សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់សហការីនាំយកទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងបច្ច័យ ថ្វាយ និងប្រគេនសម្តេចព្រះសង្ឃនាយក នៅវត្តមុនីសុវណ្ណ (ហៅចំពុះក្អែក)

11-04-2026 20:57

(ភ្នំពេញ)៖ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ និងយោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងសហការី បាននាំយកទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងបច្ច័យ ដែលជាសទ្ធាជ្រះថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្វាយចំពោះ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹម ហេង សម្តេចព្រះសង្ឃនាយកគណមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះចៅអធិការវត្តមុនីសុវណ្ណ ហៅ (ចំពុះក្អែក) ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បន្ទាប់ពីបានបង្សុកូលដើម្បីឧទ្ទិសកុសលផលបុណ្យជូនបុព្វការីជន មាតាបិតា និងញាតិកាទាំង៧សន្តានដែលបានចែកឋានទៅកាន់បរលោក រួចមក សម្តេចព្រះចៅអធិការវត្ត ព្រះសង្ឃគ្រប់ព្រះអង្គ រួមនឹងគណៈកម្មការអាចារ្យវត្ត ក៏បានប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ ជូនដល់ថ្នាក់ដឹកនាំនៃកាកបាទក្រហមកម្ពុជាទាំងអស់ ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សម្រាប់គ្រឿងឧបភោគបរិភោគ និងបច្ច័យដែលបាននាំមកថ្វាយ និងប្រគេននាឱកាសនោះ រួមមាន៖ អង្ករ ៥តោន, មី ៥០កេស, ត្រីខ ៥កេស, ស្ករស ២៥គីឡូក្រាម, ភេសជ្ជៈវីកូឡា ២០កេស, ទឹកបរិសុទ្ធឱរ៉ាល់ ២០កេស, ទឹកដោះគោខាប់ ២កេស, កាហ្វេហ្គោលរ៉ូស ១០កញ្ចប់, តែ ២គីឡូក្រាម, ទឹកត្រី ២០យួរ, ទឹកស៊ីអ៊ីវ ២០យួរ, ត្រីងៀត ១២គីឡូក្រាម, សាច់ក្រក ១២គីឡូក្រាម, ផ្លែឈើស្រស់ ១កន្ត្រក និងបច្ច័យចំនួន ៤០លានរៀល។ ក្នុងនោះ ក៏បានប្រគេនដល់សម្តេចព្រះចៅអធិការវត្តចំនួន ២លានរៀល, ប្រគេនព្រះសង្ឃអម ៤អង្គ ក្នុងមួយអង្គៗ ១លានរៀល, ជូនលោកអាចារ្យ ៣នាក់ ក្នុងម្នាក់ៗ ២០ម៉ឺនរៀល និងជូនសីលវន្ត សីលវតី ៥នាក់ ក្នុងម្នាក់ៗ ៥ម៉ឺនរៀលផងដែរ៕