សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី
11-04-2026 15:19
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានផ្ញើសារលិខិតជូនពរសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩។
សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារទាំងស្រុងដូចតទៅ៖ «ក្នុងឱកាសអភិមង្គលដ៏មហាបវរនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ដែលនឹងឈានចូលមកដល់នៅថ្ងៃអង្គារ ១២រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស.២០២៦ វេលាម៉ោង ១០:៤៨នាទីព្រឹកនេះ ក្នុងនាមព្រឹទ្ធសភានៃព្រះរាជា ណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅ និងសព្ទសាធុការពរ គ្រប់ប្រការជូនចំពោះសម្តេចមហារដ្ឋសភាធិការធិបតី។
ខ្ញុំសូមយកឱកាសដ៏វិសេសវិសាលនេះ សម្តែងនូវការស្ងើចសរសើរ និងថ្លែងអំណរគុណដោយស្មោះ ចំពោះសម្តេចមហារដ្ឋសភាធិការធិបតី ដែលជាឥស្សរជនស្ត្រីដ៏ឆ្នើម ដែលបាននិងកំពុងដឹកនាំរដ្ឋសភាកម្ពុជា បំពេញមុខងារ និងតួនាទីយ៉ាងសំខាន់របស់សភាប្រកបដោយគតិបណ្ឌិត មនសិការស្នេហាជាតិនិងប្រជាជន ឆន្ទៈមោះមុត អង់អាចក្លាហាន សំដៅលើកកម្ពស់វប្បធម៌ប្រជាធិបតេយ្យ សន្តិភាព និងសហប្រតិបត្តិការ ដើម្បី កម្ពុជាអាចសម្រេចបានការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចីរភាព។
ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ជាពិសេសទេវតា ឆ្នាំថ្មីព្រះនាម រាក្យសាទេវី សូមព្រះមេត្តាយាងបីបាច់ថែរក្សាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្តេចមហារដ្ឋសភាធិការធិបតី ព្រមទាំងក្រុមគ្រួសារនិងសូមសម ប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ»៕





