Fresh Exclusive: ថ្ងៃឈប់បាញ់ទី៣៖ សមរភូមិលីបង់ និងវិបត្តិច្រក Hormuz នៅតែជាចំណុចជាប់គាំង

10-04-2026 17:14

(ភ្នំពេញ)៖ សង្គ្រាមអ៊ីរ៉ង់នៅថ្ងៃទី៣ នៃការឈប់បាញ់រយៈពេល ១៤ថ្ងៃ នៅតែមិនទាន់បង្ហាញសញ្ញាសន្តិភាពច្បាស់លាស់ឡើយ។ ពិភពលោកកំពុងរង់ចាំមើលថា តើកិច្ចចរចាដែលកំពុងត្រៀមធ្វើ នឹងអាចនាំទៅរកសន្តិភាពពិតប្រាកដ ឬគ្រាន់តែជាការសម្រាកបណ្តោះអាសន្ន មុនព្យុះថ្មីនឹងមកដល់។ អនាគតក្នុងរយៈពេលជាង១០ថ្ងៃខាងមុខ នឹងអាស្រ័យលើលទ្ធផលនៃកិច្ចចរចា, ស្ថានការណ៍នៅលីបង់ និងស្ថេរភាពនៃច្រកសមុទ្រ។ ប្រសិនបើកត្តាទាំងបីនេះ មិនត្រូវបានគ្រប់គ្រងបានល្អទេ សង្គ្រាមអាចវិលត្រឡប់មកវិញគ្រប់ពេលវេលា។
Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយជុំវិញបញ្ហានេះ...

ការឈប់បាញ់ក្នុងសង្គ្រាមអ៊ីរ៉ង់ បានឈានចូលថ្ងៃទី៣ ប៉ុន្តែភាពតានតឹងមិនទាន់ស្ងប់ស្ងាត់ឡើយ។ សំណួរធំៗនៅតែបើកចំហថា តើកិច្ចចរចានឹងបន្តទៅមុខ ឬសង្គ្រាមនឹងវិលត្រឡប់វិញ ខណៈពេលដែលកិច្ចព្រមព្រៀងស្ថិតក្នុងភាពផុយស្រួយ ស្ថានភាពយោធានៅតំបន់ក៏នៅតែបន្តតានតឹង ហើយសេដ្ឋកិច្ចពិភពលោក កំពុងស្ថិតក្នុងសភាពតាមដានយ៉ាងប្រុងប្រយ័ត្នជាប់ជានិច្ច។ បញ្ហាប្រឈមចម្បងនៃសង្គ្រាមនេះ កំពុងផ្សាភ្ជាប់ជាមួយស្ថានការណ៍នៅលីបង់ និងច្រកសមុទ្រ ហ័រមូស ដែលអាចប៉ះពាល់ដល់ថាមពល និងសេដ្ឋកិច្ចពិភពលោកទាំងមូល។ ដូច្នេះ ការឈប់បាញ់ដែលទុកពេលវេលាដើម្បីឱ្យមានការចរចា អាចជាឱកាសសម្រាប់សន្តិភាព ប៉ុន្តែក៏អាចជាដំណាក់កាលផ្អាកមុនព្យុះថ្មីនឹងមកដល់ថែមទៀតផងដែរ។

* កិច្ចចរចា Islamabad សន្លឹកបៀរធំសម្រាប់អនាគត
កិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ គ្រោងធ្វើឡើងនៅរដ្ឋធានី Islamabad។ កិច្ចចរចានេះត្រូវបានមើលថាជាកត្តាសំខាន់បំផុតសម្រាប់កំណត់ទិសដៅសង្គ្រាម។ ពីភាគីអាមេរិក, អនុប្រធានាធិបតីអាមេរិក លោក JD Vance នឹងដឹកនាំគណៈប្រតិភូអាមេរិក ដោយមានការចូលរួមពីលោក Steve Witkoff ដែលជាបេសកជនកំពូលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោក Jared Kushner ដែលជាទីប្រឹក្សាជាន់ខ្ពស់ និងជាកូនប្រសារ។

ចំណែកពីភាគីអ៊ីរ៉ង់, ប្រធានសភា លោក Mohammad Bagher Ghalibaf និងរដ្ឋមន្ត្រីការបរទេស លោក Abbas Araghchi ត្រូវបានគេរំពឹងថា នឹងដឹកនាំគណៈប្រតិភូអ៊ីរ៉ង់។ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif ត្រូវបានគេរំពឹងថា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាជាផ្លូវការ និងធ្វើកិច្ចប្រជុំបឋមដាច់ដោយឡែកពីគ្នាជាមួយភាគីទាំងពីរនៅថ្ងៃសុក្រ ឬ ព្រឹកព្រលឹមថ្ងៃសៅរ៍ អាស្រ័យលើពេលដែលក្រុមទាំងនោះមកដល់រដ្ឋធានីប៉ាគីស្ថាន។ បើកិច្ចចរចាជោគជ័យ វាអាចបន្ថយសម្ពាធយោធា បើកផ្លូវទៅកាន់ការចរចារយៈពេលវែង និងជួយបន្ថយការភ័យខ្លាចលើទីផ្សារប្រេង។ ប៉ុន្តែបើបរាជ័យ វាអាចធ្វើឱ្យស្ថានការណ៍ត្រឡប់ទៅរកការប្រឈមមុខយោធាដ៏ធ្ងន់ធ្ងរឡើងវិញ។

* សមរភូមិ លីបង់ និងក្រុមហេសបូឡាហ៍
ខណៈពេលដែល សហរដ្ឋអាមេរិក និង អ៊ីរ៉ង់ កំពុងរៀបចំកិច្ចចរចានៅក្នុងប្រទេសប៉ាគីស្ថាន, អ៊ីស្រាអែល នៅតែបន្តវាយប្រហារលើលីបង់ បន្ទាប់ពីបានសម្លាប់មនុស្សជាង ៣០០នាក់ និងធ្វើឱ្យរងរបួសយ៉ាងហោចណាស់ ១,១៥០នាក់ ក្នុងការវាយប្រហាររយៈពេលមួយថ្ងៃទូទាំងប្រទេសកាលពីថ្ងៃពុធរួចមកនោះ។ ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានអំពាវនាវឱ្យអ៊ីស្រាអែល ដកបទបញ្ជាជម្លៀសចេញដោយបង្ខំ ដែលប៉ះពាល់ដល់មន្ទីរពេទ្យសំខាន់ៗចំនួនពីរនៅតំបន់បេរូត ខណៈដែលប្រព័ន្ធសុខាភិបាលលីបង់ កំពុងប្រឈមមុខនឹងសម្ពាធធ្ងន់ធ្ងរ ដើម្បីព្យាបាលជនស៊ីវិលដែលរងរបួស។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានព្រមានថា ប្រសិនបើសហរដ្ឋអាមេរិកមានឆន្ទៈក្នុងការ «បំផ្លាញសេដ្ឋកិច្ច» របស់ខ្លួន ដោយបន្តអនុញ្ញាតឱ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu «សម្លាប់ការទូត» ដោយមិនគោរពបទឈប់បាញ់, នោះវាជាជម្រើសរបស់វ៉ាស៊ីនតោន។ លោកបន្ថែមថា វាជាជំហានដែលមិនមានភាពឆ្លាតវៃ ប៉ុន្តែអ៊ីរ៉ង់ក៏បានត្រៀមខ្លួនសម្រាប់សេណារីយ៉ូនោះផងដែរ។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានថ្លែងថា មានការ ណែនាំឱ្យចាប់ផ្ដើមការចរចាដោយផ្ទាល់ជាមួយ Lebanon ក្នុងគោលបំណងដកអាវុធរបស់ ក្រុម Hezbollah និងបង្កើតទំនាក់ទំនងសន្តិភាព។ យ៉ាងណាមិញ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលបានបញ្ជាក់ថា «សង្គ្រាមនឹងមិនត្រូវបានបញ្ឈប់ទេ»។

មន្ត្រីលីបង់និយាយថា រដ្ឋាភិបាលក្រុងបេរូត មិនទាន់បានទទួលការអញ្ជើញជាផ្លូវការសម្រាប់ការចរចានៅឡើយទេ។ មន្ត្រី លីបង់ បាននិយាយទៀតថា «នឹងមិនមានការចរចាណាមួយ ក្រោមគ្រាប់កាំភ្លើង»បាញ់ដាក់លើបង់នោះទេ។ ប្រសិនបើការប្រយុទ្ធនៅលីបង់បន្ត ឬកើនឡើង វាអាចធ្វើឱ្យកិច្ចចរចារវាងអាមេរិក និង អ៊ីរ៉ង់ កាន់តែស្មុគស្មាញ និងអាចបំផ្លាញឱកាសសន្តិភាព ដែលពិភពលោកកំពុងរំពឹងចង់ឃើញ។

* ច្រកសមុទ្រ Hormuz បេះដូងសេដ្ឋកិច្ចពិភពលោក
ច្រក Hormuz គឺជាចំណុចយុទ្ធសាស្ត្រសំខាន់សម្រាប់ការដឹកជញ្ជូនប្រេងពិភពលោក។ ការរំខានណាមួយនៅតំបន់នេះអាចប៉ះពាល់ដល់តម្លៃប្រេង និងសេដ្ឋកិច្ចសកលភ្លាមៗ។ មុនពេលផ្ទុះជម្លោះ ច្រកសមុទ្រនេះជាផ្លូវទឹកអន្តរជាតិដែលមានសេរីភាព និងបើកចំហរ។ ប៉ុន្តែក្រោយការវាយប្រហារពីសម្ព័ន្ធភាពអាមេរិក–អ៊ីស្រាអែល លើអ៊ីរ៉ង់, ក្រុងតេហេរ៉ង់ បានប្រើប្រាស់ផ្លូវទឹកនោះ ជាអាវុធយុទ្ធសាស្ត្រសំខាន់មួយ ដើម្បីដាក់សម្ពាធតបតទៅវិញ។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាទំនើបនៃប្រទេសអារ៉ាប់អេមីរ៉ាត់ លោក Sultan Al Jaber បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការឆ្លងកាត់តាមច្រក Hormuz កំពុងស្ថិតក្រោម «លក្ខខណ្ឌ និងឥទ្ធិពលនយោបាយ» ពីអ៊ីរ៉ង់។ លោកបញ្ជាក់ទៀតថា ច្រកសមុទ្រនេះ «មិនទាន់បើកពេញលេញទេ» ហើយការចូលទៅកាន់ច្រកកំពុងត្រូវបានកំណត់ និងគ្រប់គ្រង។

ប្រធានាធិបតីអាមេរិក Donald Trump បានព្រមានអ៊ីរ៉ង់ កុំឱ្យយកថ្លៃសេវាពីនាវាដឹកប្រេងនៅក្នុងផ្លូវដឹកជញ្ជូនដ៏សំខាន់នេះ។ រហូតមកទល់នឹងពេលនេះ មិនមានសេចក្តីរាយការណ៍បញ្ជាក់ជាផ្លូវការអំពីអត្រាសេវាពិតប្រាកដនោះទេ ប៉ុន្តែមានការប៉ាន់ប្រមាណថានាវាធំៗដឹកប្រេង អាចត្រូវបង់ពីតម្លៃរាប់ម៉ឺន ទៅរាប់សែនដុល្លារ។ សេចក្តីរាយការណ៍មួយរបស់រ៉យតឺ ដែលមិនទាន់មានការបញ្ជាក់ សរសេរថា មានកប៉ាល់ធំមួយ ត្រូវបានគេរាយការណ៍ថាបានបង់ថ្លៃសេវាដល់ទៅប្រមាណ ២លានដុល្លារអាមេរិក។ ការព្រមានអំពីការយកថ្លៃសេវាលើនាវា ឬការគំរាមបិទច្រកសមុទ្រ បានធ្វើឱ្យទីផ្សារព្រួយបារម្ភ។ ប្រសិនបើ Hormuz ត្រូវបានរារាំង សម្ពាធសេដ្ឋកិច្ច នឹងមិនប៉ះពាល់តែតំបន់នោះទេ ប៉ុន្តែអាចរាលដាលទៅទូទាំងពិភពលោក។

សេចក្តីសន្និដ្ឋាន៖ គេនៅមិនទាន់បានឃើញនូវស្រមោលសន្តិភាពពិតប្រាកដលេចឡើងឡើយ នៅថ្ងៃទី៣នៃកិច្ចព្រមព្រៀង ឈប់បាញ់រយៈពេល១៤ថ្ងៃនេះ។ នៅសល់១១ថ្ងៃទៅមុខទៀត ដែលជាដំណាក់កាលមួយដែលពិភពលោកកំពុងរង់ចាំមើលថា តើស្ថានការណ៍និងកិច្ចចរចាអាចនាំទៅរកសន្តិភាពពិតប្រាកដ ឬគ្រាន់តែជាការសម្រាកបណ្តោះអាសន្ន មុនព្យុះថ្មីមកដល់។ អនាគតនៃស្ថានការណ៍ទៅមុខរយៈពេលជាង១០ថ្ងៃទៅមុខទៀត នឹងអាចអាស្រ័យលើលទ្ធផលនៃកិច្ចចរចារវាងសហរដ្ឋអាមេរិក និង អ៊ីរ៉ង់, ស្ថានភាពប្រយុទ្ធនៅលីបង់ និងស្ថេរភាពនៅច្រក Hormuz។ បើកត្តាទាំងបីនេះ មិនត្រូវបានគ្រប់គ្រងបានល្អទេ សង្គ្រាមអាចវិលត្រឡប់មកវិញគ្រប់ពេលវេលា ហើយផលប៉ះពាល់នឹងមិនត្រឹមតែជាបញ្ហាតំបន់ទេ ប៉ុន្តែអាចរីករាលដាលដល់សេដ្ឋកិច្ច និងស្ថិរភាពសកលផងដែរ៕