រដ្ឋបាលស្រុកស្ទោង រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី

10-04-2026 15:10

(កំពង់ធំ)៖ លោក ឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុកស្ទោង និងលោក សាយ គឹមឡម អភិបាលស្រុក ព្រមទាំងសមាជិក សមាជិកា មន្រ្តីមន្ត្រីក្រោមឱវាទ និងកងកម្លាំងទាំង៣ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីសុំពរជ័យសិរីសួស្តី ជ័យមង្គល ជូនដល់ក្រុមគ្រួសាររដ្ឋបាលស្រុកស្ទោង ព្រះមន្ត្រីសង្ឃគ្រប់អង្គ មន្ត្រីរាជការគ្រប់ស្ថាប័ន និងប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមូល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលប្រារព្ធឡើងនៅក្នុងអគារ( ក)នៃរដ្ឋបាលស្រុកស្ទោង ខេត្តកំពង់ធំ ប្រកបដោយទឹកមុខនិងបរិយាកាសរីករាយក្រៃលែងបំផុត។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះលោកប្រធានក្រុមប្រឹក្សាស្រុក និងលោកអភិបាលស្រុកស្ទោង និងមន្ត្រីរាជការទាំងអស់ បានប្រកបដោយសទ្ធាជ្រះថ្លា វេរប្រគេននូវទេយ្យវត្ថុ និងបវារណាចតុបច្ច័យចំពោះព្រះសង្ឃចំនួន ៥អង្គ ដើម្បីជាកិច្ចបំពេញកុសល និងបួងសួងសុំសេចក្តីសុខចម្រើន ជោគជ័យលើគ្រប់ភារកិច្ច ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋខ្មែរគ្រប់រូបគ្រប់គេហដ្ឋានជានិច្ចនិរន្តរ៍តរៀងទៅ។

គួររំលឹកផងដែរថា ពិធីដ៏មហស្ចារ្យនេះ ត្រូវបានរៀបចំឡើងទៅតាមគន្លងទំនៀមទម្លាប់ប្រពៃណីជាតិ និងព្រះពុទ្ធសាសនា ដើម្បីជាការថ្លែងអំណរគុណឆ្នាំចាស់ ឆ្នាំម្សាញ់ និងត្រៀមទទួលមហាអំណរឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ហើយជាពិសេស គឺជាកិច្ចគារវៈ ការត្រៀមទទួលស្វាគមន៍ទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី ដែលជាបុត្រីទី៣ របស់កបិលមហាព្រហ្ម ដែលនឹងយាងចុះមកគ្រងជម្ពូរទ្វីប នៅវេលាម៉ោង ១០:៤៨ នាទីព្រឹក ថ្ងៃអង្គារ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។

សូមបញ្ជាក់ថានៅក្នុងពិធីនេះដែរ ត្រូវបាននិមន្តចូលរួមដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់ព្រះគ្រូបរិត្តកុសល ណិប អៀន ព្រះអនុគណស្រុកស្ទោង និងព្រះមន្ត្រីសង្ឃ ហើយក៏មានការចងដៃ និងស្រោចទឹកបង្កក់សិរីដល់លោក ប្រធានក្រុមប្រឹក្សា លោកអភិបាលស្រុក និងមន្ត្រីរាជការក្រោមឱវាទថែមទៀតផងដែរ៕