អភិបាលខេត្តកំពង់ឆ្នាំង ណែនាំឲ្យអង្គភាពមន្ទីរ និងស្ថាប័នរដ្ឋទូទាំងខេត្ត រៀបចំតុបតែងលម្អនៅតាមទីកំសាន្តនានា ដើម្បីត្រៀមទទួលអបអរទេវតាឆ្នាំថ្មី និងសម្រាប់ភ្ញៀវជាតិនិងភ្ញៀវបរទេសមកលេងកំសាន្ត
11-04-2026 14:51
(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំងនៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ បានរៀបចំពិធីសូត្រ មន្តចម្រើនព្រះបរិត្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ដែលឈានមកដល់ ក្នុងពេលឆាប់ៗខាងមុខនេះ និងដើម្បីឧទ្ទិសកុសលដល់បុព្វការីជន និងវីរៈយុទ្ធជន វីរៈនគរបាល ដែលបានពលីជីវិតនៅក្នុងសមរភូមិក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងសុំសេចក្តីសុខចម្រើនពីទេវតាឆ្នាំថ្មីកាត់ផ្ដាច់ នូវឧបទ្រពចង្រៃ ទទួលពរជ័យសិរីមង្គលជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកស្រីជាភរិយា, លោក ស៉ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត, លោកស្រី កែ ច័ន្ទមុន្នី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង, លោក ឡុង ឈុ នឡៃ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង,ថ្នាក់ដឹកនាំខេ ត្ត-ថ្នាក់ដឹកនាំក្រុង-ស្រុក និងមន្ត្រីរាជការជាច្រើនរូបទៀតអញ្ជើញចូលរួមយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះផងដែរ លោកអភិបាលខេត្ត បានផ្ដាំផ្ញើប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្ត ដើម្បីត្រៀមសម្រាប់បុណ្យ ចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០២៦ ខាងមុខនេះឱ្យប្រព្រឹត្ត ទៅប្រកបដោយភាពសុខសាន្ត និងសប្បាយរីករាយ។
អភិបាលខេត្តក៏បានជំរុញសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់បង្កើនការប្រុងប្រយ័ត្ន ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ សម្រួលចរាចរណ៍នៅតាមតំបន់ដែលមានការកកស្ទះ និងត្រៀមក្រុមការងារបច្ចេកទេសពន្លត់អគ្គីភ័យដើម្បីជួយសង្គ្រោះបន្ទាន់នៅពេលមានគ្រោះថ្នាក់កើតឡើង។
ការណែនាំរបស់លោកអភិបាលខេត្តនេះ ក្នុងគោលបំណងធានាថា ប្រជាពលរដ្ឋអាចប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីរយៈពេល៣ថ្ងៃនេះ ក្នុងបរិយាកាសសប្បាយរីករាយ សុខសាន្ត និងសុវត្ថិភាព ស្របតាមគោលនយោបាយភូមិឃុំមានសុវ ត្ថិភាព ដើម្បីផ្ដល់ភាពសុខសាន្តជូនប្រជាពលរដ្ឋអាចចូល រួមលេងកម្សាន្តដោយរីករាយនិងគ្មានបារម្ភ។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃនោះដែរ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំអាហារសាមគ្គី និងមានការប្រគុំតន្ត្រីរាំលេងកំសាន្ត ដើម្បីត្រៀមទទួលអបអរទេវតាឆ្នាំថ្មីប្រកបដោយទឹ កចិត្តសប្បាយរីករាយ ជាមួយនឹងការលេង ល្បែងប្រជាប្រិយខ្មែរ និងការតុបតែងលម្អបំពាក់ផ្កាភ្ញីនិងភ្លើងពណ៌ចម្រុះផ្សេងៗនៅតាមទីកំសាន្តនានាក្នុងបរិវេណក្រុងកំពង់ឆ្នាំងដែលមើលទៅគួរជាទីចំណាប់អារម្មណ៍៕








































