សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី
11-04-2026 18:43
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានផ្ញើសារលិខិតជូនពរ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦។
សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារទាំងស្រុងដូចតទៅ៖ « ក្នុងឱកាសអភិមង្គលដ៏មហាបវរនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ដែលនឹងឈានចូលមកដល់នៅថ្ងៃអង្គារ ១២រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស.២០២៦ វេលាម៉ោង ១០:៤៨នាទីព្រឹកនេះ ក្នុងនាមព្រឹទ្ធសភានៃព្រះរាជា ណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការអបអរសាទរប្រកបដោយសោមនស្សរីករាយ និង ភាពកក់ក្តៅ ព្រមទាំងសព្ទសាធុការពរគ្រប់ប្រការជូនចំពោះសម្តេចក្រឡាហោម។
សម្តេចក្រឡាហោម ជាអ្នកដឹកនាំប្រកបដោយស័ក្តិសិទ្ធភាព និងឥស្សរជនស្នេហាជាតិ ស្នេហាប្រជាជន ដ៏ស្មោះស្ម័គ្រដែលនាពេលកន្លងមក តែងខិតខំប្រឹងប្រែង តស៊ូព្យាយាមអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងបុព្វហេតុបម្រើជាតិមាតុភូមិកម្ពុជា និងបានរួមចំណែកអនុវត្តគោលនយោបាយឈ្នះ-ឈ្នះ នាំមកនូវការ បង្រួបបង្រួមជាតិ ឯកភាពទឹកដី សន្តិភាព សុវត្ថិភាពជូនប្រជាជន។ ការដឹកនាំរបស់សម្តេចក្រឡាហោម ជាពិសេសក្នុងវិស័យសន្តិសុខជាតិ កំណែទម្រង់រដ្ឋបាលសាធារណៈ បានចូលរួមកសាងសមិទ្ធផលសង្គមជាច្រើន ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព វឌ្ឍនភាព និងការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ។
សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី សូមព្រះមេត្តាយាងបីបាច់ថែរក្សាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំងសាច់ញាតិក្រុមគ្រួសារ និងសូមសម ប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ»៕





