សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី

11-04-2026 18:51

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានផ្ញើសារលិខិតជូនពរ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦។

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារទាំងស្រុងដូចតទៅ៖ « ក្នុងឱកាសអភិមង្គលដ៏មហាបវរនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ដែលនឹងឈានចូលមកដល់នៅថ្ងៃអង្គារ ១២រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស.២០២៦ វេលាម៉ោង ១០:៤៨នាទីព្រឹកនេះ ក្នុងនាមព្រឹទ្ធសភានៃព្រះរាជា ណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការអបអរសាទរប្រកបដោយសោមនស្សរីករាយ និង ភាពកក់ក្តៅ ព្រមទាំងសព្ទសាធុការពរគ្រប់ប្រការជូនចំពោះសម្តេចឥស្សរវិទេសបញ្ញា។

សម្តេចឥស្សរវិទេសបញ្ញា ជាឥស្សរជនស្នេហាជាតិ ស្នេហាប្រជាជនដ៏ស្មោះស្ម័គ្រដែលបានបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជាស្ទើរពេញមួយជីវិត។ សម្តេចឥស្សរវិទេសបញ្ញា បានចូលរួមអនុវត្តគោលនយោបាយ ឈ្នះ-ឈ្នះ របស់ខ្ញុំ ព្រមទាំងចក្ខុវិស័យ និងយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាល នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដី សន្តិភាព សន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ។

ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ជាពិសេសទេវតា ឆ្នាំថ្មីព្រះនាម រាក្យសាទេវី សូមព្រះមេត្តាយាងបីបាច់ថែរក្សាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្តេចឥស្សរវិទេសបញ្ញា និងលោកជំទាវ ព្រមទាំងសាច់ញាតិក្រុម គ្រួសារ និងសូមសមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបី ឃ្លៀងឃ្លាតឡើយ»៕