អគ្គីភ័យឆេះឃ្លាំងស្ដុកសម្ភារនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ សមត្ថកិច្ចប្រើប្រាស់ទឹកអស់៦៦ឡានទើបពន្លត់ទាំងស្រុង

11-04-2026 19:48

(ភ្នំពេញ)៖ នៅវេលាម៉ោង៤៖០៦នាទីល្ងាច ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ មានករណីអគ្គីភ័យមួយកន្លែងកើតឡើងនៅចំណុច ឃ្លាំងស្តុកសម្ភារ ផ្លូវ៧២P ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ម្ចាស់ទីតាំងឈ្មោះ ទ្រី សុខលី អាយុ៤២ឆ្នាំ មុខរបរអាជីវករ។ ប្រភេទសំណង់ថ្មប្រក់ស័ង្កសី ទំហំ១០០ម៉ែត្រ គុណ៣០ម៉ែត្រ។ ខូចខាតសម្ភារឆេះឃ្លាំងថ្មប្រក់ស័ង្កសី, រថយន្តចំនួន១, ម៉ូតូចំនួន១គ្រឿង រួមទាំងសម្ភារអស់ទាំងស្រុង និងឆេះរោលជញ្ជាំងផ្ទះថ្មចំនួន២ខ្នង។

សមត្ថកិច្ចបានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការជួយសង្គ្រោះ បានប្រើប្រាស់ទឹកអស់ចំនួន៦៦ឡាន ក្នុងនោះរថយន្តការិយាល័យអគ្គិភ័យ ប្រេីប្រាស់ទឹកអស់ចំនួន៦៣ឡាន, រថយន្តអគ្គិភ័យកងពលតូចលេខ៧០ ប្រើប្រាស់ទឹកអស់ចំនួន២ឡាន និងរថយន្តអគ្គិភ័យស្រាបៀរកម្ពុជា ប្រើប្រាស់ទឹកអស់ចំនួន១ឡាន។

ដោយឡែក សម្រាប់មូលហេតុវិញ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវបន្ដទៀត៕