សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្វាយព្រះពរ សម្តេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី
11-04-2026 15:32
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានផ្ញើសារលិខិតសារលិខិតថ្វាយព្រះពរ សម្តេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦។
សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារទាំងស្រុងដូចតទៅ៖ « ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រកបដោយសេចក្តីសោមនស្សរីករាយ នៃព្រះរាជពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នៅថ្ងៃអង្គារ ១២រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ គ.ស. ២០២៦ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស.២០២៦ វេលាម៉ោង១០:៤៨នាទីព្រឹក ក្នុងនាមព្រឹទ្ធសភា និងក្នុង នាមទូលព្រះបង្គំផ្ទាល់ ទូលព្រះបង្គំសូមចូលរួមសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅ និងសូមគោរពថ្វាយព្រះ សព្ទសាធុការពរគ្រប់ប្រការចំពោះសម្តេចក្រុមព្រះ។
ទូលព្រះបង្គំ សូមសម្តែងនូវការកោតសរសើរថ្វាយចំពោះសម្តេចក្រុមព្រះ ដែលជាព្រះរាជឥស្សរជន ក្នុងព្រះរាជវង្សដ៏ល្អឆ្នើមមួយព្រះអង្គ ដែលទ្រង់ពេញព្រះហឫទ័យស្នេហា ជាតិ សាសនា ព្រះមហាក្សត្រ ប្រកបដោយព្រះឆន្ទៈ មនសិការមោះមុត ក្នុងការចូលរួមការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ និង ស្ថិរភាពនយោបាយ ព្រមទាំងពង្រឹងនិរន្តរភាពនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស នីតិរដ្ឋ និងការអភិវឌ្ឍ សេដ្ឋកិច្ច សង្គមក្រោមម្លប់សុខសន្តិភាព។
ទូលព្រះបង្គំ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ឫទ្ធិបារមីខ្លាំងក្លា នៃវត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មីព្រះនាម រាក្យសាទេវី សូមតាមជួយបីបាច់ថែរក្សាប្រោះព្រំនូវសព្ទសាធុការ ពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការថ្វាយ សម្តេចក្រុមព្រះ ព្រមទាំងព្រះរាជវង្សានុវង្សគ្រប់ព្រះអង្គ និងសូម សមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ»៕





