ភូមិកោះពាមរាំង នៅស្រុកពាមជរ ខេត្តព្រៃវែង ជាប់ជាភូមិគំរូកម្រិតផ្កាយ២ ទូទាំងប្រទេស, អាជ្ញាធរ និងពលរដ្ឋ រៀបចំពិធីបុណ្យអបអរសាទរ
11-04-2026 14:31
(ព្រៃវែង)៖ លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង និងមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ទីប្រឹក្សាគណៈសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំរៀបចំពិធីបុណ្យអបអរសាទរ ភូមិកោះពាមរាំង ទទួលបានជាភូមិគំរូកម្រិតផ្កាយ២ ទូទាំងប្រទេស។
ពិធីបុណ្យនេះមានការចូលរួមពីព្រះឧត្តមមេធា គឹម វៃ ព្រះគ្រូអនុគណស្រុកពាមជរ ព្រះគ្រូចៅអធិការទាំងបីវត្ត ក្នុងឃុំកោះចេក ,លោក យស ស៊ីណាត អភិបាលស្រុកពាមជរ រដ្ឋបាលឃុំកោះចេក ប៉ុស្តិ៍នគរបាលរដ្ឋបាលកោះចេកមណ្ឌលសុខភាពកោះចេក ថ្នាក់ដឹកនាំភូមិទាំង៤ភូមិ លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ សាលាអនុវិទ្យាល័យកោះចេក លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សាទាំង៤ លោកអាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទទូទាំងឃុំកោះចេកយ៉ាងច្រើនកុះករ នៅបរិវេណវត្តនវទីបនារាម(ហៅវត្តកោះពាមរាំង) នៅភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង។
នាឱកាសនោះលោក ឡុក វុឌ្ឍី បានថ្លែងថា ការកំណត់លក្ខណៈសម្បត្តិ «ភូមិគំរូ» ព្រោះភូមិគំរូ ជាភូមិឋានដែលមានការអភិវឌ្ឍចម្រុះ ដោយមានការចូលរួមរបស់ប្រជាជនក្នុង នាមជាម្ចាស់ជោគវាសនារបស់ខ្លួន, ធានាបាននូវចរន្តសេដ្ឋកិច្ចនិងនិរន្តរភាពប្រាក់ចំណូល គ្រួសារ, ទទួលបានប្រសិទ្ធភាពនៃសេវាសង្គមកិច្ច, មានសុខភាពនិងបរិស្ថានរស់នៅល្អ, មានសេចក្តីថ្លៃថ្នូរ, ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ និងអភិបាលកិច្ចល្អ។
លោកបានគូសបញ្ជាក់ថា លក្ខណៈវិនិច្ឆ័យនៃ «ភូមិគំរូ» ចំនួន២៥ លក្ខណ្ឌ ដែលអនុលោមតាមលក្ខណៈសម្បត្តិចំនួន ៥ គឺ៖ ទី១.សេដ្ឋកិច្ច ទី២.សង្គមនិងវប្បធម៌ ទី៣. សុខភាពនិងបរិស្ថាន រស់នៅ ទី៤. ហេដ្ឋារចនាសម្ព័ន្ធ និងទី៥.អភិបាលកិច្ច។
* សេដ្ឋកិច្ច៖ សំដៅដល់លក្ខខណ្ឌដែលប្រជាពលរដ្ឋនៅក្នុងភូមិទទួលបានប្រាក់ចំណូលប្រចាំខែរបស់គ្រួសារ, ការងារ និងកម្លាំងពលកម្ម,ការប្រើប្រាស់សេវាមីក្រូហិរញ្ញវត្ថុ, សំណង់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋក្នុងភូមិ និង មធ្យោបាយប្រើប្រាស់ផលិតកម្ម និងទ្រព្យសម្បត្តិ។
* សង្គម និងវប្បធម៌៖ សំដៅដល់លក្ខខណ្ឌ ដែលប្រជាពលរដ្ឋនៅក្នុងភូមិទទួលបានកម្រិតអប់រំមូលដ្ឋានរបស់កុមារ និងយុវជន, ជំនាញមូលដ្ឋាននិងបំណិនជីវិត, ស្មារតីសមូហភាព និងសាមគ្គីភាពក្នុងសហគមន៍, វប្បធម៌ និងប្រពៃណីដូនតា, និងការចូលរួមរបស់ស្ត្រី និងជនមានពិការភាព។
* សុខភាព និងបរិស្ថានរស់នៅ៖ សំដៅដល់លក្ខខណ្ឌដែលប្រជាពលរដ្ឋនៅក្នុងភូមិទទួលបានសេវាទឹកស្អាត,សេវាអនាម័ យ,សេវាសុខភាពមូលដ្ឋាន, ការអភិវឌ្ឍបៃតងក្នុងភូមិ, និងការគ្រប់គ្រងនិងទុកដាក់កាកសំណល់ផ្សេងៗ។
* ហេដ្ឋារចនាសម្ព័ន្ធ៖ សំដៅដល់លក្ខខណ្ឌដែលប្រជាពលរដ្ឋនៅក្នុងភូមិទទួលបានការអភិវឌ្ឍផ្លូវក្នុងភូមិ,ការផ្គត់ផ្គង់អគ្គិសនី, ការស្រោចស្រព ឬដាំដុះគ្រប់រដូវកាល,ការកសាងសំណង់អគារសាធារណៈរបស់ភូមិ, និងការប្រើប្រាស់បច្ចេកវិទ្យា ឌីជីថល។
* អភិបាលកិច្ច៖ សំដៅដល់លក្ខខណ្ឌ ដែលប្រជាពលរដ្ឋនៅក្នុងភូមិទទួលបានការដឹកនាំ និងសម្របសម្រួលការងារ អភិវឌ្ឍន៍ភូមិ,ការរៀបចំផែនការអភិវឌ្ឍន៍ភូមិ, ការចងក្រងនិងបង្កើតសហគមន៍មូលដ្ឋាន, សេវាសាធារណៈ, និងការអនុវត្ត គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព។
ជាមួយគ្នានេះលោក មុិល គារី មេឃុំកោះចេក បានថ្លែងថា ប្រជាពលរដ្ឋរួមជាមួយអាជ្ញាធរ មានចិត្តសប្បាយរីករាយយ៉ាងខ្លាំង និងបានធ្វើពិធីបុណ្យអបអរសាទរភូមិកោះពាមរាំង ជាភូមិគំរូកម្រិតផ្កាយ ២ ទូទាំងប្រទេសនាពេលនេះ។ ទម្រាំបានជាភូមិគំរូកម្រិតផ្កា២ ទូទាំងប្រទេសនេះ អាជ្ញាធរចាប់ផ្តើមបំផុសប្រជាពលរដ្ឋឲ្យយល់ដឹងពីសុខភាព អនាម័យ បរិស្ថាននិងចូលរួមការងារសន្តិសុខ សណ្តាប់ធ្នាប់សព្វបែបយ៉ាងទាំងអស់ ទើបបងប្អូនប្រជាពលរដ្ឋយល់និងចូលរួមយ៉ាងសកម្ម។
លោក មុិល គារី បានបន្តថា ភូមិកោះពាមរាំងនេះ ពីដើមជាភូមិនៅដាច់ស្រយ៉ាល ដីកោះហ៊ុំពទ្ធ័ដោយទឹក ហើយការងារអភិវឌ្ឍន៍មានតិចតួចបំផុត ប៉ុន្តែក្រោយឆ្នាំ ២០១៨មក យើងចាប់ផ្ដើមអភិវឌ្ឍន៍នៅលើភូមិកោះពាមរាំងនេះដោយមានការគាំទ្រពីលោកអគ្គនាយក អៀង សុធារ៉ា ទីប្រឹក្សាគណៈសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា បានគាំទ្រលើគ្រប់វិស័យ ពិសេស ទឹកស្អាតនិងបរិស្ថាន វិស័យអប់រំ និងពន្យល់ប្រជាពលរដ្ឋឱ្យយល់ដឹងអំពីបរិស្ថាន និងអនាម័យផងដែរ៕





























