មន្ទីរសាធារណការខេត្តត្បូងឃ្មុំ ចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយ ចែកមួកសុវត្ថិភាព និងខិត្តបណ្ណប្រមាណ ១០០០សន្លឹក ពញាក់ស្មារតីពលរដ្ឋលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

11-04-2026 16:08

(ត្បូងឃ្មុំ)៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ លោក ប៉េង សម្បត្តិ អភិបាលរងខេត្ត តំណាងលោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ គ.ស២០២៦ខាងមុខនេះ ស្ថិតនៅរង្វង់មូលបេនឡានប្រធាតុ ក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ។

ក្នុងនោះមានការអញ្ជើញចូលរួមពីសំណាក់ ប្រធាន-អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សាខាកាកបាទក្រហមកម្ពុជាខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ លោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ បានគូសបញ្ជាក់ថា ក្នុងនាមអនុគណៈកម្មការសុវត្ថិភាពផ្លូវគោកខេត្ត ការចុះអប់រំផ្សព្វផ្សាយនាថ្ងៃនេះ ដោយសង្កេតឃើញថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកតែងតែកើតមានឡើងគួរឱ្យព្រួយបារម្ភ ជាពិសេសដើម្បីពញាក់ស្មារតីពលរដ្ឋស្របពេលថ្ងៃឈប់សម្រាកក្នុងឱកាសពិធីចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ។

ប្រធានមន្ទីរ ឲ្យដឹងថា ក្នុងយុទ្ធនាការនេះ ក្រុមការងារបានចាក់សារផ្សព្វផ្សាយ ចែកមួកសុត្ថិភាព ចំនួន៤០មួក ចែកចំណាំងផ្លាត ស្ទីកឃ័រ និងខិតបណ្ណ ប្រមាណ១០០០សន្លឹក ដល់អ្នកធ្វើដំណើរតាមដងផ្លូវ រួមមាន: ផ្ទាំងអប់រំ, ផ្ទាំងសញ្ញាចរាចរណ៍, ចំណាំងផ្លាត ៥០០ផ្ទាំង, សៀវភៅដែលអ្នកជិះម៉ូតូគួរយល់ដឹង ២០០ក្បាល, សៀវភៅច្បាប់ចរាចរណ៍ផ្លូវគោក២០០ក្បាល, ខិតបណ្ណសុវតិ្ថភាពចរាចរណ៍ ២០០ផ្ទាំង និងជំនួយស្មារតីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ២០០ផ្ទាំងផងដែរ។

ក្នុងឱកាសការនោះលោក ប៉េង សម្បត្តិ អភិបាលរងខេត្ត លើកឡើងថា ការធ្វើយុទ្ធនាការលើកកម្ពស់សុវត្ថិភាពចរាចរណ៍នេះតែងតែអនុវត្តជារៀងរាល់ឆ្នាំ ដើម្បីឆ្លើយតបទៅនឹងផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ និងការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា សូមឱ្យស្ថាប័នពាក់ព័ន្ធរួមគ្នាចូលរួមកាត់បន្ថយអត្រាស្លាប់ របួសធ្ងន់ និងពិការដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជាតាមតែអាចធ្វើទៅបាន។

អភិបាលរងខេត្ត បានអំពាវនាវសាធារណជនជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមមេត្តាខិតខំយកចិត្តទុកដាក់បង្កើនស្មារតីចូល រួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ជាមួយរាជរដ្ឋាភិបាល ក្នុងទិសដៅ «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍»៕