ព្រះមហាក្សត្រនៃកម្ពុជា ទូលថ្វាយព្រះមហាករុណាទិគុណ ថ្វាយសម្តេចព្រះមហាក្សត្រី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី
12-04-2026 12:28
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្របនៃព្រះរាជាណាចក្រកម្ពុជា បានសូមក្រាបបង្គំ សូមព្រះបរមរាជានុញ្ញាត សម្តែងនូវព្រះមហាករុណាទិគុណដ៏ខ្ពង់ខ្ពស់ ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦។
ព្រះរាជសារនៃព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី មានខ្លឹមសារដូចតទៅ៖ « ទូលព្រះបង្គំជាខ្ញុំ ជាបុត្រ សូមព្រះបរមរាជានុញ្ញាតលំឱនព្រះកាយក្រាបថ្វាយបង្គំ សម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះមេត្តាជ្រាប ដ៏ខ្ពង់ខ្ពស់បំផុត ។
នៅក្នុងព្រះរាជវរោកាសដ៏មហាថ្លៃថ្លានៃព្រះរាជពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ខាងមុខនេះ ទូលព្រះបង្គំជាខ្ញុំ ជាបុត្រ សូមព្រះបរមរាជានុញ្ញាត សម្តែងនូវព្រះមហាករុណាទិគុណដ៏ខ្ពង់ខ្ពស់ ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែមានព្រះរាជហឫទ័យប្រកបដោយសេចក្តីបរិសុទ្ធ សេចក្តី សន្តោស និងសេចក្តីនឹករលឹកជានិច្ចចំពោះសុខទុក្ខប្រជារាស្ត្រជាកូនចៅ ចៅទូតរបស់ព្រះអង្គ នៅទូទាំង ព្រះរាជាណាចក្រកម្ពុជា ។
រយៈពេលថ្មីៗកន្លងមកនេះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានប្រោសព្រះរាជទ្រព្យជារៀងរាល់ឆមាសដល់សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា និងបានប្រោសព្រះរាជទានព្រះរាជទ្រព្យច្រើនអនេក ជាបន្តបន្ទាប់សម្រាប់ ជួយសង្គ្រោះប្រជារាស្ត្រដែលទទួលរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗនៅទូទាំងព្រះរាជាណាចក្រ កម្ពុជា ។ លើសពីនេះទៀត ក្នុងពេលកន្លងមកថ្មីៗនេះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានប្រោសព្រះរាជទានព្រះរាជទ្រព្យទ្រទ្រង់ដល់មន្ទីរពេទ្យនានា អង្គការ សមាគម និងប្រោសព្រះរាជទានព្រះរាជអំណោយដ៏ថ្លៃថ្លាផ្ទាល់ដល់វីរកងទ័ពជួរមុខ ក្រុមគ្រួសារ វីរកងទ័ព និងប្រជារាស្ត្រភៀសសឹក នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ។
ទូលព្រះបង្គំជាខ្ញុំ ជាបុត្រ សូមលើកអញ្ជលីប្រណម្យបួងសួងដល់ព្រះតេជះ គុណបុណ្យព្រះរតន ត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី សូមព្រះមេត្តាអភិបាល រក្សាការពារ និងប្រោះព្រំនូវទឹកអម្រឹតប្រទានព្រះរាជសព្ទសាធុការ ពរបវរមហាប្រសើរ ថ្វាយ សម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្មើនឹង ជីវិតរបស់ទូលព្រះបង្គំជាខ្ញុំ ជាបុត្រ សូមមានព្រះជន្មវស្សាយឺនយូរ ព្រះរាជសុខុមាលភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ជាព្រះរាជបុព្វការី ជាទីពឹងពំនាក់ដ៏សែនកក់ក្តៅ នៃទូលព្រះបង្គំជាខ្ញុំ ជាបុត្រ និងប្រជារាស្ត្រជាទីស្រឡាញ់ទូទាំងព្រះរាជា ណាចក្រកម្ពុជា ។
សូម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះមេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុត និងស្រឡាញ់អស់ពីហឫទ័យ អំពីទូលព្រះបង្គំជាខ្ញុំ ជាបុត្រ»៕





