រដ្ឋបាលស្រុកស្វាយទាប រៀបចំប្រឡងសិស្សពូកែថ្នាក់ស្រុក និងច្រៀងបទចម្រៀងជាតិរំលឹកគុណដល់វីរកងទ័ព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

12-04-2026 13:17

(ស្វាយរៀង)៖ លោក ជា ហ៊ន អភិបាលស្រុកស្វាយទាប រួមជាមួយនឹងមន្ត្រីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញកាត់វិញ្ញាសាប្រឡងសិស្សពូកែថ្នាក់ស្រុក និងច្រៀងបទចម្រៀងជាតិ ដើម្បីរំលឹកគុណដល់វីរកងទ័ពនៅសមរភូមិមុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ថ្លែងនៅក្នុងឱកាសនោះ លោក ជា ហ៊ន បានបញ្ជាក់ថា ថ្ងៃនេះដោយអនុវត្តតាមគោលការណ៍ណែនាំពីលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ហើយដើម្បីអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ គ្រឹស្តសករាជ ២០២៦ រដ្ឋបាលស្រុកស្វាយទាប បានរៀបចំកម្មវិធីប្រឡងសិស្សពូកែ ដែលមានមុខវិជ្ជាពីរ គឺភាសាខ្មែរ និងគណិតវិទ្យា ហើយបេក្ខជនដែលបានចូលរួមប្រឡងមានចំនួនរាប់ពាន់នាក់គ្រប់ភូមិសិក្សាចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ បានចម្រាញ់យកតែ ១២០នាក់ សុទ្ធតែសិស្សពូកែ ដើម្បីចូលរួមប្រលងប្រកួតប្រជែងក្នុងវគ្គផ្ដាច់ព្រ័ត្រ។

លោកបានបន្ថែមថា ក្នុងនាមអាជ្ញាធរ ពិតជាមានមោទនភាពណាស់ ដែលឃើញរូបភាពនៃការប្រឡងសិស្សពូកែបែបនេះ ហើយក៏ចង់ឱ្យមានការប្រឡងសិស្សពូកែជាបន្តបន្ទាប់ទៀតដែរ ជាមួយគ្នានេះ ក៏មិនចង់ឃើញសិស្សដែលមានចរិតមិនល្អ នាំគ្នាបង្ហោះម៉ូតូ ដើរវាយតប់គ្នានោះទេ ហើយសកម្មភាពប្រលងបែបនេះមិនត្រឹមតែអាជ្ញាធរសប្បាយរីករាយទេ ប៉ុន្តែ អាណាព្យាបាលរបស់ក្មួយៗជាសិក្សានុសិស្សក៏មានចិត្តសប្បាយរីករាយដែរ នៅពេលដែលឃើញកូនរបស់ខ្លួន មានឈ្មោះប្រឡងសិស្សពូកែ ដូច្នេះសូមក្មួយៗត្រូវតែបញ្ចេញឱ្យអស់ពីសមត្ថភាពរបស់ខ្លួនដើម្បីយកជ័យលាភីជូនក្រុមគ្រួសារផងដែរ។

លោក ជា ហ៊ន បានបន្តថា ឱកាសនេះដែរ បេក្ខជនប្រឡងរួមជាមួយមន្ត្រីរាជការរដ្ឋបាលសាលាស្រុកក៏បានច្រៀងចម្រៀងជាតិ ដូចជាបទពង្សាវតាខ្មែរ បទដែនដីខ្មែរ ក្នុងការដឹងគុណដល់វីរកងទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខ ដោយសារពួកគាត់មិនបានមកចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ព្រោះពួកគាត់មានកាតព្វកិច្ចការពារបូរណភាពទឹកដី។

បន្ថែមលើសពីនេះ លោក ជា ហ៊ន សូមថ្លែងអំណរគុណដល់សប្បុរសជន ក៏ជាអាណាព្យាបាលសិស្សដែលបានចូលរួមគាំទ្រទាំងថវិកា កម្លាំងចិត្តក្នុងការរៀបចំប្រឡងសិស្សពូកែនៅពេលនេះ។ ហើយក៏សូមថ្លែងអរគុណថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានណែនាំឱ្យរដ្ឋបាលស្រុកអនុវត្តការងារប្រឡងសិស្សពូកែនេះទទួលបានជោគជ័យផងដែរ។

សូមបញ្ជាក់ថា ក្នុងឱកាសនោះលោក ជា ហ៊ន អភិបាលស្រុកស្វាយទាប បានឧបត្ថម្ភដល់សិស្សដែលប្រឡងជាប់និទ្ទេសល្អលេខ១ ទាំងភាសារខ្មែរ និងគណិតវិទ្យាទទួលបានថវិកា ២០ម៉ឺនរៀល ចំណែកសិស្សសរសេរបានល្អ និងរចនាបទល្អទទួលបានថវិកា ២០ម៉ឺនរៀល ព្រមទាំងឧបត្ថម្ភដល់កងកម្លាំង ក្រុមគ្រូពេទ្យ និងជូនបណ្ណសរសើរ ថវិកាមួយចំនួនដល់គណៈកម្មការប្រឡង គណៈគ្រប់គ្រងសាលាដែលដឹកនាំសិស្សមកប្រឡង។ ចំណែកសិស្សដែលមិនទទួលបានជ័យលាភីក៏ទទួលបានថវិកា ៥ម៉ឺនរៀលផងដែរ៕