សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋចូលរួមសន្សំសំចៃការប្រើប្រាស់ភ្លើង និងប្រេងឥន្ធនៈ នៅចំពោះនឹងវិបត្តិតម្លៃប្រេងឥន្ទនៈឡើងថ្លៃ (Video inside)
11-04-2026 13:26
(តាកែវ)៖ ដើម្បីឆ្លើយតបទៅនឹងវិបត្តិតម្លៃប្រេងឥន្ទនៈកំពុងឡើងថ្លៃ ដែលបង្កញ្ហាប្រឈមនៅទូទាំងពិភពលោក និងដើម្បីកាត់បន្ថយការចំណាយលើការធ្វើដំណើរ, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវប្រជាពលរដ្ឋចូលរួមសន្សំសំចៃការប្រើប្រាស់ភ្លើង និងប្រេងឥន្ធនៈ។
ការអំពាវនាវបែបនេះរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេច និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីភាពរួមគ្នាបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោដំណាក់កាលទី២ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦នេះ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវយ៉ាងដូច្នេះថា៖ «ខ្ញុំឱ្យប្រជាពលរដ្ឋចូលរួមក្នុងការសន្សំសំចៃប្រេង សន្សំសំចៃភ្លើង ពីព្រោះអាហ្នឹងវាពាក់ព័ន្ធនឹងជីវភាពរស់នៅរបស់ខ្លួន ហើយរដ្ឋបាលរាជធានី ខេត្តក៏ត្រវមើលដែរ កន្លែងណាអស់មនុស្សត្រូវបិទទៅ កុំឱ្យអស់ភ្លើង ចូលរួមទាំងអស់គ្នា»។
សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានឱ្យអភិបាលរាជធានីខេត្តទាំងអស់ គិតគូរ លើការសន្សំសំចៃ ជាពិសេសទៅលើការបើកភ្លើងបំភ្លឺសាធារណៈមួយចំនួន ប្រសិនបើគ្មានការចាំបាច់ ឱ្យបិទខ្លះ លើកលែងកន្លែងដែលទាមទារខ្ពស់លើសុវត្ថិភាព។
ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សិក្សាលើលទ្ធភាព ឱ្យសិស្សានុសិស្សមួយចំនួន ងាកមកសិក្សាតាមប្រព័ន្ធអនឡាញ ប្រសិនបើស្ថានភាពវិបត្តិប្រេងឥន្ធនៈទូទាំងពិភពលោក នៅបន្តក្នុងស្ថានភាពមិនប្រាកដប្រជា។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថាបញ្ហាវិបត្តិប្រេងឥន្ធនៈ ធ្វើឱ្យមានការរាំងស្ទះដល់ដំណើរការប្រចាំថ្ងៃ ការរស់នៅប្រចាំថ្ងៃ ដែលទាមទារឱ្យរាជរដ្ឋាភិបាល ត្រូវតែគិតគូរ និងដោះស្រាយជូនប្រជាពលរដ្ឋ ឱ្យបានលឿន និងប្រសិទ្ធភាព។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ «ថ្ងៃមុនឱ្យឯកឧត្តម ហង់ ជួនណារ៉ុន សិក្សា ថាបើសិនជាស្ថានភាពវាបន្តទៅថ្ងៃមុខបែបនេះ ហើយសម្តេចតេជោ ក៏បានលើកឡើង ហើយបានគិតគូររួចហើយ ថាតើសាលាមួយចំនួន ឧទាហរណ៍កម្រិតមធ្យមសិក្សា នៅទីប្រជុំជនដែលមានលទ្ធភាពរៀនតាមអនឡាញ តើអាចអនុវត្តទេ? បឋមសិក្សារៀននៅជាប់ផ្ទះ និងឱ្យទៅរៀន ប៉ុន្តែឱ្យវាយតម្លៃជាក់ស្តែងតែម្តង»។
បន្ថែមលើនេះ សម្តេចបវរធិបតី សង្ឃឹមថា វិប្បត្តិនិងបញ្ហាប្រេងឥន្ធនៈ ដែលកើតឡើងដោយសង្គ្រាមនៅម ជ្ឈិមបូព៌ា នឹងមិននៅយូរអង្វែងតទៅទៀត ខណៈដែលរាជរដ្ឋាភិបាល ត្រូវតែត្រៀមលក្ខណៈ ក្នុងការកាត់បន្ថយចំណាយ ទៅលើការធ្វើដំណើរ ដែលជាប់ពាក់ព័ន្ធនឹងប្រេងឥន្ធនៈ និងវិធានការផ្សេងៗផងដែរ៕
Live 9:53:17 - 9:55:35






















































































