អ្នកឧកញ៉ាបណ្ឌិត ជា រតនា រៀបចំពិធីជប់លៀងជូនដល់បុគ្គលិកសណ្ឋាគារ SUN & MOON ដើម្បីលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងធ្វើឱ្យសណ្ឋាគានៅបន្តដំណើរការយ៉ាងរឹងមាំ និងមានកំណើនដល់ពេលបច្ចុប្បន្ន

10-04-2026 18:52

(ភ្នំពេញ)៖ អ្នកឧកញ៉ាបណ្ឌិត ជា រតនា អគ្គនាយកសណ្ឋាគារ SUN & MOON និងជាអ្នកជំនួញដ៏ល្បីមួយរូបនៅកម្ពុជា នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ បានរៀបចំពិធីជប់លាងបុគ្គលិកប្រចាំឆ្នាំ របស់គ្រួសារសាន់ & មូន ដែលបាននាំមកនូវភាពសប្បាយរីករាយ ក្រោមប្រធានបទ «ខ្មែរ រ៉ុក & រ៉ូល» ដើម្បីលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងរួមចំណែកធ្វើឱ្យសណ្ឋាគាដំណើរការបានយ៉ាងល្អប្រសើរ ដែលមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់នៃគ្រួសារ សាន់ & មូន សរុបជាង ៤០០ នាក់។

នៅក្នុងឱកាសនោះអ្នកឧកញ៉ាបណ្ឌិត ជា រតនា បានថ្លែងអរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈគ្រប់គ្រង និងបុគ្គលិកនៃគ្រួសារ សាន់ & មូន រួមជាមួយនិងសហការីទាំងអស់ដែលមានវត្តមាននៅទីនេះក្តី ក៏ដូចជាអ្នកដែលកំពុងតែធ្វើការងារក្តី ដែលបានរួមចំណែកយ៉ាងសកម្ម ធ្វើឱ្យសណ្ឋាគារដំណើរការបានរហូតមកដល់បច្ចុប្បន្ន និងសូមជូនពរដល់ក្រុមគ្រួសារនៃ សាន់ &មូន ជួបតែសេចក្ដីសុខចម្រើន និងរុងរឿងជានិរន្ដន៍ ក្នុងឱ្យបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងមកដល់នាពេលខាងមុខ។

អ្នកឧកញ៉ាបណ្ឌិតបានថ្លែងថា «ទោះបីជាមានបញ្ហាសេដ្ឋកិច្ចសកល សង្រ្គាម និងជម្លោះតាមព្រំដែនក៏ដោយ ក៏ការសន្សំ និងការកែទម្រង់ផ្ទៃក្នុង បានជួយឱ្យសណ្ឋាគារ សាន់ & មូន នៅតែអាចឈរជើងបានយ៉ាងរឹងមាំ និងមានកំណើន ព្រមទាំងការខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្មរបស់គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ ទើបធ្វើឱ្យយើងអាចរៀបពិធីជប់លៀងប្រចាំឆ្នាំនៃក្រុមគ្រួសារ សាន់ & មូន យ៉ាងសប្បាយរីករាយពេលនេះ»។

ទន្ទឹមនឹងនេះអ្នកឧកញ៉ាបណ្ឌិតក៏បានណែនាំដល់បុគ្គលិកទាំងអស់ ត្រូវចេះយល់ដឹងពីសេដ្ឋកិច្ច ហិរញ្ញវត្ថុ ព្រមទាំងមានស្មារតីសាមគ្គីភាព ការចេះចែករំលែករវាងបុគ្គលិក និងបុគ្គលិក និងការឱ្យតម្លៃលើ ការសន្សំសំចៃ ដើម្បីត្រៀមខ្លួនទប់ទល់នឹងរាល់វិបត្តិផ្សេងៗដែលកើតមាននាពេលបច្ចុប្បន្ន និងអនាគត។

សូមជម្រាបថា ដើម្បីជាការថ្លែងការអរគុណពោរពេញដោយសេចក្ដីស្រលាញ់ និងភាពកក់ក្ដៅ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លី ហៀក រតនា បានរៀចំពិធីជប់លៀងប្រចាំនៃក្រុមគ្រួសារ សាន់ & មូន ដោយបានបង្កើតកម្មវិធីអាហារសាមគ្គីមួយដ៏អស្ចារ្យ មានការសម្ដែងសិល្បៈជាក្រុមរបស់បុគ្គលិក សាន់ & មូន, រាំលេងកំសាន្ដយ៉ាងសប្បាយរីករាយ, ហើយក៏មានកម្មវិធីប្រគល់បណ្ណសរសើរ និងប្រាក់រង្វាន់ជូនបុគ្គលិកឆ្នើមប្រចាំឆ្នាំ និងពានរង្វាន់ភាពស្មោះត្រង់ (Honesty Award) ផងដែរ ពិសេសនោះប្រគល់បណ្ណសរសើរ និងប្រាក់រង្វាន់នៃបុគ្គលិកបម្រើការងារនៅសណ្ឋាគារ ចាប់ពី៥-១០ឆ្នាំ រួមទាំងការចាប់រង្វាន់ផ្សងសំណាងជាច្រើនផ្សេងទៀត។

គួររម្លឹកផងដែរសណ្ឋាគារ សាន់ & មូន រីវើសាយ (Sun & Moon Riverside) បានបើកសម្ពោធនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណា ចក្រកម្ពុជា។ ទីតាំងរបស់សណ្ឋាគារមានភាពបត់បែនងាយស្រួល ក្នុងការរៀបចំពិធីអាពាហ៍ពិពាហ៍គ្រប់ទម្រង់ បែបប្រពៃណីបុរាណ បែបសម័យទំនើប និងបែបបស្ចឹមប្រទេសក៏ដូចជា កម្មវិធីថ្នាក់ជាតិនិងអន្តរជាតិផ្សេងៗ៕