ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ រៀបចំពិធីសូត្រមន្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
10-04-2026 17:03
(ព្រះវិហារ)៖ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីចូលនិវត្តន៍ រៀបចំពិធីសូត្រមន្តលើករាសី អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០។
ជាកិច្ចចាប់ផ្តើមថ្នាក់ដឹកនាំបានធ្វើកិច្ចនមស្ការព្រះរតនត្រ័យ ថ្វាយគ្រឿងសក្ការបូជា ទេយ្យទាន និង ទេយ្យវត្ថុ ដល់ព្រះសង្ឃ ព្រមទាំងនិមន្តព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្ត ពុទ្ធជ័យមង្គល សិរីសួស្តី វិបុលសុខ សមាទានសីលទៅតាមគន្លងទំនៀមទម្លាប់ប្រពៃណីខ្មែរ និងព្រះពុទ្ធសាសនា។ព្រះសង្ឃបាននិមន្តប្រោះព្រំទឹកមន្ត ដើម្បីបណ្តេញគ្រោះចង្រៃទាំងពួងផងដែរ។
បន្ទាប់ពីបញ្ចប់ពិធីសូត្រមន្តចម្រើនព្រះបរិត្តរួចមក លោក សំ លាងទ្រី បានរៀបចំនូវថវិកាសម្រាប់ជូនដល់មន្ត្រីចូលនិវត្តន៍ មន្ត្រីជាប់កិច្ចសន្សា ជាការលើកទឹកចិត្ត ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងបានរៀបចំពិសានំបញ្ចុកជួបជុំសំណេះសំណាលគ្នាយ៉ាងសប្បាយរីករាយ។
សូមទេវតាឆ្នាំថ្មីព្រះនាង រាក្យសាទេវី បុត្រីទីបីកបិលមហាព្រហ្ម ជួយប្រោះព្រំប្រសិទ្ធពរជ័យសិរីសួស្តី វិបុលសុខមហាប្រសើរ កើតមានដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ត្រីជាប់កិច្ចសន្យា បុគ្គលិក កម្មករក្រោមឱវាទ នៃប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ ឱ្យមានសុខភាពល្អ កម្លាំងពលំមាំមួន សេចក្តីសុខ សេចក្តីចម្រើន បញ្ញាភ្លឺថ្លា អាយុយឺនយូរ គ្រប់ក្រុមគ្រួសារ ដើម្បីចូលរួមបម្រើលើវិស័យសាធារណការនិងដឹកជញ្ជូន ឱ្យទទួលបានជោគជ័យថ្មីៗថែមទៀត៕














































