សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេច ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី
11-04-2026 18:46
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦។
សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារទាំងស្រុងដូចតទៅ៖ « ក្នុងឱកាសអភិមង្គលដ៏មហាបវរនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ដែលនឹងឈានចូលមកដល់នៅថ្ងៃអង្គារ ១២រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស.២០២៦ វេលាម៉ោង ១០:៤៨នាទីព្រឹកនេះ ក្នុងនាមព្រឹទ្ធសភានៃព្រះរាជា ណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការអបអរសាទរប្រកបដោយសោមនស្សរីករាយ និងភាពកក់ក្តៅ ព្រមទាំងសព្ទសាធុការពរគ្រប់ប្រការជូនចំពោះសម្តេចកិត្តិសង្គហបណ្ឌិត។
សម្តេចកិត្តិសង្គហបណ្ឌិត ជាថ្នាក់ដឹកនាំស្ត្រីមួយរូបពោរពេញទៅដោយគុណធម៌ និងគំរូវីរភាពដ៏ប្រពៃ ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការរួមចំណែកដ៏ធំធេងក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ និងប្រជាជន ពិសេសតែងតែខិតខំប្រឹងប្រែងលើកស្ទួយសិទ្ធិនារី ការពារអត្តសញ្ញាណ ប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ជាតិដ៏ល្អផូរផង់ ក្នុងទិសដៅបម្រើឧត្តមប្រយោជន៍ជាតិ និងសុខុមាលភាពប្រជាជន។
ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ជាពិសេសទេវតា ឆ្នាំថ្មីព្រះនាម រាក្យសាទេវី សូមព្រះមេត្តាយាងបីបាច់ថែរក្សាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្តេចកិត្តិសង្គហបណ្ឌិត និងសាច់ញាតិក្រុមគ្រួសារ និងសូមសម ប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ»៕





