កាដូឆ្នាំថ្មី! ផ្សារវិថីអាហារខេត្តកំពត មានទីតាំងនៅផ្សារក្រណាត់ចាស់ ក្នុងក្រុងកំពត ជាសមិទ្ធផលថ្មី ត្រូវបើកសម្ពោធដាក់ឱ្យដំណើរការហើយ

12-04-2026 11:59

(កំពត)៖ ផ្សារវិថីអាហារខេត្តកំពត ជាសមិទ្ធផលថ្មីស្រឡាងមួយទៀត ត្រូវបានបើកសម្ពោធដាក់ឱ្យដំណើរហើយ នាល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ នៅទីតាំងផ្សារក្រណាត់ចាស់ ស្ថិតក្នុងភូមិ១ឧសភា សង្កាត់កំពុងកណ្ដាល ក្រុងកំពត។

បើតាមលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានបញ្ជាក់ថា វិថីអាហារខេត្តកំពត ជាកាដូឆ្នាំថ្មីដ៏ធំមួយ សម្រាប់ប្រជាពលរដ្ឋខេត្តកំពតទាំងមូល ដោយសារតែគោលបំណងនៃគំនិតផ្តួចផ្តើមបង្កើតផ្សារនេះ ឆ្លើយតបទៅនឹងចក្ខុវិស័យ និងគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ទាំងលើការជំរុញវិស័យទេសចរណ៍ ទីផ្សារការងារ កសិផល និងផលិតផលក្នុងស្រុក ពិសេសបង្ហាញពីវប្បធម៌ប្រពៃណី និងរបៀបរបបរស់នៅ និងការហូបចុករបស់ពលរដ្ឋកម្ពុជា ដែលមានតាំងពីបុរាណមក។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បាននបន្តថា វិថីអាហារក្រោមគំនិតផ្តួចផ្តើម និងរៀបចំរបស់លោកបណ្ឌិត ម៉ៅ ធនិន មិនត្រឹមតែគាស់កកាយនូវមុខម្ហូប នំចំណីខ្មែរប៉ុណ្ណោះទេ តែវាបានរំលេចនូវដួងព្រលឹងជាតិ តាមរយៈរចនាប័ទ្មអគារ របៀបរបបស្លៀកពាក់តាមប្រពៃណី របស់ក្រុមអាជីវករ និងឥរិយាបថក្នុងការសម្តែងបដិសណ្ឋារកិច្ចភ្ញៀវជាដើម។ វិថីអាហារនេះជួយលើកស្ទួយដល់សោភ័ណភាពក្រុង និងស្ថាបត្យកម្មបុរាណខ្មែរ ឱ្យអណ្តែតឡើង នៅចំកណ្តាលនៃសំណង់អគារដែលបន្សល់ទុកពីសម័យបារាំងរាប់រយខ្នង ក្នុងរយៈពេលរាប់សិបឆ្នាំមកហើយ។

នាឱកាសនោះ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានអំពាវនាដល់បងប្អូនអាជីវករសូមឲ្យបន្តអនុវត្តតាមការណែនាំផ្សេងៗរបស់អាជ្ញាធរ ពិសេសការយកចិត្តទុកដាក់ក្នុងការធ្វើម្ហូបអាហារ នំចំណីឱ្យបានឆ្ងាញ់ដាច់គេ ដើម្បីឱ្យវិថីអាហារខេត្តកំពត មានកិត្តិស័ព្ទល្បីសុះសាយ ទាំងផ្នែកគុណភាព ឱជារស តម្លៃ ស្តង់ដាអនាម័យ បរិស្ថាន និងការបដិសណ្ឋាកិច្ចភ្ញៀវជាដើម ព្រោះគ្រប់យ៉ាងអាចដំណើរការល្អទៅបាន ដោយសារមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន៕