ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី និមន្តសម្ពោធក្លោងទ្វារអភិមង្គល និងវិថីចុណ្ណមហាលាភ នៃវត្តក្រឡាញ់ចាស់
11-04-2026 21:03
(កំពង់ឆ្នាំង)៖ សមិទ្ធផលថ្មីនៃវត្តសម្ដេចនន្ទង៉ែត សែនជ័យសត្ថារាម ហៅវត្តក្រឡាញ់ចាស់ គឺ «ខ្លោងទ្វារអភិមង្គល» ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក ស៊ឹម វណ្ណៈ និងលោកស្រី សៅ សារៀម ត្រូវបានធ្វើពិធីសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី ព្រះសមុហ៍គណខេត្តកំពង់ឆ្នាំង និងជាព្រះចៅអធិការវត្តចន្ទប្បជោតនារាម (វត្តតាសុត)។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកស្រីសទ្ធាភិរ័ក្ខសិរីវឌ្ឍនា ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, លោកស្រីចរណាភិរ័ក្ខសិរីសិទ្ធា ទិត មាលា ញាណ ឡេង, លោកស្រីសីលសទ្ធាភិរ័ក្ខសិរីទេពី ឡាយ ម៉ាលី ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការខេត្ត-ស្រុក និងអាជ្ញាធរមូលដ្ឋានយ៉ាងច្រើនកុះករ។
ព្រះសិរីមង្គលមុនី ម៉ុច សៅលី ព្រះចៅអធិការវត្តសម្ដេចនន្ទង៉ែត សែនជ័យសត្ថារាម ហៅវត្តក្រឡាញ់ចាស់ បានមានសង្ឃដីកាបញ្ជាក់ថា កាលពីដើមឡើយ វត្តក្រឡាញ់ចាស់ ពុំទាន់មានព្រះវិហារ និងសំណង់អគារសមរម្យសម្រាប់ពុទ្ធបរិស័ទគោរពប្រតិបត្តិឡើយ។ ប៉ុន្តែក្រោមការដឹកនាំរបស់ព្រះចៅអធិការជាបន្តបន្ទាប់ រួមនឹងសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទដែលបានបរិច្ចាគធនធាន សមិទ្ធផលថ្មីៗត្រូវបានកសាងឡើងជាហូរហែ។
ជាក់ស្តែង ខ្លោងទ្វារអភិមង្គល ដែលសម្ពោធនាពេលនេះ គឺជាសទ្ធារបស់លោក ស៊ឹម វណ្ណៈ និងលោកស្រី ព្រមទាំងបុត្រាបុត្រី ដែលបានចំណាយថវិកាជិត ៤ម៉ឺនដុល្លារ។ ខ្លោងទ្វារនេះបានចាប់ផ្ដើមកសាងកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ និងបានបញ្ចប់ជាស្ថាពរនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥។
ក្នុងឱកាសនោះដែរ ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសទ្ធាដ៏បរិសុទ្ធរបស់លោក ស៊ឹម វណ្ណៈ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ដែលបានលះបង់ធនធានដ៏មានតម្លៃក្នុងការកសាងសមិទ្ធផលក្នុងវិស័យព្រះពុទ្ធសាសនា។
ព្រះអង្គបានបញ្ជាក់បន្ថែមថា ព្រះរាជាណាចក្រកម្ពុជាបានផ្លាស់ប្តូរមុខមាត់យ៉ាងខ្លាំងដែលស្ទើរមិនគួរឱ្យជឿ គឺចេញពីទឹកដីដែលនៅសល់តែគំនរផេះផង់ និងស្លាកស្នាមសង្រ្គាម ក្លាយមកជាប្រទេសដែលកំពុងអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។ ការរីកចម្រើនទាំងនេះ គឺអាស្រ័យដោយការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន និងបន្តមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានរក្សានូវសុខសន្តិភាព និងស្ថេរភាពជាតិយ៉ាងរឹងមាំ៕




























