អភិបាលខេត្តស្ទឹងត្រែង ណែនាំម្ចាស់អាជីវកម្ម ពង្រឹងសុវត្ថិភាពចំណីអាហារ និងទប់ស្កាត់ការឡើងថ្លៃគ្រប់ប្រភេទ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

10-04-2026 15:07

(ស្ទឹងត្រែង)៖ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានណែនាំដល់ម្ចាស់អាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន មណ្ឌលកំសាន្ត សហគមន៍ទេសចរណ៍ និងសេវាដឹកជញ្ជូនគ្រប់ប្រភេទ ត្រូវពង្រឹងសុវត្ថិភាពចំណីអាហារ និងទប់ស្កាត់ការឡើងថ្លៃគ្រប់ប្រភេទ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

លោក សរ សុពុត្រា បានសង្កត់ធ្ងន់ថា ការបម្រើសេវាទេសចរណ៍ ដើម្បីធានានិរន្តរភាព និងភាពគង់វង្សយូរអង្វែងនៅក្នុងជីវភាពរបស់ប្រជាជន និងដើម្បីធានាអាជីវកម្ម គឺអាជីវករទាំងអស់ត្រូវធានាតម្លៃលក់ មិនមានការឡើងថ្លៃទៅលើម្ហូបអាហារ សណ្ឋាគារ ផ្ទះសំណាក់ នៅក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះឡើយ។

អភិបាលខេត្ត បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ការមិនតំឡើងថ្លៃរបស់ម្ចាស់អាជីវកម្ម គឺយើងនឹងទទួលបាលភ្ញៀវទេសចរកាន់ច្រើន ខណៈរដ្ឋបាលខេត្តស្ទឹងត្រែងបានខិតខំប្រឹងប្រែងរៀបចំកែលម្អសោភ័ណភាព នាឱកាសមហាសង្រ្កាន្តអបអរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលខេត្តស្ទឹងត្រែង នឹងបើកព្រឹត្តិការណ៍ស្ទឹងត្រែងសង្រ្កាន្ត ដើម្បីជាការអូសទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្ត និងបានស្នាក់នៅញាំ អាហារនៅក្នុងតម្លៃធម្មតា មិនមានការដំឡើងថ្លៃ»

«សូមម្ចាស់អាជីវកម្មទាំងអស់ចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត ដើម្បីឱ្យខេត្តមួយនេះ មានភ្ញៀវទេសចរចូលមកកាន់តែច្រើន គឺយើងសុខចិត្តចំណេញតិច តែយើងទទួលបានភ្ញៀវច្រើន រក្សាបាននូវតម្លៃនិងកិត្តិយសសំរាប់ខេត្តស្ទឹងត្រែង សម្បូណ៌ទៅដោយតំបន់ទេសចរណ៍ធម្មជាតិ និងវប្បធម៌ អង្រួនអ្នកទេសចរមកស្នាក់នៅជារៀងរាល់ថ្ងៃ រួមជាមួយការរាក់ទាក់ប្រកបដោយសុជីវធម៌ សីលធម៌ ពោរពេញនូវស្នាមញញឹម»។ នេះជាការបន្ថែមរបស់លោក សរ សុពុត្រា។

នាឱកាសជួបជុំជាមួយនឹងម្ចាស់អាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន មណ្ឌលកម្សាន្ត សហគមន៍ទេសចរណ៍ និងសេវាដឹកជញ្ជូនគ្រប់ប្រភេទ លោក សរ សុពុត្រា បានណែនាំដល់កម្លាំងមានសមត្ថកិច្ច នៃគណៈបញ្ជាការរដ្ឋបាលខេត្ត ក្រុងស្រុក ឃុំសង្កាត់ ត្រូវតែពង្រឹងឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋនៅក្នុងខេត្ត ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យខានតែបានទោះនៅក្នុងតម្លៃណាក៏ដោយ៕