ក្រុមជញ្ជីងចល័តពិសេស បានឆ្មក់ត្រួតពិនិត្យ និងពិន័យយានយន្តពាក់ឡូហ្គូអក្សរ K និង SL ដែលដឹកលើសទម្ងន់ចំនួន២គ្រឿង ក្នុងខេត្តពោធិ៍សាត់
10-04-2026 15:10
(ពោធិ៍សាត់)៖ ក្រោមការចង្អុលបង្ហាញពីលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងជាប្រធានក្រុមការងារត្រួតពិនិត្យចល័តចម្រុះ ព្រមទាំងអនុប្រធាន និងសមាជិកក្រុមការងារចល័តចម្រុះ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ បានសហការជាមួយមន្រ្តីស្ថានីយឃ្លាំងមឿង បានចុះត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅលើផ្លូវជាតិលេខ៥ គ.មលេខ១៨៦ ស្រុកបាកាន ខេត្តពោធិ៍សាត់។
ជាលទ្ធផលក្រុមការងារបានត្រួតពិនិត្យយានយន្តចំនួន ២គ្រឿង មានពាក់ឡូហ្គូអក្សរ K, SL ផ្ទុកទម្ងន់សរុបចន្លោះពី ៧៥តោន ដល់ ៩២តោន លើសទម្ងន់អនុញ្ញាតចន្លោះពី៣០តោន ដល់ ៤៧តោន គិតជាភាគរយចន្លោះពី៦៦% ដល់ ១០៤%។
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមក្រើនរម្លឹកដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនធុនធ្ងន់ ម្ចាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ និងអ្នកបើកបរយានយន្តធុនធ្ងន់ទាំងអស់ សូមចូលរួមគោរពច្បាប់ និងគោរពតម្រាយផ្លូវអនុញ្ញាតសម្រាប់យានយន្តចាប់ពីភ្លៅ៦ឡើង ដែលក្រសួងបានណែនាំឱ្យបានត្រឹមត្រូវ។ ក្រុមការងារចល័តពិសេស នឹងបន្តចុះឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងដោយគ្មានការលើកលែងឡើយ៕











