លោក កែ គឹមយ៉ាន អញ្ជើញរាប់បាត្រឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធបុព្វបុរស វីរៈកងទ័ព និងវីរៈនគរបាល ដែលបានពលីជីវិតការពារទឹកដី

10-04-2026 17:25

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ លោក កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងលោក​ជំទាវ​ ឧកញ៉ា​ អគ្គមហា​ឧបាសិកា​សិរីករុណាបទុមរតន៍​បណ្ឌិត​ ម៉ៅ​ ម៉ាល័យ​ អមដោយក្រុមការងារបានធ្វើពិធីសូត្រមន្ត បង្សុកូល រាប់បាត្រនិងវេរចង្ហាន់ប្រគេនដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសលដល់បុព្វការីជន មហាបុព្វបុរសខ្មែរ វីរៈកងទ័ព នគរបាល ដែលបានធ្វើពលីក្នុងបុព្វហេតុ ការពារទឹកដីព្រមទាំងសំណេះសំណាលសួរសុខទុក្ខជាមួយមនុស្សវ័យចាស់ចំនួន ២០០នាក់ នៅសួនតេជោឈ្នះឈ្នះ ក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះលោក កែ គឹមយ៉ាន បាននាំនូវបណ្តាំផ្ញើសួរសុខទុក្ខ នឹករលឹក លើកទឹកចិត្ត ជូនពរជ័យពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាជូនដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនវ័យចាស់នៃមហាគ្រួសារ អ្នកខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះលោក កែ គឹមយ៉ាន និងលោកជំទាវ បានថ្វាយនូវគ្រឿងសក្ការៈបូជាបួងសួងសុំសេចក្តីសុខសប្បាយ សំណាងល្អដល់ប្រជាពលរដ្ឋយើងទាំងអស់គ្នានិងបានរៀបពិធីរាប់បាត្រព្រះសង្ឃចំនួន១០៨អង្គ ដើម្បីឧទ្ទិសផល កុសលដល់ញាតិការទាំង៧សណ្តាន បុព្វបុរស​ បុព្វការី​ជន​ ដួងវិញ្ញាណក្ខន្ធរបស់យុទ្ធជនពលីក្នុងបុព្វហេតុជាតិមាតុភូមិទៅចាប់យោងយកនៅឋានបរមសុខកុំប្បីឃ្លៀងឃ្លាតឡើយ ។

ជាមួយគ្នានេះលោក កែ គឹមយ៉ាន បានសំណូមពរដល់អ្នកចូលរួមនិងប្រជាពលរដ្ឋទាំងអស់ឲ្យបន្តរក្សានូវស្មារតីសាមគ្គីភាព ឯកភាពជាតិ ជឿជាក់លើរាជរដ្ឋាភិបាល កុំជឿលើការឃោសនាអកុសលផ្សេងៗ និងក្នុងឱកាសឆ្នាំថ្មី សុំរួមគ្នាលេងល្បែងប្រជាប្រិយខ្មែរដើម្បីលើកកម្ពស់វប្បធម៌ដ៏ផូផង់របស់ខ្មែរយើង បើកបរដោយការអធ្យាស្រ័យ ចៀសឆ្ងាយមិនទៅប្រើគ្រឿងញៀន និងថែរក្សាសុខភាពក្នុងរដូវក្តៅនេះ។

ជាមួយគ្នានេះ ជាមួយនឹងទឹកចិត្តសទ្ធាជ្រះថ្លាលោក កែ គឹមយ៉ាន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បាននាំយកបច្ច័យ ទេយ្យទាន ទេយ្យវត្ថុវេរប្រគេនព្រះសង្ឃ ១០៨អង្គ និងអំណោយជាថវិកា សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ ចែកជូនដល់មនុស្សវ័យចាស់ចំនួន២០០នាក់ផងដែរ៕