យុវជនអគ្គិសនីកម្ពុជា ចុះទស្សនកិច្ចរោងចក្រអគ្គិសនីដើរ ដោយឧស្ម័នធម្មជាតិ អានុភាព 900MW និងចូលរួមបើកការដ្ឋានសាងសង់ គម្រោងវារីអគ្គិសនីបូមទឹកស្តុកទុកស្ទឹងតាតៃលើ នៅខេត្តកោះកុង

11-04-2026 14:58

(កោះកុង)៖ ដោយមានការអនុញ្ញាតពីលោករដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោកប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយកអគ្គិសនីកម្ពុជា នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ យុវជនអគ្គិសនីកម្ពុជា ដែលមានសមាជិកចូលរួមមកពីគ្រប់បណ្ដាអង្គភាពនៃអគ្គិសនីកម្ពុជារួមមាននាយកដ្ឋាន វិទ្យាស្ថានវិទ្យាសាស្រ្តអគ្គិសនី រោងចក្រអគ្គិសនី សាខាអគ្គិសនីនៅរាជធានីភ្នំពេញ និងអគ្គិសនីខេត្តទាំងអស់ បានបំពេញទស្សនកិច្ចសិក្សា ទៅកាន់ការដ្ឋានសាងសង់រោងចក្រអគ្គិសនីដើរដោយឧស្ម័នធម្មជាតិ (LNG) អានុភាព ៩០០ មេហ្កាវ៉ាត់ ស្ថិតនៅក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង ។

ក្នុងឱកាសនេះ យុវជនអគ្គិសនីកម្ពុជាបានស្វែងយល់ពីប្រព័ន្ធដំណើរការផលិតអគ្គិសនីប្រើឧស្ម័នធម្មជាតិ (LNG) យ៉ាងលម្អិត រាប់ចាប់តាំងពីកាតដឹកជញ្ជូនឧស្ម័នធម្មជាតិរាវពីកប៉ាល់ បញ្ចូលទៅក្នុងអាងស្តុករហូតដល់ខ្សែចង្វាក់នៃការការផលិតបានជាថាមពលអគ្គិសនីបញ្ជូនចូលទៅក្នុងប្រព័ន្ធបណ្ដាញអគ្គិសនីជាតិ ។

នៅរសៀលថ្ងៃដដែល បន្ទាប់ពិធីចុះអនុស្សរណៈយោគយល់គ្នា (MOU) រវាងអគ្គិសនីកម្ពុជា និងក្រុមហ៊ុនបណ្ដាញអគ្គិសនីជាតិភាគខាងត្បូងប្រទេសចិន (CSG-LMI) លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល អមដំណើរដោយលោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយកអគ្គិសនីកម្ពុជា បានអនុញ្ញាតឱ្យយុវជនអគ្គិសនីកម្ពុជាចូលជួបសម្ដែងការគួរសម នៅស្ងានីយ័វារីអគ្គិសនីតាតៃ កំលាំង 246 MW ។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះ យុវជនអគ្គិសនីកម្ពុជាបានយល់កាន់តែជាក់ច្បាស់បន្ថែមស្តីពីសាវតានៃការអភិវឌ្ឍវិស័យអគ្គិសនីនៅប្រទេសកម្ពុជា ក៏ដូចជាប្រវត្តិនៃការកកើតស្ថានីយវារីអគ្គិសនីស្ទឹងតាតៃ និងបណ្តាលប្រភពផ្សេងៗទៀត ជាពិសេសប្រភេទស្អាតករកើតឡើងវិញ។

ជាចុងបញ្ចប់ លោករដ្ឋមន្រ្តី ក៏បានផ្ដាំផ្ញើ និងលើកទឹកចិត្តដល់យុវជនអគ្គិសនីកម្ពុជាគ្រប់រូបឱ្យបន្តចូលរួមយ៉ាងសកម្មក្នុងកិច្ចការងារអភិវឌ្ឍវិស័យអគ្គិសនីនៅប្រទេសកម្ពុជានិយាយដោយឡែក និងការអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជានិយាយជារួម និងបន្តចូលរួមជួយសង្គមជាតិ។

បន្តទៅព្រឹកថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២៦ នៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង យុវជនអគ្គិសនីកម្ពុជាបានចូលរួមក្នុងកម្មវិធីជាប្រវត្តិសាស្រ្ត នោះគឺពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងវារីអគ្គិសនីបូមទឹកស្តុកទុកស្ទឹងតាតៃលើ អានុភាព ១០០០ មេហ្កាវ៉ាត់ ដែលជាគម្រោងដំបូងគេបង្អស់សម្រាប់ប្រភេទគម្រោងថាមពលអគ្គិសនីបែបនេះ ។

ដំណើរទស្សនកិច្ចសិក្សាខាងលើនេះ គឺជាសក្ខីកម្មយ៉ាងជាក់ច្បាស់នៃការយកចិត្តទុកដាក់ជាប់ជាប្រចាំពីថ្នាក់ដឹកនាំក្រសួងរ៉ែនិងថាមពល និងអគ្គិសនីកម្ពុជា ក្នុងការជម្រុញឲ្យយុវជនមានចក្ខុវិស័យទូលំទូលាយ បង្កើនចំណេះដឹងធនធានបច្ចេកទេសនិងការគ្រប់គ្រង ដែលជាកម្លាំងចលករមួយយ៉ាងសំខាន់ ចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព៕