ក្រុមការងារមូលនិធិសភាពាណិជ្ជកម្មកម្ពុជា ជួបសំណេះសំណាល និងនាំយកអំណោយជូនដល់វីរៈកងទ័ព នៅមូលដ្ឋានសមុទ្ររាម នាឱកាសបុណ្យចូលឆ្នាំថ្មី
10-04-2026 21:17
(ព្រះសីហនុ)៖ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី ដែលឈានចូលមកដល់នាពេលខាងមុខនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់
កម្ពុជា បានចាត់ឲ្យអ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំក្រុមការងារមូលនិធិសភាពាណិជ្ជកម្មកម្ពុជា ដើម្បីយកអំណោយរបស់មហាគ្រួសារសភាពាណិជ្ជកម្មកម្ពុជា និងសប្បុរសជន ដែលបានបរិច្ចាគតាមរយៈមូលនិធិសភាពាណិជ្ជកម្មកម្ពុជា ជូនដល់វីរៈកងទ័ព តាមរយៈលោកឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានផ្តាំផ្ញើសួរសុខទុក្ខដល់ មេបញ្ជាការមូលដ្ឋានសមុទ្ររាម វីរៈកងទ័ព និងគ្រួសារវីរៈកងទ័ពទាំងអស់ ដែលបានឈរជើងការពារយ៉ាងរឹងមាំនូវបូរណភាពទឹកដីពីការឈ្លានពានរបស់ខ្មាំងសត្រូវ។
អ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបន្ថែមថា មូលនិធិសភាពាណិជ្ជកម្មកម្ពុជា គឺជាគំនិតផ្តួចផ្តើមប្រកបដោយស្មារតីស្នេហាជាតិរបស់អ្នកឧកញ៉ា គិត ម៉េង ដើម្បីទទួលនូវអំណោយគ្រប់ប្រភេទ ក្នុងការរួមកម្លាំងខ្មែរតែមួយ ក្នុងការជួយដល់ជនភៀសសឹក និងវីរៈកងទ័ពកម្ពុជា ដែលបាននិងកំពុងខិតខំតស៊ូការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា និងចែកជូនប្រជាពលរដ្ឋដែលជាជនភៀសសឹក។
អំណោយសប្បុរសធម៌ ដែលក្រុមការងារមូលិនិធិសភាពាណិជ្ជកម្មកម្ពុជា នឹងយកចែកជូនវីរកងទ័ពនាពេលនេះ រួមមាន៖ ថវិកា, គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ។ ក្នុងឱកាសឆ្នាំថ្មីសូមប្រោះព្រំប្រសិទ្ធពរជ័យ មេបញ្ជាការ នាយនាវី នាយនាវីរង ពលនាវិក មូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ និងវីរៈកងទ័ពទាំងអស់ សូមមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។
ថ្លែងនាឱកាសនោះ លោកឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម ថ្លែងអំណរគុណចំពោះអ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជានិងក្រុមការងារដែលបានអញ្ជើញមកសំណេះសំណាល និងចែកអំណោយ ជូនគ្រួសារយោធិនបំពេញបេសកកម្មជួរមុខតាមបណ្តោយបន្ទាត់ព្រំដែន។ វត្តមានរបស់សភាពាណិជ្ជកម្ម នៅពេលនេះបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ ក៏ដូចជាការលើកទឹកចិត្តដល់យោធិន ព្រមទាំងក្រុមគ្រួសារយោធិនរបស់មូលដ្ឋានសមុទ្ររាម។
ជាការពិតណាស់ បច្ចុប្បន្ននេះសភាពការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតែជាបញ្ហាដែលស្ថិតក្នុងការតាមដានដោយយកចិត្តទុកដាក់ ពីការគម្រាមកំហែង និងឈ្លានពាន ដោយ យោធាថៃ។ ទោះយ៉ាងណាក៏ដោយ យោធិនកម្ពុជាបានគោរពអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ក្នុងការការពារបូរណភាពទឹកដីគ្រប់កាលៈទេសៈ ដោយសេចក្តីថ្លៃថ្នូរបំផុត។
ជាមួយគ្នានេះ ក្នុងពេលដែលប្រទេសជាតិ កំពុងតែជួបទុក្ខលំបាកសង្កេតឃើញថា មានសប្បុរសជនជាច្រើន បានចូលរួមយ៉ាងសកម្មដោយស្មារតីសាមគ្គីជាតិ ក្នុងការជួយ ជ្រោមជ្រែងឧបត្ថម្ភដល់កងទ័ព និងប្រជាពលរដ្ឋខ្វះខាតជាក់ស្តែងថ្ងៃនេះ សភាពាណិជ្ជកម្មកម្ពុជានាំយកអំណោយរបស់មហាគ្រួសារសភាពាណិជ្ជកម្មកម្ពុជា និងសប្បុរសជនដែលបានបរិច្ចាគតាមរយៈមូលនិធិសភាពាណិជ្ជកម្មកម្ពុជា ជូនដល់វីរៈកងទ័ព នៅមូលដ្ឋានសមុទ្ររាមផងដែរ៕











































