សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បន្តយុទ្ធនាការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាប័ន្ននៅកម្ពុជា ក្នុងឱកាសមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ
10-04-2026 15:59
(កំពង់ធំ)៖ លោកស្រី លំ គន្ធារី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងលោក ជា វ៉ាន់ចាន់ លេខាធិការគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញអធិបតីភាព ក្នុងពិធីបើកយុទ្ធនាការស្តីពី «ការលើកកម្ពស់សុត្ថិភាពចរាចរណ៍ផ្លូវគោក» ក្នុងឱកាសមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់ប្រជាពលរដ្ឋ នៅបរិវេណសួនដាវដែកកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
កម្មវិធីនេះមានសំណួរ-ចម្លើយ ដើម្បីដាស់ស្មារតីដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីសុវត្ថិភាពរបស់ខ្លួន និងមានរង្វាន់មួកសុវត្ថិភាព នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។
លោកស្រី លំ គន្ធារី បានផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះវត្តមាន ក្មួយៗយុវជនកាកបាទក្រហមកម្ពុជា នគរបាលចរាចរណ៍ មន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងបងប្អូនដែលមានវត្តមាននៅទីនេះ ដែលបានចំណាយពេលវេលា កម្លាំងកាយ និងឆន្ទៈមុតមកចូលរួមយុទ្ធនាការនារព្រឹកនេះនេះ។
លោកស្រីបានបន្តថា កាកបាទក្រហមកម្ពុជា តែងតែធ្វើយុទ្ធនាការលើកកម្ពស់សុវត្ថិភាពចរាចរណ៍នេះ ជារៀងរាល់ឆ្នាំ ព្រោះកាកបាទក្រហមកម្ពុជា ជាសមាជិកថ្នាក់ជាតិរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងដើម្បីឆ្លើយតបទៅនឹងផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០ និងការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា សូមឱ្យស្ថាប័នពាក់ព័ន្ធរួមគ្នាចូលរួមកាត់បន្ថយអត្រាស្លាប់ របួសធ្ងន់ និងពិការដោយសារ គ្រោះថ្នាក់ចរាចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជា តាមតែអាចធ្វើទៅបាន។ គ្រោះថ្នាក់ចរាចរណ៍ជាបញ្ហាប្រឈមចម្បងមួយ បានសម្លាប់ ប្រជាពលរដ្ឋខ្មែរជាច្រើនពាន់នាក់ក្នុង១ឆ្នាំៗ។
សូមបញ្ជាក់ថា ក្នុងយុទ្ធនាការខាងលើនេះ បានជូនមួកសុវត្ថិភាពដល់អ្នកឆ្លើយសំណួរបានត្រឹមត្រូវចំនួន ២៧មួក ចែកប័ណ្ណជំនួយស្នារតី៣០០សន្លឹក សៀវភៅអ្វីដែលអ្នកបើកបរទោចក្រយាន្តត្រូវដឹងចំនួន៣០០ ស្ទិកគ័រចំណាំងផ្លាតចំនួន៥០សន្លឹកខិតប័ណ្ណ ណែនាំពីវិធីពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ ចំនួន៣០០សន្លឹក៕


































