សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ ឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី
11-04-2026 16:34
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានផ្ញើសារលិខិតជូនពរ ឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦។
សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារទាំងស្រុងដូចតទៅ៖ « ក្នុងឱកាសអភិមង្គលដ៏មហាបវរនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ដែលនឹងឈានចូលមកដល់នៅថ្ងៃអង្គារ ១២រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស.២០២៦ វេលាម៉ោង ១០:៤៨នាទីព្រឹកនេះ ក្នុងនាមព្រឹទ្ធសភានៃព្រះរាជា ណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការអបអរសាទរប្រកបដោយសោមនស្សរីករាយ និង ភាពកក់ក្តៅ ព្រមទាំងសព្ទសាធុការពរគ្រប់ប្រការជូនចំពោះឯកឧត្តមប្រធាន។
ខ្ញុំសូមកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តមប្រធាន ដែលជាឥស្សរជនដ៏ឆ្នើម មួយរូប ពោរពេញដោយឯកទេសធម្មនុញ្ញនិងច្បាប់ និងស្មារតីស្នេហាជាតិមិនចេះរីងស្ងួត។ ឯកឧត្តមប្រធាន បានខិតខំប្រឹងប្រែងលើកកម្ពស់នីតិរដ្ឋតាមរយៈការពិនិត្យ និងសម្រេចអំពីធម្មនុញ្ញភាព ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ដែលការណ៍នេះ គឺដើម្បីជាតិមាតុភូមិ និងប្រជាជនកម្ពុជា ទទួលបានសេចក្តីសុខ ចម្រើន និងឧត្តមភាព ព្រមទាំងដើម្បីបន្តរួមចំណែកជាមួយរាជរដ្ឋាភិបាល ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ជាពិសេសទេវតា ឆ្នាំថ្មីព្រះនាម រាក្យសាទេវី សូមព្រះមេត្តាយាងបីបាច់ថែរក្សាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន ឯកឧត្តមប្រធាន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមសម ប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ»៕





