បណ្ឌិត ប្រាំង ជលសា បង្វែរថវិការៀបចំកម្មវិធីប្រគុំតន្ត្រីកម្សាន្តសប្បាយ ទៅជួយវីរកងទ័ពជួរមុខ និងជនភៀសសឹក ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់យុវជនមូលដ្ឋាន ជិត ១ពាន់នាក់
12-04-2026 15:24
(ពោធិ៍សាត់)៖ ក្នុងឱកាសអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ និងដើម្បីសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះវីរកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដី, លោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង នាថ្ងៃទី១១-១២ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល ជាមួយយុវជន យុវនារី ប្រមាណជិត១ពាន់នាក់ មកពីឃុំកោះជុំ (ស្រុកកណ្តៀង), ឃុំកំពង់លួង និងឃុំអន្សាចំបក់ (ស្រុកក្រគរ)។
នៅតាមទីតាំងទាំង៣ ក៏មានរៀបចំកម្មវិធីចាប់ឆ្នោតផ្សងសំណាង ដើម្បីទទួលរង្វាន់លើកទឹកចិត្ត ជូនដល់ក្មួយៗយុវជនយ៉ាងច្រើនសន្ធឹកសន្ធាប់ រួមមាន៖ ម៉ូតូអគ្គិសនី, កង់អគ្គិសនី និងកង់, ម៉ាស៊ីនកាណូត, កង្ហារ, ឆ្នាំងបាយអគ្គិសនី និងចង្ក្រានហ្គាសជាដើម។
ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត ប្រាំង ជលសា បានឱ្យដឹងថា ជារៀងរាល់ឆ្នាំក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង តែងតែរៀបចំកម្មវិធីបង្កលក្ខណៈសប្បាយរីករាយដល់កូនក្មួយក្នុងស្រុកក្រគរ និងស្រុកកណ្តៀង, តែដោយសារស្ថានភាពជម្លោះព្រំដែន កម្ពុជា-ថៃ ឆ្នាំនេះយើងបានរៀបចំក្នុងលក្ខណៈស្ងប់ស្ងាត់ជាងរាល់ឆ្នាំ។
លោកបណ្ឌិត ប្រាំង ជលសា បានលើកឡើងថា ថវិកាដែលយើងបានត្រៀមសម្រាប់រៀបចំកម្មវិធីសប្បាយ និងការជួបជុំទ្រង់ទ្រាយធំ ត្រូវបានលើកយកមួយផ្នែក ដើម្បីទៅជួយដល់វីរកងទ័ពជួរមុខ គ្រួសារកងទ័ព និងបងប្អូនជនភៀសសឹក ដែលកំពុងត្រូវការជំនួយជាចាំបាច់។
លោកបណ្ឌិតក៏បានពន្យល់អំពីមហិច្ឆតាឈ្លានពានរបស់ប្រទេសថៃ ដែលមានតាំងពីយូរមកហើយ និងបានសង្កត់ធ្ងន់ថា កម្ពុជាឆ្អែតឆ្អន់នឹងសង្គ្រាម បើទោះបីរាជរដ្ឋាភិបាលមានភាពស្ងប់ស្ងាត់ ប៉ុន្តែ មិនស្ងៀមឡើយ ពោលគឺមានយន្តការដោះស្រាយយ៉ាងម៉ឺងម៉ាត់បំផុត ពិសេសលើសមរភូមិការទូត និងច្បាប់អន្តរជាតិ ដាច់ខាតមិនឱ្យបាត់បង់អាយុជីវិតកងទ័ព និងប្រជាពលរដ្ឋស្លូតត្រង់ឡើយ។
លោកបណ្ឌិត ប្រាំង ជលសា បានអំពាវនាវដល់យុវជន យុវនារីទាំងអស់ ត្រូវរួបរួមសាមគ្គីគ្នា ខិតខំសិក្សារៀនសូត្រ និងធ្វើការដើម្បីជាគ្រឹះក្នុងការការពារជាតិ និងអភិវឌ្ឍន៍មាតុប្រទេសរបស់យើងបន្ថែមទៀត។
លោកបណ្ឌិតបានរំលឹកថា «ក្រោមម្លប់សន្តិភាព ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា» ក្រុមការងារចុះមូលដ្ឋាន តែងតែចុះជួយដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋដល់ខ្នងផ្ទះ និងជួយសម្ភារៈសិក្សាដល់កូនចៅពលរដ្ឋ តាំងពីបឋមសិក្សា រហូតបញ្ចប់ថ្នាក់ទុតិយភូមិ និងបន្តទៅឧត្តមសិក្សា ដើម្បីរកការងារធ្វើបានល្អ។ ទាំងនេះមិនទាន់រាប់បញ្ចូល នូវសមិទ្ធផលធំៗដែលក្រុមការងារបានសម្រេចជូនមូលដ្ឋានរួមមាន៖ ការកសាងផ្លូវថ្នល់ សាលារៀន វត្តអារាម និងមន្ទីរពេទ្យ ការដាក់បង្គោលភ្លើងសូឡាតាមទីសាធារណៈ ដើម្បីបំភ្លឺ និងសុវត្ថិភាព និងការទាក់ទាញរោងចក្រ សហគ្រាស មកបណ្តាក់ទុនវិនិយោគក្នុងមូលដ្ឋាន ដើម្បីបង្កើតទីផ្សារការងារជូនកូនចៅប្រជាពលរដ្ឋផ្ទាល់នៅឡើយ។
លោកបណ្ឌិត ប្រាំង ជលសា សូមប្រសិទ្ធពរជ័យសិរីសួស្តី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ជូនដល់បងប្អូនប្រជាពលរដ្ឋ និងយុវជនក្នុងស្រុកក្រគរ និងស្រុកកណ្តៀងទាំងអស់ សូមទទួលបាននូវសេចក្តីសុខ សុភមង្គល និងសុវត្ថិភាពក្នុងការធ្វើដំណើរគ្រប់ទីកន្លែង។
ក្នុងថ្ងៃដដែលនោះ លោកបណ្ឌិត ក៏បានចុះពិនិត្យស្រះទឹកមួយកន្លែងទំហំ ១,៥ហិកតា ក្នុងឃុំកោះជុំ ស្រុកកណ្តៀង ដែលជាសមិទ្ធផលនៃកិច្ចសហការរវាងរដ្ឋបាលឃុំ ស្រុក និងក្រុមការងារចុះមូលដ្ឋាន។ ចំពោះអាចម៌ដីពីស្រះនេះ ត្រូវបានយកទៅចាក់ទីតាំងត្រៀមកសាងមណ្ឌលសុខភាព ហើយស្រះទឹកនេះទៀតសោធ នឹងក្លាយជាកន្លែងស្តុកទឹកប្រើប្រាស់ រក្សាត្រីមេពូជ និងជាទីតាំងទេសចរណ៍ទាក់ទាញ ដើម្បីរកចំណូលជូនពលរដ្ឋក្នុងមូលដ្ឋាន៕





































