កម្ពុជា-វៀតណាម ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត

10-04-2026 16:35

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក ត្រិន កឹមទូ សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការគណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួបនេះ លោក ត្រិន កឹមទូ បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកជួបពិភាក្សាការងារជាមួយលោក ក្នុងឱកាសនៃដំណើរទស្សនកិច្ចនៅកម្ពុជា។ លោកបាននាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់ លោក តូ ឡឹម (To Lam) អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋ និងលោក ឡេ មីញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីថ្មីវៀតណាម ​ជូន​ចំពោះសម្តេចធីបតី ព្រមទាំងបានអបអរសាទរចំពោះសមិទ្ធផលនានាជាច្រើនដែលកម្ពុជាសម្រេចបាននាពេលកន្លងមក។

លោកមានជំនឿជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចធិបតី កម្ពុជានឹងបន្តសម្រេចបាននូវជោគជ័យថ្មីៗ បន្ថែមទៀតសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ទន្ទឹមនឹងនេះ លោកក៏បានសម្តែងនូវ​ការពេញចិត្ត​ និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលកំពុងឈានចូលដល់ដំណាក់កាលថ្មី។

ជាការឆ្លើយតប សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោក និងគណៈប្រតិភូ និងបានអបអរសាទរចំពោះភាពជោគជ័យនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនីស្ដវៀតណាម ព្រមទាំងការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំ​ វៀតណាម​ នាពេលថ្មីៗនេះ។ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកំណើនសេដ្ឋកិច្ច និងសមិទ្ធផលធំៗ ដែលបក្ស និងរដ្ឋវៀតណាមសម្រេចបាន។

ក្នុងឱកាសនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានផ្ដាំផ្ញើនូវការសួរសុខទុក្ខជូនចំពោះអគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋ និងនាយករដ្ឋមន្ត្រីថ្មីនៃប្រទេសវៀតណាមផងដែរ។ សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ ចំពោះភាព​រីកចម្រើន​នៃទំនាក់​ទំនង​ និងកិច្ច​សហប្រតិបត្តិការដ៏ល្អ​រវាង​ប្រទេសទាំងពីរ​ និងបាន​បញ្ជាក់ជាថ្មីនូវការបន្តពង្រឹង និងពង្រីកទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យឲ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។

សម្ដេចមហាបវរធិបតី និងលោក ត្រិន កឹមទូ ក៏បានពិភាក្សា​ និងផ្លាស់ប្ដូរយោបល់អំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន រួមមាន៖ វិស័យនយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម, សន្ដិសុខ និងការពារជាតិ, អប់រំ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន ជាពិសេសរវាងយុវជន និងយុវជននៃប្រទេសទាំងពីរ៕