រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្តាំមន្ទីរព័ត៌មានខេត្តតាកែវ ប្រឹងប្រែងធ្វើការឲ្យបានល្អប្រសើរជាងមុន សកម្មជាងមុន លើការផ្សព្វផ្សាយព័ត៌មាន

11-04-2026 15:17

(តាកែវ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើការលើកទឹកចិត្តមន្ត្រីរាជការនៅមន្ទីរព័ត៌មានខេត្តតាកែវទាំងអស់ ត្រូវប្រឹងប្រែងធ្វើការឲ្យបានល្អប្រសើរជាងមុន សកម្មជាងមុន ដែលនាំឲ្យថ្នាក់ដឹកនាំខេត្ត ជាពិសេសបងប្អូនប្រជាពលរដ្ឋមានការជឿទុកចិត្តលើការផ្សព្វផ្សាយព័ត៌មាន។

លោកផ្តាំបែបនេះ នៅថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តតាកែវ មុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឈានមកដល់។

ក្នុងឱកាសនោះលោករដ្ឋមន្ត្រី នេត្រ ភត្រា បានផ្តល់អនុសាសន៍ណែនាំមន្ត្រីទាំងអស់ ត្រូវពង្រឹងស្មារតីសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ និងបង្កើនកិច្ចសហការឱ្យបានល្អប្រសើរ ដើម្បីធ្វើយ៉ាងណាជំរុញការផ្សព្វផ្សាយព័ត៌មាន ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវឲ្យបានរហ័សទាន់ពេលវេលា និងផ្ដល់ការជឿជាក់លើការផ្សព្វផ្សាយព័ត៌មានរបស់មន្ទីរព័ត៌មានខេត្ត៕