ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តកណ្ដាល ចែកប្លង់ដីជាង ៦ពាន់ប័ណ្ណជូនពលរដ្ឋ៦ភូមិ ស្ថិតនៅស្រុកល្វាឯម
10-04-2026 17:14
(កណ្ដាល)៖ ប្លង់ដីចំនួន ៦,៣២១ប័ណ្ណ ត្រូវបានប្រកាសចែកជូនពលរដ្ឋចំនួន ៦ភូមិ រួមមាន ភូមិជ្រោយជ្រែ ឃុំសំបួរ, ភូមិព្រែកប្រា, ភូមិព្រែជ្រៃ, ភូមិព្រែកឫស្សី, ភូមិអន្លង់ទ្រា និងភូមិពាមស្តី ឃុំព្រែឫស្សី ស្រុកល្វាឯម នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ ។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក មាន ច័ន្ទវ៉ាន់នី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់, លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងលោក គួច ចំរើនអភិបាលខេត្តកណ្ដាល។
ស្ថិតក្នុងឱកាសនោះ លោក គួច ចំរើន បានកោតសរសើរប្រជាពលរដ្ឋក្នុងស្រុកល្វាឯម ដែលមានបញ្ហាទំនាស់ដីធ្លីតិចតួចបំផុតបើប្រៀបធៀបជាមួយក្រុង-ស្រុកទាំង១៣ទូទាំងខេត្តកណ្ដាល។ បញ្ហាទំនាស់ដីធ្លីមាននៅគ្រប់ក្រុង-ស្រុក ក្នុងខេត្តកណ្ដាល ប៉ុន្តែសម្រាប់ស្រុកល្វាឯម គឺជាស្រុកមួយគំរូដែលមានទំនាស់ដីធ្លីតិចតួចបំផុតបើប្រៀបធៀប និងក្រុង-ស្រុកដទៃទៀតទូទាំងខេត្តកណ្ដាល។
លោកអភិបាលខេត្ត បានផ្ដាំផ្ញើបងប្អូនប្រជាពលរដ្ឋ នៅពេលទទួលបានបណ្ណហើយសូមបងប្អូនប្រជាពលរដ្ឋត្រូវគិតគូទុកដាក់ថែរក្សាឱ្យបានល្អ ពីព្រោះប័ណ្ណកម្មសិទ្ធិដីធ្លី គឺពិតជាមានសារៈសំខាន់ និងមានតម្លៃណាស់ ក្នុងការសម្គាល់ សិទ្ធិកាន់កាប់ ការទិញលក់ បញ្ចាំ ដីធ្លីរបស់ខ្លួនស្របតាមច្បាប់ ពិសេសដីមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ គឺបញ្ជាក់បានថា ដីមានសុវត្ថិភាព ទទួលស្គាល់ដោយអាជ្ញាធរ ជៀសផុតពីការរំលោភបំពាន កាត់បន្ថយជម្លោះ ហើយថែមទាំងងាយស្រួលក្នុងការទិញលក់ផងដែរ។
ក្នុងឱកាសនោះ អភិបាលខេត្តកណ្ដាល បានអំពាវនាវបងប្អូនប្រជាពលរដ្ឋ នាដូវក្ដៅនេះ អាកាសធាតុក្ដៅខ្លាំង បង្កឱ្យប៉ះពាល់មនុស្ស សត្វ និងធម្មជាតិ ងាយរកនូវជំងឺដង្កាត់ ដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ផ្សេងៗ ដើម្បីទប់ស្កាត់រឿងនេះ សំណូមពរដល់ប្រជាពលរដ្ឋត្រូវពិសាទឹកឱ្យបានច្រើន ករណីដែលមិនចាំបាច់សូមកុំនៅក្រោមកម្ដៅថ្ងៃ ក្មេង និងមនុស្សចាស់ងាយរកហានិភ័យជាង សូមចូលរួមថែទាំសុខភាពរបស់បងប្អូនទាំងអស់គ្នា។
ទន្ទឹមនឹងនោះ បញ្ហាអគ្គិភ័យនៅពេលក្ដៅហួតហ្អែងខ្លាំងងាយឆាប់ឆេះ ដែលអាចបង្កវិនាសកម្មដល់បងប្អូនគ្រប់ៗគ្នា ដូចនេះសូមបងប្អូនទាំងអស់មានការប្រុងប្រយ័ត្នទាំងអស់គ្នា។ ពិសេសសូមកុំដុតសម្រាម ដុតស្មៅ ដុតព្រៃ ដែលធ្វើឱ្យបន្ថែមកម្ដៅ ព្រមទាំងងាយរាលដាលដល់ផ្ទះសំបែង និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ៕



































