Fresh Exclusive: ហេតុអ្វីកម្ពុជា ដាក់អាទិភាពលើការទូតទ្វេភាគី ដើម្បីដោះស្រាយជម្លោះព្រំដែនជាមួយថៃ? (Video inside)
11-04-2026 18:21
(ភ្នំពេញ)៖ កម្ពុជាបានប្រកាសជ្រើសយកការទូតទ្វេភាគី ធ្វើជាអទិភាព ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ។ ជំហរនេះ ត្រូវបានចាត់ទុកថា វាជាជម្រើសយុទ្ធសាស្ត្រដែលផ្អែកលើបទពិសោធន៍សង្គ្រាម មូលដ្ឋានច្បាប់ និងការការពារជីវិតប្រជាជនជាអាទិភាព។
Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយជុំវិញប្រធានបទនេះ...
នៅពេលដែលសំឡេងខ្លះ ធ្វើការញុះញង់ឱ្យកម្ពុជាចូលទៅរកផ្លូវសង្គ្រាម ដើម្បីដណ្តើមយកទឹកដីវិញពីប្រទេសថៃ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត បានជ្រើសរើសផ្លូវផ្ទុយគ្នា គឺការទូត ការចរចា និងការប្រើច្បាប់ ដោយដាក់យន្តការទ្វេភាគីជាជម្រើសអាទិភាព ក្នុងការពារអធិបតេយ្យភាពជាតិ ដោយមិនបង្ហូរឈាម។ ការប្រកាសនូវអាទិភាពជម្រើសយន្តការទ្វេភាគី ត្រូវបានប្រកាសនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦។
ការជ្រើសយកយន្តការទ្វេភាគី មិនមែនជាការចុះចាញ់ ឬភាពទន់ខ្សោយនយោបាយទេ ប៉ុន្តែជាជម្រើសយុទ្ធសាស្ត្រ ដែលផ្អែកលើការវាយតម្លៃយ៉ាងប្រុងប្រយ័ត្ន៖ ការជៀសវាងសង្គ្រាមដែលមិនមានអ្នកឈ្នះពិតប្រាកដ ការប្រើប្រាស់មូលដ្ឋានច្បាប់ និងកិច្ចព្រមព្រៀងដែលមានស្រាប់ និងការជ្រើសរើសយន្តការដែលអាចអនុវត្តបានលឿន និងមានប្រសិទ្ធភាព។
* ចៀសវាងសង្គ្រាម ដើម្បីការពារជាតិ
បទពិសោធន៍សង្គ្រាមកន្លងមកបានបង្ហាញថា ការប្រើកម្លាំង មិនអាចនាំទៅរកដំណោះស្រាយយូរអង្វែងបានទេ។ ផ្ទុយទៅវិញ វាបានបង្កការបាត់បង់ធ្ងន់ធ្ងរ ទាំងជីវិត ទ្រព្យសម្បត្តិ និងស្ថិរភាពសង្គម។
សម្តេចបវរធិបតី ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ព្រែក ជីកហ្វូណនតេជោដំណាក់កាលទី២ បានបញ្ជាក់យ៉ាងច្បាស់ថា៖ «បើសិនជាយន្តការការទូតនៅសល់តែ១% ដែលអាចដោះបានក៏ដោយ មិនទាន់បិទផ្លូវ ឬក៏ងាប់នោះទេ គឺខ្ញុំត្រូវតែព្យាយាមវាឱ្យអស់លទ្ធភាពនោះសិន។ យើងមិនអាចបោះបង់ ចោល យកជីវិតប្រជាពលរដ្ឋ,យកទ្រព្យសម្បត្តិយកការបំផ្លិចបំផ្លាញទៅ…វាវេទនាណាស់ រួចទៅហើយៗវាយគ្នាវាមិនចេះចប់ទេ…សងទៅសងមក មិនចេះចប់ទេ»។
ភស្តុតាងជាក់ស្តែងបង្ហាញថា សង្គ្រាមកន្លងមកបានបង្កជនភៀសខ្លួនរាប់សែននាក់ និងបង្ខំឱ្យរាជរដ្ឋាភិបាលកម្ពុជា សាងសង់ផ្ទះបណ្តោះអាសន្នប្រមាណជាង ៣,០០០ខ្នងសម្រាប់ប្រជាជនរងគ្រោះ។ ដូច្នេះ ការជៀសវាងសង្គ្រាម មិនមែនជាការចុះចាញ់ឡើយ ប៉ុន្តែជាជម្រើសយុទ្ធសាស្ត្រដែលផ្អែកលើការពារជីវិតប្រជាជន ការការពារស្ថិរភាពសង្គម និងការធានាអនាគតប្រទេសកម្ពុជា។
* គោលនយោបាយដែលមាន «ចំណុចរួម» ជាមួយថៃ
កម្ពុជាមានជម្រើសចរចាគ្រប់ទាំងអស់ ទាំងទ្វេភាគី និងពហុភាគី ដែលរួមមានអាមេរិក-អាស៊ាន និងចិន។ ការជ្រើសយន្តការទ្វេភាគីនេះ មានមូលដ្ឋានលើការឃើញមាន «ចំណុចរួម» យ៉ាងហោច២ចំណុច រវាងគោលនយោបាយរបស់រាជដ្ឋាភិបាលកម្ពុជា និងថៃ ដែលកំពុងកាន់អំណាចបច្ចុប្បន្ន។
គោលជំហរទាំងពីរនោះ ត្រូវសម្តេចបវរធិបតីបានបញ្ជាក់យ៉ាងនេះថា៖ «ចំណុចអ្វីខ្លះដែលរួម? ទីមួយជំហររបស់កម្ពុជាគឺដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ ស្របតាមសន្ធិសញ្ញា អនុសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់។ នេះជាគោលការណ៍របស់យើងដោយសន្តិវិធី។ ម្សិលម្ងៃរដ្ឋាភិបាលថ្មីរបស់អនុទិន ប្រកាសគោលនយោបាយចំណុចទី៩ចុច២ ដែលប្រកាសពាក់ព័ន្ធទៅនឹងព្រំដែនកម្ពុជាថៃ «បន្តខិតខំដោះស្រាយស្ថានភាពថៃកម្ពុជា តាមវិធីសន្តិវិធី និងយុន្តការទ្វេភាគីដែលមានស្រាប់»។
នេះជាចំណុចរួមមួយ។ អញ្ចឹងគោលនយោបាយរបស់រដ្ឋាភិបាលទាំងពីរដែលជាគន្លឹះក្នុងការដោះស្រាយ វាមានហើយ ជាសាធារណៈ។ «ចំណុចទី២ កម្ពុជាគោរពកិច្ចព្រមព្រៀងដែលមានស្រាប់រួមទាំង កិច្ចព្រមព្រៀងគួឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា និងការប្រកាសរួមថ្ងៃទី២៧ ខែធ្នូ។ មកដល់ម៉ោងនេះ ទាំងរដ្ឋាភិបាលថៃ ទាំងយោធាថៃ អត់ទាន់មានប្រកាសទាត់ចោលនូវសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូនោះទេ មានតែបញ្ជាក់ហើយបញ្ជាក់ទៀតថា គេនៅគោរព»។
សម្តេចបវរធិបតី បានបន្ថែមថា ជំហរទាំងពីរនេះ គឺជាមូលដ្ឋានរួមសម្រាប់ដោះស្រាយបញ្ហាព្រំដែន តាមផ្លូវច្បាប់ និងបច្ចេកទេស ដើម្បីឆាប់ឈានទៅរកលទ្ធផលជាក់ស្តែង ដោយមិនចាំ បាច់ពឹងផ្អែកលើយន្តការឆ្ងាយ ឬស្មុគស្មាញជាងនេះឡើយ។ ក្នុងបរិបទនេះ បញ្ហាព្រំដែនរវាងកម្ពុជា និងថៃ មិនមែនជាបញ្ហាដែល «គ្មានចំណុចចាប់ផ្តើម» ទេ ប៉ុន្តែជាបញ្ហាដែលមានមូលដ្ឋានសម្រាប់ដោះស្រាយរួចហើយ តាមរយៈច្បាប់ សន្ធិសញ្ញា និងយន្តការដែលភាគីទាំងពីរទទួលស្គាល់។
* យន្តការទ្វេភាគី មានរួច និងមានលទ្ធផល
ក្រៅពីការមាន «ចំណុចរួម» ក្នុងគោលនយោបាយ កម្ពុជានិងថៃ ក៏មានយន្តការចរចារួចជាស្រេច ដែលអាចប្រើប្រាស់បានភ្លាមៗ ដូចជា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) គណៈកម្មការព្រំដែនតំបន់ (RBC) និងគណៈកម្មការព្រំដែនទូទៅ (GBC)។ យន្តការទាំងនេះ បានដំណើរការជាង២០ឆ្នាំរួចមកហើយ និងសម្រេចបានវឌ្ឍនភាពជាក់ស្តែងលើសពាក់កណ្តាលនៃការខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរ។ ក្នុងន័យនេះ ការដោះស្រាយបញ្ហាព្រំដែន មិនមែនជាការចាប់ផ្តើមថ្មីទេ ប៉ុន្តែជាការបន្តលើដំណើរការដែលមានស្រាប់ និងមានលទ្ធផលជាក់ស្តែងរួចហើយ។
សម្តេចបវរធិបតីបានបញ្ជាក់ត្រង់ចំណុចនេះថា៖ «កម្ពុជាគ្មានចង់រំលោភដែនអធិបតេយ្យភាពរបស់អ្នកណាទេ តែកម្ពុជាក៏មិនឱ្យអ្នកណារំ លោភលើដែនអធិបតេយ្យភាពរបស់ខ្លួន។ យើងត្រូវប្រើយន្តការនេះវាស់វែងឱ្យដឹងច្បាស់…របស់អ្នកណា…របស់អ្នកហ្នុងទូទាត់គ្នាទៅ គិតគូរគ្នាទៅ រកវិធីដោះស្រាយគ្នា ផ្អែកទៅលើ មូលដ្ឋានកិច្ចព្រមព្រៀងសន្ធិសញ្ញា អនុសញ្ញា ផែនទីដែលមានស្រាប់ បន្សល់ទុកពីសម័យ អាណានិគម…ដោះស្រាយអាហ្នឹងទៅ»។
ប្រសាសន៍នេះបង្ហាញពីចំណុចស្នូលមួយគឺ ការដោះស្រាយបញ្ហាព្រំដែន ត្រូវផ្អែកលើ «ការវាស់វែង និងបច្ចេកទេស» មិនមែនលើអារម្មណ៍ ឬការប្រើកម្លាំងនយោបាយឡើយ។
* ផ្អែកលើច្បាប់ មិនមែនកម្លាំង
នៅពេលដែលពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិជាច្រើន ចាប់ពីសង្គ្រាមតំបន់ រហូតដល់ភាពខ្សោយនៃយន្តការអន្តរជាតិ ប្រទេសតូចៗ មិនអាចពឹងពាក់លើប្រព័ន្ធសកលតែមួយ ដើម្បីការពារប្រយោជន៍ជាតិរបស់ខ្លួនបានទាំងស្រុងទេ។ ក្នុងបរិបទនេះ ការជ្រើសដោះស្រាយបញ្ហាដោយខ្លួនឯង តាមយន្តការដែលអាចគ្រប់គ្រងបាន ដូចជា យន្តការទ្វេភាគី បានក្លាយជាជម្រើសដែលមានភាពជាក់ស្តែង និងមានហានិភ័យទាបជាងការចូលទៅក្នុងជម្លោះធំៗ ឬការពឹងផ្អែកលើយន្តការអន្តរជាតិ ដែលអាចយឺត និងមិនប្រាកដលទ្ធផល។ សម្រាប់កម្ពុជា គោលការណ៍ស្នូលក្នុងការដោះស្រាយបញ្ហាព្រំដែន គឺការផ្អែកលើច្បាប់ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ជាជំនួសការប្រើកម្លាំង។ វាជាអភិក្រមដែលស្របតាមគោលការណ៍សកលនៃការគោរពអធិបតេយ្យភាព និងការដោះស្រាយជម្លោះដោយសន្តិវិធី ដែលសហគមន៍អន្តរជាតិគាំទ្រ។
ក្នុងន័យនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងច្បាស់ថា៖ «ខ្ញុំសង្ឃឹមថា រាជរដ្ឋាភិបាលថៃ នឹងរៀបចំក្បាលម៉ាស៊ីន JBC និងចាត់តាំងអនុវត្តឱ្យស្របតាមស្មារតី នៃកិច្ចព្រមព្រៀងទ្វេភាគី ថ្ងៃទី២៧ ខែធ្នូ ស្របតាមយន្តការដែលមានស្រាប់ គឺ JBC ដើម្បីដោះស្រាយ។ ហើយនេះជាអភិក្រមដែលយើងប្រកាន់យកនូវជម្រើសទ្វេភាគី ទាល់តែដោះអស់ ទាល់តែបុកថ្មលែងទៅមុខហើយ បានយើងរកវិធីសាស្ត្រថ្មី បើនៅតែ ១ភាគរយ ក៏យើងនៅតែរុលទៅមុខ ហើយព្យាយាមពង្រីកឱ្យទៅជា១០០% ដើម្បីសម្រេចការដោះស្រាយ»។
ប្រសាសន៍របស់សម្តេចបវរធិបតីនេះ បង្ហាញនូវចំណុចសំខាន់ចំនួនពីរគឺ ទី១. ការដោះស្រាយបញ្ហា ត្រូវធ្វើតាមដំណើរការច្បាប់ និងយន្តការដែលមានស្រាប់ មិនមែនដោយសម្ពាធ ឬការប្រើកម្លាំង និងទី២. កម្ពុជា មានការប្តេជ្ញាចិត្តប្រើប្រាស់ការទូត និងច្បាប់ «រហូតដល់អស់លទ្ធភាព» មុនពេលគិតពីជម្រើសផ្សេង
សេចក្តីសន្និដ្ឋាន៖ នៅចុងក្រោយ ការដាក់អាទិភាពលើការទូតទ្វេភាគីរបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ មិនមែនជាជម្រើសងាយស្រួល ឬជាជម្រើសល្អឥតខ្ចោះទេ ប៉ុន្តែជាជម្រើសដែលមានមូលដ្ឋានយុទ្ធសាស្ត្រច្បាស់លាស់។ វាផ្អែកលើបទពិសោធន៍សង្គ្រាមដែលបង្ហាញពីការបាត់បង់ធ្ងន់ធ្ងរ, ការមាន «ចំណុចរួម» ជាមួយភាគីថៃ, ការមានយន្តការដែលបានដំណើរការរួចមកហើយ និងការប្តេជ្ញាចិត្តប្រើច្បាប់ជាមូលដ្ឋានក្នុងការដោះស្រាយបញ្ហា។
ជម្រើសនេះក៏បង្ហាញពីទស្សនវិស័យមួយច្បាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺការការពារអធិបតេយ្យភាពជាតិ ដែលមិនត្រឹមតែតាមផ្លូវយោធាទេ ប៉ុន្តែតាមផ្លូវការទូត និងច្បាប់ ដែលអាចធានាបាននូវសន្តិភាពយូរអង្វែង និងការទទួលយកពីសហគមន៍អន្តរជាតិ។ នៅក្នុងពិភពលោកដែលពោរពេញដោយភាពមិនប្រាកដប្រជា និងជម្លោះកាន់តែស្មុគស្មាញ ការអត់ធ្មត់ ការចរចា និងការគោរពច្បាប់ អាចមើលទៅយឺត ប៉ុន្តែវាជាមូលដ្ឋានតែមួយសម្រាប់ដំណោះស្រាយដែលមានស្ថិរភាព និងអាចរក្សាបានក្នុងរយៈពេលវែង។
ដូច្នេះការជ្រើសយន្តការទ្វេភាគីរបស់កម្ពុជា មិនមែនជាការចុះចាញ់ទេ ប៉ុន្តែជាការជ្រើសផ្លូវដែលមានហេតុផល ដើម្បីបញ្ចប់ជម្លោះដោយមិនបោះបង់ជីវិតប្រជាជន និងអនាគតប្រទេស៕


















