សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្វាយព្រះពរ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកាព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី
11-04-2026 15:29
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានផ្ញើសារលិខិតសារលិខិតថ្វាយព្រះពរ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកាព្រឹទ្ធសភា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦។
សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារទាំងស្រុងដូចតទៅ៖ « ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រកបដោយសេចក្តីសោមនស្សរីករាយ នៃព្រះរាជពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នៅថ្ងៃអង្គារ ១២រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស.២០២៦ វេលាម៉ោង ១០:៤៨នាទីព្រឹក ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រ កម្ពុជា និងក្នុងនាមទូលព្រះបង្គំផ្ទាល់ ទូលព្រះបង្គំសូមចូលរួមសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅ និងសូម គោរពថ្វាយស់ព្ទសាធុការពរគ្រប់ប្រការចំពោះសម្តេចរាជបុត្រីព្រះអនុជ។
ទូលព្រះបង្គំ សូមសម្តែងនូវការកោតសរសើរចំពោះ សម្តេចរាជបុត្រីព្រះអនុជ ដែលបានខិតខំប្រឹងប្រែង យ៉ាងសកម្ម និងលះបង់កម្លាំងកាយចិត្ត ក្នុងការបំពេញភារកិច្ចថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជ មាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងបានចូលរួមជ្រោមជ្រែងស្ថាប័ននីតិប្បញ្ញត្តិឱ្យទទួលបាន លទ្ធផលដ៏ត្រចះត្រចង់ និងបានរួមចំណែកយ៉ាងសំខាន់ជួយឱ្យប្រជាជនកម្ពុជារស់ក្រោមម្លប់សុខសន្តិភាព សុវត្ថិភាព និងមានការអភិវឌ្ឍឥតឈប់ឈរ។ សម្តេចរាជបុត្រីព្រះអនុជ តែងខិតខំប្រឹងប្រែងលើកតម្កើងតម្លៃ និងតួនាទីរបស់ស្ត្រីកម្ពុជាឱ្យមានការយល់ដឹង និងទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិដែលជាគំរូដ៏ ល្អប្រពៃដល់ការប្រតិបត្តិសម្រាប់យុវជន យុវនារីជំនាន់ក្រោយ។
ទូលព្រះបង្គំ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ឫទ្ធិបារមីខ្លាំងក្លា នៃវត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មីព្រះនាម រាក្យសាទេវី សូមតាមជួយបីបាច់ថែរក្សាប្រោះព្រំនូវ សព្ទសាធុ ការពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការថ្វាយ សម្តេចរាជបុត្រីព្រះអនុជ ព្រមទាំងព្រះញាតិវង្ស និងសូមសម ប្រកបដោយពុទ្ធពរនិងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ»៕





