លោកអ្នកឧកញ៉ា លី ហួរ ផ្ញើសារលិខិតគោរពជូនពរ ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី

11-04-2026 18:33

(ភ្នំពេញ)៖ លោកអ្នកឧកញ៉ា លី ហួរ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាទាំងអស់ សូមផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្តី្រ និងលោកជំទាវ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩។

សារលិខិតរបស់លោកអ្នកឧកញ៉ា លី ហួរ មានខ្លឹមសារដូច្នេះថា៖ « ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់! ក្នុងឱកាសដ៏វិសេសវិសាល ប្រពៃថ្លៃថ្លា នៃព្រះរាជពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦ ខ្ញុំបាទ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាទាំងអស់ សូមសម្ដែងនូវសេចក្ដីអំណរសាទរ សោមនស្សរីករាយ គោរពជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និង លោកជំទាវ សូមឲ្យមានសុខ ភាពល្អ កម្លាំងមាំមួន បញ្ញាញាណឈ្លាសវៃ អាយុយឺនយូរ ជៀសផុតពីរោគព្យាធិ ដើម្បីចូលរួមដឹកនាំកម្ពុជា ប្រកបដោយ សុខសន្តិភាព វិបុលភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ។ យើងខ្ញុំទាំងអស់គ្នាសូមសម្ដែងនូវការកោតសរសើរដ៏ស្មោះ ចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្តី្រ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជា និងរួមចំណែកជាមួយរាជ រដ្ឋាភិបាលធ្វើឱ្យយើងខ្ញុំដែលជាអ្នកអភិវឌ្ឍន៍វិស័យសំណង់មានជំនឿជឿជាក់ ក្នុងការធ្វើឱ្យសេដ្ឋកិច្ចជាតិរីក ចម្រើន។

ជាថ្មីនៃឱកាសដ៏នក្ខត្តឫក្សនេះ ខ្ញុំបាទ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា ទាំងអស់ សូមគោរពជូនពរ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និង លោកជំទាវ ព្រមទាំង បុត្រា-បុត្រី សូម ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។⁩