មន្ត្រីក្រសួងបរិស្ថាន បន្តចុះបង្ក្រាបបទល្មើសបំផ្លាញធនធានធម្មជាតិ នៅតំបន់ការពារធម្មជាតិ ក្នុងខេត្តព្រះវិហារ និងដកហូតឈើមួយចំនួនធំ

12-04-2026 10:55

(ព្រះវិហារ)៖ មន្រ្តីជំនាញក្រសួងបរិស្ថាន សហការជាមួយមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ប្រជាពលរដ្ឋ និងប្រជាសហគមន៍តំបន់ការពារធម្មជាតិ បានបន្តចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅដែនជម្រកសត្វព្រៃព្រះរការ-ឆែប ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។

ជាក់ស្តែងនាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្ស បានបន្តសហការជាមួយសហគមន៍ជនជាតិដើមភាគតិចកួយ ចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅចំណុចជាងជ្រូក ស្ថិតក្នុងភូមិពោធិ៍ទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ រកឃើញគល់ឈើ ដែលជនសង្ស័យលួចកាត់ ដោយបានប្រមូល និងដកហូតឈើចំនួន ៣.២៧៩ (បីម៉ែត្រត្រីគុណ ពីររយចិតសិបប្រាំបួន) និងបានដឹកយកមករក្សាទុកនៅស្នាក់ការ៣៩១ ដើម្បីបន្តនីតិវិធី។

សូមបញ្ជាក់ថា បច្ចុប្បន្ន កម្លាំងមន្ត្រីឧទ្យានុរក្ស និងក្រុមការងារជំនាញក្រសួងបរិស្ថានកំពុងបន្តប្រតិបត្តិការចុះបង្រ្កាប និងស្រាវជ្រាវបទល្មើសធនធានធម្មជាតិនៅដែនជម្រកសត្វព្រៃព្រះរការ-ឆែប។

នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ក្រោយមានសេចក្តីរាយការណ៍ស្តីពីបទល្មើសព្រៃឈើក្នុងជម្រកសត្វព្រៃព្រះរការ-ឆែប សមត្ថកិច្ចក្រសួងបរិស្ថាន បានចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ដែលបានលួចកាប់ និងដឹកជញ្ជូនឈើដោយខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ។

មន្រ្តីនគរបាលយុត្តិធម៌ក្រសួងបរិស្ថាន បានកសាងសំណុំរឿង និងបានបញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្តព្រះវិហារ។ បន្ទាប់មកតុលាការបានសម្រេចឃុំខ្លួនដាក់ពន្ធធនាគារ។ ក្នុងពេលជាមួយគ្នានេះសមត្ថកិច្ចបានអនុវត្តវិធានការច្បាប់ ដកហូតគោយន្តចំនួន២គ្រឿង រណាយន្តចំនួន០១គ្រឿង និងឈើចំនួន០.៦៥០ម៉ែត្រត្រីគុណ យកមករក្សាទុកនៅស្នាក់ការអូរកក់ ក្នុងដែនជម្រកសត្វព្រៃព្រះរការ-ឆែប។

ក្រសួងបរិស្ថានបាននឹងកំពុងបន្តពង្រឹងការល្បាត សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ និងចាត់វិធានការច្បាប់តឹងរ៉ឹង ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ សត្វព្រៃ និងការទន្ទ្រានដីខុសច្បាប់៕