កម្ពុជាបន្ដតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃ ដែលកាន់កាប់ដោយខុសច្បាប់នៅតំបន់ព្រំដែនកម្ពុជា (Video inside)
10-04-2026 20:09
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជំទាស់ជាផ្លូវការប្រឆាំងនឹងប្រទេសថៃ ចំពោះសកម្មភាពខុសច្បាប់នៅក្នុងតំបន់ដែលកាន់កាប់ដោយខុសច្បាប់ដោយកងកម្លាំងប្រដាប់អាវុធថៃនៅក្នុងខេត្តបាត់ដំបង និងឧត្ដរមានជ័យតាំងពីខែធ្នូ ឆ្នាំ២០២៥។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ បានសេចក្ដីប្រកាសព័ត៌មាន បង្ហាញអំពីការតវ៉ាចំពោះសកម្មភាពរបស់ភាគីថៃរួមមាន៖
*ការលើកដងទង់ជាតិថៃ នៅលើខ្នងទំនប់ខាងកើត នៃអូរទីពីរក្នុងស្រុកអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦
*ការសាងសង់របងព្រំដែនជាឯកតោភាគីនៅក្នុងតំបន់ចន្លោះបង្គោលព្រំដែនលេខ៥២ និង៥៤ ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦
*ការចុះពិនិត្យទីតាំងដោយគ្មានការអនុញ្ញាតនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ដឹកនាំដោយលោកឧត្ដមសេនីយ៍ប្រាផាសស៊នឆៃឌី (PrapasSornchaidee) មេបញ្ជាការកងទ័ពអាកាសថៃ (Thailand'sAirChiefMarshal) ដោយនាំក្រុមអ្នកសារព័ត៌មាន និងបរទេសទៅកាន់សណ្ឋាគារ RoyalHillHotel និងសណ្ឋាគារ Royal OSmach Hoteland Resort ក្នុងស្រុកអូរស្មាច់ ខេត្តឧត្តរមានជ័យ។
សកម្មភាពទាំងនេះ ដែលបង្ហាញពីការប្រើសិទ្ធិអំណាចរដ្ឋបាលដោយប្រទេសថៃ រំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ក៏ដូចជាលើចំណុចទីI (វិធានការកាត់បន្ថយភាពតានតឹង) នៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មការព្រំដែនទូទៅ (GBC) នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ការសាងសង់របងព្រំដែនដោយឯកតោភាគីនេះ កាន់តែផ្ទុយទៅនឹងអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) និងបានប៉ះពាល់ទៅលើការដាំបង្គោលព្រំដែនបណ្តោះអាសន្ន ដែលបានធ្វើដោយក្រុមវាស់វែងចម្រុះ នៃភាគីទាំងពីរគិតត្រឹមថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥។ កម្ពុជាក៏បដិសេធការប៉ុនប៉ងណាមួយ ក្នុងការប្រើប្រាស់ការទប់ស្កាត់ឧក្រិដ្ឋកម្ម ជាលេសសម្រាប់ការឈ្លានពានទឹកដីផងដែរ។
រាជរដ្ឋាភិបាលកម្ពុជា មិនទទួលស្គាល់ និងមិនទទួលយកនូវខ្សែព្រំដែន ឬការទាមទារទឹកដីណាមួយ ដែលអះអាងជាឯកតោភាគីដោយប្រទេសថៃ ជាដាច់ខាត។ បន្ថែមពីនេះសកម្មភាពដែលបានរៀបរាប់ខាងលើ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់សិទ្ធិស្របច្បាប់ឬជំហរបស់ព្រះរាជាណាចក្រកម្ពុជា ទាក់ទងទៅនឹងការកំណត់បន្ទាត់ព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។
រាជរដ្ឋាភិបាលកម្ពុជា អំពាវនាវឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងនេះដែលផ្ទុយទៅនឹងការអនុវត្តប្រកបដោយភាពស្មោះត្រង់នូវកិច្ចព្រមព្រៀងដែលមានស្រាប់និងពាក់ព័ន្ធនានាហើយត្រូវជៀសវាងធ្វើសកម្មភាពឯកតោភាគីស្រដៀងនេះទៀត។ ទាំងនេះជាភាពចាំបាច់ ដើម្បីកាត់បន្ថយភាពតានតឹងពង្រឹងជំនឿជាក់ និងទំនុកចិត្តទៅវិញទៅមក ព្រមទាំងរក្សាសន្តិភាពស្ថិរភាព និងភាពជាអ្នកជិតខាងល្អ តាមបណ្ដោយ
ព្រំដែន។
រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់យ៉ាងខ្ជាប់នូវការប្តេជ្ញាចិត្តមុតមាំរបស់ខ្លួន ក្នុងការស្វែងរកដំណោះស្រាយ ប្រកបដោយសន្តិវិធីចំពោះជម្លោះព្រំដែនទាំងអស់ ជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់របស់កម្ពុជា តាមរយៈមធ្យោបាយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀង
ទ្វេភាគីដែលមានស្រាប់ហើយកម្ពុជា នៅតែបន្តរក្សាជំហរជាគោលការណ៍របស់ខ្លួនដដែលថា ខ្សែព្រំដែនមិន
ត្រូវបានផ្លាស់ប្តូរដោយការប្រើកម្លាំងឡើយ៕






