ឯកអគ្គរដ្ឋទូតតួកគីយ៉េ៖ កម្ពុជា-តួកគីយ៉េ នៅមានវិស័យសក្ដានុពលជាច្រើនទៀត ដែលអាចពង្រីកកិច្ចសហប្រតិបត្តិការ

10-04-2026 16:58

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ បានអនុញ្ញាតឲ្យលោកស្រី Ülkü Kocaefe ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋតួកគីយ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកស្រី ត្រូវបញ្ចប់អាណត្តិបេសកកម្មការទូត។

ក្នុងឱកាសនៃជំនួប, លោកស្រីឯកអគ្គរដ្ឋទូត បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកជំទាវ និងសហការី ចូលជួបជម្រាបលា។ លោកស្រីបានបង្ហាញក្ដីសោមនស្សរីករាយ ដែលបានបំពេញបេសកកម្មការទូតនៅកម្ពុជា និងបានស្វែងយល់ច្រើនអំពី ប្រជាជន វប្បធម៌ និងអរិយធម៌ដ៏សម្បូរបែបរបស់កម្ពុជា។

ទន្ទឹមនឹងនេះ លោកស្រីបានជម្រាបជូនសម្តេចធិបតី​ អំពីការសម្រេចបាននូវសមិទ្ធផលនានាក្នុងអាណត្តិការទូតរបស់លោកស្រី ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរឹតចំណងមិត្តភាព និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឲ្យកាន់តែរីកចម្រើន ជាពិសេសលើវិស័យ សេដ្ឋកិច្ច, ពាណិជ្ជកម្ម, អប់រំ និងវប្បធម៌។ លោកស្រីក៏បានសង្កត់ធ្ងន់ថា កម្ពុជា និងតួកគីយ៉េ នៅមានវិស័យសក្ដានុពលជាច្រើនទៀត ដែលអាចពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា ឲ្យកាន់តែស៊ីជម្រៅ។

ជាការឆ្លើយតប សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះជោគជ័យនៃបេសកកម្មការទូតរបស់លោកស្រី Ülkü Kocaefe នៅកម្ពុជា។ សម្ដេចមហាបវរធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់លោកស្រី ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា-តួកគីយ៉េ ឲ្យមានភាពរឹងមាំ និងទទួលបានផ្លែផ្កាជាវិជ្ជមាន។

ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី បានឯកភាពចំពោះការលើកឡើងរបស់លោកស្រី អំពីកាលានុវត្តភាព និងសក្ដានុពលនៃកិច្ចសហប្រតិបត្តិការវាងប្រទេសទាំងពីរលើវិស័យនានា ដែលនឹងចូលរួមចំណែកបន្ថែមទៀត ក្នុងការបន្តពង្រឹងទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។ សម្ដេចធិបតីបានជូនពរលោកស្រីឯកអគ្គរដ្ឋទូត ឲ្យទទួលបានជោគជ័យក្នុងភារកិច្ចថ្មីៗជាបន្តបន្ទាប់ទៀត៕