រដ្ឋបាលស្រុកមេសាង ចុះអនុវត្តតាមចរាចរណ៍ណែនាំរបស់រដ្ឋបាលខេត្តក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈផ្សារពោធិ៍កន្លែង
12-04-2026 12:06
(ព្រៃវែង)៖ រដ្ឋបាលស្រុកមេសាង ដឹកនាំដោយលោក ឈឿង សារ៉ាន់ អភិបាលរងស្រុកមេសាង ទទួលបន្ទុកការរៀបចំសណ្ដាប់ធ្នាប់សាធារណៈផ្សារពោធិ៍កន្លែង រួមជាមួយអាជ្ញាធរពាក់ពន្ធ័ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ បានចុះអនុវត្តតាមចរាចរណែនាំរបស់រដ្ឋបាលខេត្តក្នុងការរៀបចំសណ្តាប់ធ្នាប់ សាធារណៈនៅក្នុងផ្សារពោធិ៍កន្លែង ដែលស្ថិតនៅក្នុងភូមិវាំង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង ដើម្បីឱ្យមានរបៀបរៀបរយ ដល់អាជីវករលក់ដូរនៅក្នុងផ្សារមួយនេះ ប្រកបដោយអនាម័យសោភ័ណភាព។
ក្នុងឱកាសនោះ លោក ឈឿង សារ៉ាន់ បានឱ្យដឹងថា ការចុះអនុវត្តរុះរើតូបមួយកន្លែងដែលមានម្ចាស់តូបឈ្មោះ ឡុញ រ៉ន ដែលគាត់បានលក់នៅទីតាំងមួយនេះ គឺមិនមានឈ្មោះនៅក្នុងសារាចរណ៍ណែនាំរបស់ រដ្ឋបាលខេត្ត ដែលបានកំណត់ឱ្យត្រឹមតែ ៦តូបនោះទេ។ អាជ្ញាធរក៏បានជូនដំណឹងទៅឱ្យគាត់ជាច្រើនលើកជាច្រើនសាររួចមកហើយដែរ តែគាត់មិនបានអនុវត្តតាមការណែនាំរបស់រដ្ឋបាលស្រុកដែលបានជូនដំណឹងឱ្យគាត់ក្នុងការរុះរើចេញពីកន្លែងនេះទៅលក់នៅទីតាំងផ្សេងនោះទេ។
លោក អភិបាលរងស្រុក បានបន្ថែមថា រដ្ឋបាលស្រុក គឺមិនចង់អនុវត្តតាមបែបនេះនោះទេ ព្រោះថា ការធ្វើបែបនេះមើលមកហាក់បីដូចជាមិនល្អសម្រាប់គាត់ ក៏ប៉ុន្តែបើគាត់មិនអនុវត្តតាមការណែនាំ និងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលស្រុកនោះទេ ដូច្នេះរដ្ឋបាលស្រុកមានតែអនុវត្តទៅតាមចរាចរណ៍ និងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តដែលបានប្រជុំនិងអនុម័តជាច្រើនលើកជាច្រើនសារនោះតែម្តង។
ដើម្បីធ្វើយ៉ាងណាធានាដល់របៀបរៀបរយ សណ្តាប់ធ្នាប់សាធារណៈ សម្រាប់ផ្សារពោធិ៍កន្លែងនេះជូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករលក់ដូ និងប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានចូលទៅទិញសម្ភារផ្សេងៗនៅក្នុងផ្សារនេះមានសុវត្ថិភាព និងងាយស្រួលក្នុងការធ្វើដំណើរផងដែរ៕










