យល់ដឹងពីជំនួញ៖ អ្នកជំនាញគោលនយោបាយពាណិជ្ជកម្មថា អ្នករកស៊ីគួរតែកាត់បន្ថយការធ្វើអាជីវកម្មចម្លងតាមគ្នា ដែលនាំឱ្យងាយដួលរលំទាំងអស់គ្នា (Video inside)
12-04-2026 12:19
(ភ្នំពេញ)៖ អ្នកជំនាញគោលនយោបាយពាណិជ្ជកម្ម បានផ្តល់យោបល់ដល់អ្នករកស៊ីនៅកម្ពុជា គួរតែកាត់បន្ថយ ឬឈប់ចម្លងការធ្វើអាជីវកម្មតាមគ្នា ពោលគឺ កុំឃើញអ្នកណាម្នាក់ជោគជ័យ ទៅលើអាជីវកម្មអ្វីមួយ ក៏នាំគ្នាទៅធ្វើអាជីវកម្មនោះដែរ ដែលធ្វើឱ្យដួលរលំទាំងអស់គ្នា។
លោកសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស (វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិ) និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) មានប្រសាសន៍ថា អ្នករកស៊ី ត្រូវរៀនធ្វើអ្វីមួយដែលកើតចេញពីខ្លួនឯង ការស្រាវជ្រាវ ឬច្នៃប្រឌិតដោយខ្លួន ជាជាងឃើញអ្នកដទៃរកស៊ីមុខរបរនោះរីកចម្រើន ក៏ទៅបើកមុខរបរនោះតាមគ្នា។ ជាក់ស្តែង អ្នកខ្លះនៅពេលឃើញអាជីវកម្មធនាគាររីកចម្រើន ឬការសាងសង់ខុនដូរ ទទួលបានផលចំណេញ ក៏នាំគ្នាទៅបើកអាជីវកម្មដូចៗគ្នា។
លោកបញ្ជាក់ថា ការប្រកាន់ភ្ជាប់នូវទម្លាប់ចម្លងគ្នានេះ មិនមែនធ្វើឱ្យរីកចម្រើនទាំងអស់គ្នានោះទេ ប៉ុន្តែចុងក្រោយ គឺដួលរលំទាំងអស់គ្នា។
ទន្ទឹមគ្នានេះ លោកទឹកចិត្តឱ្យម្ចាស់អាជីវកម្ម ឬអ្នកមានធនធានក្នុងស្រុក បង្វែរទិសអាជីវកម្ម ដោយប្តូរពីការនាំចូលពីគេយកមកវេចខ្ចប់ផ្គត់ផ្គង់អ្នកប្រើប្រាស់ ងាកផលិតកែច្នៃដោយខ្លួនឯងនៅក្នុងស្រុកវិញ ដើម្បីជួយដល់សេដ្ឋកិច្ចជាតិ និងធ្វើឱ្យកម្ពុជាមានឯករាជភាពសេដ្ឋកិច្ច និងឯករាជផលិតផលក្នុងស្រុក៕
សូមស្តាប់ការលើកឡើងរបស់បណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា៖













