ជំនាញក្នុងវិស័យសំណង់ ៨មុខជំនាញ ត្រូវបានទទួលស្គាល់ឲ្យធ្វើតេស្ដជាផ្លូវការក្នុងកម្មវិធី RPL
10-04-2026 15:40
(ភ្នំពេញ)៖ ជំនាញក្នុងវិស័យសំណង់ចំនួន ៨មុខជំនាញ ត្រូវបានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលស្គាល់ជាផ្លូវការដាក់ឲ្យធ្វើតេស្តតាមរយៈកម្មវិធីវាយតម្លៃទទួលស្គាល់ជំនាញពីមុន(RPL) ក្នុងគោលបំណងបង្កើនឱកាសការងារ និងលើកកម្ពស់ប្រាក់ចំណូលសម្រាប់អតីតពលករខ្មែរដែលធ្លាប់បានសិក្សារៀនសូត្រជំនាញទាក់ទងវិស័យសំណង់នៅប្រទេសថៃ។
លោក ស៊ុន មេសា បានបញ្ជាក់ថា៖ «កម្មវិធី RPLនេះ គឺជាវិធានការសំខាន់របស់រាជរដ្ឋាភិបាល ក្នុងការទទួលស្គាល់ជំនាញរបស់បងប្អូនអតីតពលករខ្មែរដែលធ្លាប់មានបទពិសោធន៍ និងធ្វើការងារក្នុងវិស័យសំណង់ ដើម្បីជួយពួកគាត់មានភាពងាយស្រួលក្នុងការស្វែងរកការងារសមរម្យ និងទទួលបានប្រាក់ចំណូលល្អប្រសើរ។ កម្មវិធីនេះក៏ជួយលើកកម្ពស់គុណភាពកម្លាំងពលកម្មក្នុងវិស័យសំណង់ និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ»។
មុខជំនាញទាំង៨ ដែលត្រូវបានទទួលស្គាល់រួមមាន ការងារកំបោរ (រៀបឥដ្ឋនិងបូក), ការងារការ៉ូ, ការដំឡើងពុម្ព, ការដំឡើងបណ្តាញបំពង់ទឹក, ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, ការងាររន្ទា, ការដំឡើងសរសៃដែក និងការផ្សារអគ្គិសនី ដែលជាជំនាញមានតម្រូវការខ្ពស់ក្នុងទីផ្សារការងារនៅកម្ពុជា។
គួរបញ្ជាក់ថា ការធ្វើតេស្ត RPL នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦តទៅ ដោយរាជរដ្ឋាភិបាលជួយបង់ថ្លៃធ្វើតេស្តជំនួសទាំងស្រុង។ ការវាយតម្លៃនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពចំនួន៩ ទូទាំងប្រទេស ជារៀងរាល់ថ្ងៃសុក្រ សៅរ៍ និងអាទិត្យ ដើម្បីផ្តល់ភាពងាយស្រួលដល់បេក្ខជន។
ក្រសួងបានអំពាវនាវឱ្យបងប្អូនអតីតពលករខ្មែរចូលរួមចុះឈ្មោះធ្វើតេស្តឱ្យបានផុលផុសចាប់ពីថ្ងៃនេះតទៅ ដើម្បីទទួលបានវិញ្ញាបនបត្រ ដែលមានការទទួលស្គាល់ជំនាញពិតប្រាកដពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលទទួលបានឱកាសការងារល្អប្រសើរនាពេលអនាគត៕












