នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ បានរៀបចំពិធីកាហ្វេពេលព្រឹក (Morning Coffee) ដើម្បីទទួលស្វាគមន៍ភរិយា/ស្វាមី ឯកអគ្គរាជ/រដ្ឋទូត និងប្រធានស្ថាប័នបេសកកម្ម ប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ី សរុបចំនួន ៣៦នាក់ នៅនិវេសនដ្ឋានឯកអគ្គរាជទូតកម្ពុជា នាទីក្រុងហ្សាការតា ក្នុង
ឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៦។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ស្ថានទូតកម្ពុជាបានបង្ហាញជូនភ្ញៀវកិត្តិយសអំពីសក្តានុពលវិស័យទេសចរណ៍ និងឱកាសវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា តាមរយៈការចាក់បញ្ចាំងវីដេអូផ្សព្វផ្សាយ ដែលបានឆ្លុះបញ្ចាំងពីភាពសម្បូរបែបនៃធនធានទេសចរណ៍ វប្បធម៌ និងបរិយាកាសអំណោយផលសម្រាប់ការវិនិយោគនៅកម្ពុជា។
ជាមួយគ្នានេះ ក្រុមការងារស្ថានទូតក៏បានបង្ហាញពីអត្តសញ្ញាណវប្បធម៌ និងប្រពៃណីខ្មែរដ៏សម្បូរបែប តាមរយៈការស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីហូលចងក្បិន ព្រមទាំងការរៀបចំឱ្យភ្ញៀវបានស្គាល់ និងចូលរួមលេងល្បែងប្រជាប្រិយខ្មែរ «បោះអង្គុញ» ដែលបានបន្ថែមភាពរស់រវើក និងស្និទ្ធស្នាលដល់កម្មវិធី។
ក្រៅពីការរៀបចំកាហ្វេមណ្ឌលគិរីជូនភ្ញៀវទទួលទាន លោកឯកអគ្គរាជទូត លោកស្រី និងក្រុមការងារស្ថានទូត ក៏បានរៀបចំម្ហូបអាហារខ្មែរជាច្រើនមុខ ដើម្បីបង្ហាញពីរសជាតិ និងសិល្បៈម្ហូបអាហារប្រពៃណីខ្មែរ ជូនភ្ញៀវទទួលទានផងដែរ រួមមាន នំបញ្ចុកសម្លខ្មែរ អាម៉ុក ញាំក្រូចថ្លុង ញាំម្កាក់ សាច់គោអាំងចង្កាក់ នំអន្សមចេក សង់ខ្យាល្ពៅ ព្រមទាំងនំ និងផ្លែឈើជាច្រើនមុខទៀត។
កម្មវិធី «កាហ្វេពេលព្រឹក» បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល កក់ក្តៅ និងសប្បាយរីករាយ ដោយបានរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីវប្បធម៌ អរិយធម៌ សក្តានុពលទេសចរណ៍ និងឱកាសវិនិយោគនៅកម្ពុជា ព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងសហគមន៍ការទូតប្រចាំសាធារណរដ្ឋឥណ្ឌូណេស៉ី៕





































