អគ្គិសនីកម្ពុជា ចុះអនុស្សរណ:យោគយល់គ្នាជាមួយ ក្រុមហ៊ុនបណ្តាញអគ្គិសនីជាតិភាគខាងត្បូង ប្រទេសចិន បង្កើនចំណងមិត្តភាព កិច្ចសហប្រតិបត្តិការបច្ចេកទេស និងទាក់ទាញការវិនិយោគ
11-04-2026 09:50
(កោះកុង)៖ អគ្គិសនីកម្ពុជា (EDC) នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ នៅស្ថានីយ៍វារីអគ្គិសនីតាតៃ ខេត្តកោះកុង បានចុះអនុស្សរណ:យោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុនបណ្តាញអគ្គិសនីជាតិភាគខាងត្បូងប្រទេសចិន (CSG-LMI) ក្រោមអធិបតីភាពរបស់លោក កែវ រតនៈ រដ្ឋមន្ត្រី ក្រសួងរ៉ែ និងថាមពល។
គោលបំណងនៃ MOU នេះគឺដើម្បីបង្កើនចំណងមិត្តភាព កិច្ចសហប្រតិបត្តិការបច្ចេកទេស ទាក់ទាញការវិនិយោគ រវាង ប្រទេសទាំងពីរ ក្នុងវិស័យអគ្គិសនី រួមមានដូចជា៖
១. ការគាំទ្រផ្តល់ប្រឹក្សាបច្ចេកទេសទំនើបជឿនលឿន (Modern Technical Support) ពីអ្នកជំនាញបច្ចេកទេសចិន និងចូលរួមជួយដោះស្រាយបញ្ហាបច្ចេកទេស នៅពេលមានសំណូមពរពីភាគីកម្ពុជា។
២. ការផ្លាស់ប្តូរបច្ចេកទេស (Technical Exchange) ដោយមានការផ្តល់ឱកាសដល់បុគ្គលិកជំនាញបច្ចេកទេសអគ្គិសនីកម្ពុជា ទៅហ្វឹកហាត់ការងារដោយផ្ទាល់នៅប្រទេសចិន។
៣. ការបង្កើនធនធានបច្ចេកទេស (Technical Training) ផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសសម្រាប់បុគ្គលិកអគ្គិសនីកម្ពុជា នៅតាមបណ្តាក្រុមហ៊ុនរបស់ បណ្តាញអគ្គិសនីជាតិខាងត្បូងប្រទេសចិន និងនៅប្រទេសកម្ពុជាផ្ទាល់។
៤. ការអភិវឌ្ឍធនធានមនុស្ស (Capacity Development) ដោយមានការផ្តល់អាហារូបករណ៍វិស្វកម្មដល់និស្សិតកម្ពុជា ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់អនុបណ្ឌិត/បណ្ឌិត ក្នុងវិស័យអគ្គិសនី នៅតាមបណ្តាសកលវិទ្យាល័យដៃគូនានា របស់ក្រុមហ៊ុនបណ្តាញអគ្គិសនីជាតិខាងត្បូងប្រទេសចិន។
អនុស្សរណ:យោគយល់គ្នានេះ នឹងផ្តល់សារប្រយោជន៍ច្រើនដល់អគ្គិសនីកម្ពុជា ក្នុងការជំរុញអភិវឌ្ឍធនធានមនុស្ស ដើម្បីបំពេញបន្ថែមសមត្ថភាពជំនាញបច្ចេកទេស ព្រមទាំងរៀបចំសិក្សាការតភ្ជាប់បណ្តាញអគ្គិសនីតង់ស្សុងខ្ពស់បំផុត (Extra High Voltage) ជំហានដំបូង រវាងខាងត្បូងប្រទេសចិន ឡាវ កម្ពុជា និងឈានទៅតភ្ជាប់ដល់បណ្តាប្រទេសអាស៊ានផ្សេងទៀតនាជំហានបន្តបន្ទាប់៕







