មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួស ១ខ្សែ ប្រវែង ៩គីឡូម៉ែត្រ នៅទីតាំងដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ
10-04-2026 17:30
(ឧត្តរមានជ័យ)៖ លោកស្រី ឯក គន្ធវារី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួស ចំនួន១ខ្សែ មាន ៤កំណាត់ ប្រវែងសរុប ៩ ០០០ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ សាងសង់លូមូលមុខមួយចំនួន ៦កន្លែង និងលូមូលមុខពីរចំនួន២កន្លែង ស្ថិតនៅទីតាំងដីសម្បទានសង្គមកិច្ច ក្នុងភូមិស្រះទឹកតេជោសែនជ័យ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ អនុវត្តដោយក្រុមហ៊ុន វិស្វកម្ម សំណាងខនស្ត្រាក់សិន។
នៅក្នុងឱកាសនោះដែរ លោកស្រី ឯក គន្ធវារី បានចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងមូលដ្ឋាននេះ ចំពោះការទទួលបានសមិទ្ធផលថ្មីបន្ថែមទៀតពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ គឺដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងការទទួលសេវាសាធារណៈនានា ព្រមទាំងបង្កើនការតភ្ជាប់រវាងភូមិ ទៅភូមិ និងឃុំទៅឃុំ ប្រើប្រាស់ ដោយចំណេញបានទាំងពេលវេលា និងថវិកា ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាជននៅតំបន់នោះ។
លោកស្រីអនុរដេ្ឋលេខាធិការ ក៏បានរំលេចអំពីយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលមានចក្ខុវិស័យប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ ខាងលើ ក្រសួងអភិវឌ្ឍន៍ជនបទបានដាក់ចេញនូវ គោលនយោបាយអភិវឌ្ឍន៍ជនបទ ដែលបានកំណត់ចក្ខុវិស័យ “កសាងតំបន់ជនបទកម្ពុជា ប្រកបដោយវិបុលភាព បរិយាប័ន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” ក្នុងគោលបំណងដើម្បី “(១) បង្កើនប្រាក់ចំណូលគ្រួសារនៅជនបទ ឱ្យមានជីវភាពសមរម្យ និងមានប្រាក់ចំណូលប្រកបដោយចីរភាព និង (២) បង្កើនសុខមាលភាពគ្រួសារនៅជនបទឱ្យមានសុខភាពល្អ និងរស់នៅក្នុងបរិស្ថានស្អាត” អមដោយយុទ្ធសាស្រ្តអាទិភាពជាសសរស្តម្ភចំនួន ៥ គឺ (ទី១) អភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធរូបវន្ត និងគមនាគមន៍ប្រកបដោយភាពធន់ (ទី២) លើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទ ប្រកបដោយនិរន្តភាព (ទី៣) អភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ (៤) ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និងនវានុវត្តន៍ការងារ និង (៥) ពង្រឹងស្ថាប័នតាមរយៈការរៀបចំគោលនយោបាយ ហិរញ្ញវត្ថុ ឌីជីថល និងសហប្រតិបត្តិការ។
ជុំវិញការចុះពិនិត្យផ្លូវខាងលើនេះដែរ លោកស្រី ឯក គន្ធវារី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ និងបានណែនាំដល់អាជ្ញាធរ សហការណែនាំ និងបំផុសឱ្យប្រជាពលរដ្ឋ ចូលរួមថែទាំផ្លូវនេះ ដោយមានការយាមកាមយ៉ាងហ្មត់ចត់ និងទប់ស្កាត់រថយន្តដឹកទំនិញលើសចំណុះ កុំឱ្យធ្វើចរាចរណ៍លើផ្លូវនេះ ដើម្បីរក្សាគុណភាពផ្លូវឱ្យបានគង់វង្សយូរអង្វែង និងចាត់ទុកផ្លូវនេះជាសម្បត្តិរួមរបស់ពួកគាត់៕


























