កាកបាទក្រហមកម្ពុជា រៀបចំកម្មវិធីជួបជុំនិវត្តជនក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
10-04-2026 17:33
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បានរៀចំកម្មវិធីសំណេះសំណាលសួរសុខទុក្ខជាមួយនិវត្តជនកាកបាទក្រហមកម្ពុជា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្រោមអធិបតីភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងវត្តមានអញ្ជើញចូលរួមពីលោកអគ្គលេខាធិការរងទី២ ថ្នាក់ដឹកនាំ មន្ត្រីនៃទីស្នាក់ការកណ្តាល ព្រមទាំងនិវត្តជន ប្រមាណ ៥០នាក់។
ក្នុងឱកាសនោះលោកស្រីអគ្គលេខាធិការ នាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់និវត្តជន ប្រកបដោយក្តីនឹករលឹក ការស្រឡាញ់យ៉ាងជ្រាលជ្រៅ ចំពោះការលះបង់ដ៏ធំធេងក្នុងសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា កន្លងមក។
លោកស្រីបានជម្រាបជូនថា ថ្វីបើសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោកមិនបានអញ្ជើញមកសួរសុខទុក្ខលោកពូ អ្នកមីង ដែលជានិវត្តជនក៏ដោយ តែលោកមិនដែលភ្លេចទេ តែងតែចាត់ចែងរៀបចំឱ្យបានជួបជុំគ្នា ព្រមទាំងឧបត្ថម្ភក្នុងពេលបុណ្យ ជាពិសេសបុណ្យចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌ ជាដើម។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏មិនភ្លេចដែរថា ដោយសារមានមីងពូ បងប្អូនទាំងអស់ជានិវត្តជននេះហើយដែលបង្កលក្ខណៈសម្បត្តិឱ្យកាកបាទក្រហមកម្ពុជា បានដំណើរការល្អមានលទ្ធភាពដូចសព្វថ្ងៃ។
កាកបាទក្រហមកម្ពុជា ចាប់ផ្តើមពីបាតដៃទទេ និងធ្លាប់សុំជំនួយពីអន្តរជាតិអស់រយៈពេល២០ឆ្នាំ ដោយបានការចូលរួមរបស់និវត្តជន ដែលបានឧបត្ថម្ភគាំទ្រ ជំនះគ្រប់ឧបសគ្គ ឈរជ្រែង ដោយមិនបោះបង់ ទោះស្ថិតក្នុងស្ថានភាពកំពុងមានជម្លោះ កាត់ចម្ការមីន កាត់គ្រាប់ផ្លោង ឆ្លងកាត់ផ្លូវលំបាក កាលពីអតីតកាល ទើបសមាគមជាតិកាកបាទក្រហមកម្ពុជា អាចរីកចម្រើននិងមានភាពជាម្ចាស់ការដូចសព្វថ្ងៃ។
លោកស្រីថ្លែងបន្តថា ទោះបីពេលនេះលោកពូអ្នកមីងចូលនិវត្តន៍ក៏ដោយ តែអ្វីដែលពូមីងបានធ្វើកន្លងមកសម្រាប់កាកបាទក្រហមកម្ពុជា អស់រយៈពេល៣០ឆ្នាំកន្លងមកនេះ សុទ្ធតែជាផលដែលបានផ្តល់ឱ្យរហូតមកដល់បច្ចុប្បន្ននេះ។
លោកស្រីអគ្គលេខាធិការបានថ្លែងបន្តថា សុំឱ្យលោកពូអ្នកមីង រក្សាថែទាំទាំងចិត្តនិងកាយឱ្យទៅព្រមគ្នា ដូចពាក្យមួយឃ្លាពោលថា «សុខភាពផ្លូវចិត្តជាម្តាយ សុខភាពផ្លូវកាយគឺជាឪពុក » ទោះដល់ទីណាក៏ដោយក៏ត្រូវថែទាំជានិច្ច។
ជាទីបញ្ចប់លោកស្រីអគ្គលេខាធិការ បានជូនពរដល់និវត្តជនទាំងអស់នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ សូមទេវតារក្សាឆ្នាំថ្មី តាមបីបាច់ថែរក្សានិវត្តជនទាំងអស់ មានសុខភាពល្អ ជន្មាយុយឺនយូរ និងអញ្ជើញដល់ទីណាសូមប្រកបដោយសុវត្ថិភាព។
សូមបញ្ជាក់ថា ពិធីជួបសំណេះសំណាលជាមួយនិវត្តជនកាកបាទក្រហមកម្ពុជា តែងតែរៀបចំឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៥មក ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងគោលបំណងដើម្បីលើកទឹកចិត្ត និងដឹងគុណ ដល់និវត្តជនដែលខំពុះពារ តាំងពីសម័យគ្រាប់ផ្លោង ផ្លូវលំបាកមកម្លេះ។
ជាមួយគ្នានិវត្តជនទាំងអស់មានក្តីរំភើបឥតគណនា ដែលកាកបាទក្រហមកម្ពុជា បានរៀបចំឱ្យមានពិធីជួបជុំជារៀងរាល់ឆ្នាំ ដែលគាត់បានមកជួបជុំគ្នា ដើម្បីសំណេះសំណាល សាកសួរសុខទុក្ខ និងរំលឹកពីអនុស្សាវរីយ៍កាលនៅបំពេញសកម្មភាពមនុស្សធម៌កន្លងមក។ ជាពិសស អ្វីដែលធ្វើឱ្យគាត់បំភ្លេចមិនបាន គឺការនឹករលឹក និងការគិតគូររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន នេះជាឱសថទិព្វសម្រាប់គាត់ ជាកម្លាំងចិត្តសម្រាប់គាត់ និងបានសំណូមពរ សូមឱ្យមានពិធីសំណេះសំណាលដូចនេះ នៅឆ្នាំក្រោយៗទៀត។ ពិសេសបានបង្ហាញនូវសេចក្តីដឹងគុណ និងថ្លែងអំណរគុណ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន និងបានលើកដៃសំពះបួងសួង និងជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន និងសម្តេចតេជោ សូមមានសុខភាពល្អ ជន្មាយុយឺនយូរនិងឈ្នះអស់មារ សត្រូវគ្រប់ទិសទី៕









































