ប្រកាសចូលកាន់តំណែងអភិបាលរងស្រុក និងនាយករដ្ឋបាលសាលាស្រុកត្បូងឃ្មុំថ្មី

11-04-2026 15:29

(ត្បូងឃ្មុំ)៖ លោក កេង ប៊ុនណា អភិបាលរងខេត្ត តំណាងលោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីប្រកាសចូលកាន់តំណែង លោក សុខ សុវណ្ណ ជាអភិបាលរងស្រុកត្បូងឃ្មុំ និងលោកស្រី ថុន ថាវី ជានាយករដ្ឋបាលសាលាស្រុកត្បូងឃ្មុំ។ ពិធីនេះ ធ្វើឡើងនារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុកត្បូងឃ្មុំ។

លោក សេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំ បានបង្ហាញរបាយការណ៍សង្ខេប លទ្ធផលការងារបម្រើសេវាធារណៈជូនពលរដ្ឋ និងការអភិវឌ្ឍន៍ក្នុងមូលដ្ឋានដែលសម្រេចបាន។ លោក គូសបញ្ជាក់ផងដែរថា ការប្រកាសតែងតាំងមុខតំណែងនាថ្ងៃនេះ គឺយោងទៅតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ និងយោងទៅតាមការចាំបាច់របស់រដ្ឋបាលស្រុកត្បូងឃ្មុំ ដើម្បីពង្រឹងក្បាលម៉ាស៊ីនដឹកនាំនៅថ្នាក់មូលដ្ឋាន។

បន្ទាប់ពី លោក សុខ សុវណ្ណ អភិបាលរងស្រុកត្បូងឃ្មុំ ទើបចូលកាន់តំណែងថ្មី បានឡើងប្តេជ្ញាចិត្ត នាឱកាសនោះ លោក កេង ប៊ុនណា អភិបាលរងខេត្ត បានផ្តល់អនុសាសន៍ផ្តាំផ្ញើដល់អភិបាលរងស្រុកថ្មី ត្រូវប្រកាន់ខ្ជាប់នូវ «មនសិការវិជ្ជាជីវៈ» និងត្រូវធ្វើជាមន្ត្រីដែល «ដឹងសុខទុក្ខពលរដ្ឋ»។

លោកអភិបាលរងខេត្ត ក៏បានសង្កត់ធ្ងន់ថា ការតែងតាំងនេះមិនមែនជាការផ្តល់បុណ្យសក្តិដើម្បីបង្អួតនោះទេ ប៉ុន្តែគឺជាការផ្តល់ទំនួលខុសត្រូវក្នុងការបម្រើប្រជាពលរដ្ឋ និងធ្វើយ៉ាងណាបំពេញកិច្ចការងារក្នុងមុខតំណែង ឱ្យបានល្អប្រសើរ ដើម្បីធ្វើយ៉ាងណាចូលរួមក្នុងការអភិវឌ្ឍស្រុកត្បូងឃ្មុំ ក៏ដូចជាខេត្តត្បូងឃ្មុំឱ្យកាន់តែរីកចម្រើនផងដែរ៕