អតីតពលករមកពីប្រទេសថៃសប្បាយចិត្តនិងអរគុណរាជរដ្ឋាភិបាលដែលចេញថ្លៃធ្វើតេស្ត RPL ជូនពួកគាត់
11-04-2026 11:45
(ភ្នំពេញ)៖ អតីតពលករមកពីប្រទេសថៃ លោក សេង សុខា សប្បាយចិត្តនិងអរគុណរាជរដ្ឋាភិបាល ដែលបានចេញថ្លៃចុះឈ្មោះធ្វើតេសទទួលស្គាល់ជំនាញពីមុន (RPL) ជូនរូបលោកដើម្បីបញ្ចេញសមត្ថភាពនិងទទួលបានវិញ្ញាបតបត្រជំនាញជាផ្លូវការយកទៅប្រើប្រាស់។
អតីតពលករមកពីប្រទេសថៃរូបនេះ មិននឹកស្មានថា ពេលត្រឡប់មកមាតុប្រទេសវិញរាជរដ្ឋាភិបាលចាំជួយ យកចិត្តទុកដាក់ជួយយកអាសាជាខ្លាំងថែម ទាំងបង់ថ្លៃចុះឈ្មោះធ្វើតេស្តជំនួសរូបលោកដើម្បីមានឱកាសបញ្ចេញសមត្ថភាពទទួលបានវិញ្ញាបនបត្រជំនាញទៀតផង។
លោកបាននិយាយថា៖ «ខ្ញុំអរគុណដល់រាជរដ្ឋាភិបាល និងក្រសួងការងារ ដែលផ្តល់ឱកាសដល់យើងខ្ញុំទាំងអស់គ្នា ជាពិសេសគឺការធ្វើតេស្តមានការចេញថ្លៃពីរដ្ឋាភិបាល ចឹងយើងអត់មានអស់លុយទេ យើងគ្រាន់តែមកបញ្ចេញសមត្ថភាពដើម្បី(យកវិញ្ញាបនបត្រ)ទៅប្រើប្រាស់ពេលក្រោយ»។
ជាមួយគ្នានេះដែរ លោក សេង សុខា ក៏បានអំពាវនាវដល់ពលករទាំងអស់ពោលគឺទាំងអ្នកដែលបានត្រឡប់មកមាតុប្រទេសវិញហើយ និង អ្នកដែលមិនទាន់ត្រឡប់មកវិញក្តី សូមចាប់ឱកាសល្អនេះ ហើយមកចុះឈ្មោះធ្វើតេស្តបញ្ជាក់សមត្ថភាពដើម្បីទទួលបានវិញ្ញាបនបត្រជំនាញដែលជាតឹកតាងស្នាដៃបទពិសោធ ក្នុងការស្វែងរកការងារបានលឿនរហ័ស៕










