សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី
11-04-2026 15:52
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានផ្ញើសារលិខិតសារលិខិតជូនពរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦។
សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារទាំងស្រុងដូចតទៅ៖ «ក្នុងឱកាសអភិមង្គលដ៏មហាបវរនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ដែលនឹងឈានចូលមកដល់នៅថ្ងៃអង្គារ ១២រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស.២០២៦ វេលាម៉ោង ១០:៤៨នាទីព្រឹកនេះ ក្នុងនាមព្រឹទ្ធសភានៃព្រះរាជា ណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការអបអរសាទរប្រកបដោយសោមនស្សរីករាយ និង ភាពកក់ក្តៅ ព្រមទាំងសព្ទសាធុការពរគ្រប់ប្រការជូនចំពោះឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត។
ឯកឧត្តមកិត្តិនីកោសលបណ្ឌិត បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងបាន ចូលរួមយ៉ាងសកម្មជាមួយថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅស្ថាប័ននីតិប្បញ្ញត្តិ ក្នុងការ ដឹកនាំឱ្យសម្រេចបាននូវសមិទ្ធផលជាប្រវត្តិសាស្ត្រយ៉ាងច្រើន ដើម្បីបម្រើឧត្តមប្រយោជន៍សង្គមជាតិនិង ប្រជាជន ក្នុងបុព្វហេតុជាតិមាតុភូមិកម្ពុជាមានសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និង គ្រប់ផ្នែក រួមទាំងលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងសិទ្ធិមនុស្ស។
សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ជាពិសេសទេវតា ឆ្នាំថ្មីព្រះនាម រាក្យសាទេវី សូមព្រះមេត្តាយាងបីបាច់ថែរក្សាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត និងលោកជំទាវ ព្រមទាំងសាច់ញាតិ ក្រុមគ្រួសារ និងសូមសមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ»៕





